-
សមត្ថកិច្ចខេត្តសៀមរាប រារាំងការជួបជុំរបស់យុវជនមិនឲ្យធ្វើពិធីកាន់ទុក្ខបាត់ដីកម្ពុជាក្រោម
- Issue Date 06-Jun-2014
សមត្ថកិច្ចខេត្តសៀមរាប រារាំងយុវជនមិនឲ្យធ្វើពិធីកាន់ទុក្ខរំឭកខួបទី៦៥ នៃថ្ងៃដែលបារាំងកាត់ដីកម្ពុជាក្រោមឲ្យទៅវៀតណាមកាន់កាប់នៅមុខបរិវេណប្រាសាទអង្គរវត្តនាព្រឹកថ្ងៃអាទិត្យនេះ។ ក្រុមយុវជនប្រមាណ៥០នាក់ ដែលស្លៀកពាក់ឯកសណ្ឋាន រំលេចឲ្យឃើញពីការបាត់បង់ទឹកដីកម្ពុជាក្រោម រយៈពេល៦៥ឆ្នាំមកហើយ បានទៅប្រមូលផ្ដុំគ្នានៅមុខប្រាសាទអង្គរវត្ត ប៉ុន្តែត្រូវបានកងសន្ដិសុខ ដែលមានឯកសណ្ឋានពណ៌ខ្មៅបំបែកការជួបជុំនោះ។នៅព្រឹកថ្ងៃអាទិត្យទី១ ខែមិថុនា នេះ គេឃើញមានកម្លាំងសន្តិសុខស្លៀកពាក់ឯកសណ្ឋានពណ៌ខ្មៅ និងនគរបាលចរាចរផង បានដាក់ពង្រាយនៅទីតាំងជាច្រើនកន្លែង ដូចជានៅផ្លូវ៦០ម៉ែត្រ នៅរង្វង់មូលជិតប្រាសាទអង្គរវត្ត និងជាពិសេសនៅមុខប្រាសាទអង្គរវត្តតែម្ដង។ក្រុមយុវជនឲ្យដឹងថា កម្លាំងសន្តិសុខបានបំបែកការជួបជុំរបស់ពួកគេ ហើយការពង្រាយកម្លាំងនៅមុខប្រាសាទអង្គរវត្ត និងតាមដងផ្លូវនានា គឺជាចេតនារារាំងពួកគេមិនឲ្យធ្វើការដង្ហែកាន់ទុក្ខថ្ងៃបាត់បង់ដីកម្ពុជាក្រោមខួបទី៦៥ឆ្នាំ។VOD មិនអាចទាក់ទងអាជ្ញាធរខេត្តសៀមរាប ដើម្បីបំភ្លឺករណីរារាំងការជួបជុំរបស់យុវជនមិនឲ្យធ្វើពិធីកាន់ទុក្ខថ្ងៃបាត់បង់ដីកម្ពុជាក្រោមនេះបាននៅឡើយទេ។ទឹកដីកម្ពុជាក្រោម ត្រូវបានអាណានិគមនិយមបារាំងសម្រេចកាត់ឲ្យទៅវៀតណាមកាន់កាប់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិតេយ្យ (VOD) ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤។