-
លោកស្រីមូរ សុខហួរ ត្រូវសន្តិសុខចាប់អូសចេញពីបរិវេណក្បែរទីលានប្រជាធិបតេយ្យ
- Issue Date 11-Jun-2014
ក្រុមសន្តិសុខសាលាខណ្ឌដូនពេញជាង១០នាក់ ចាប់អូសបេក្ខភាពជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាស្ត្រី ចេញពីបរិវេណក្បែរទីលានប្រជាធិបតេយ្យ ខណៈលោកស្រី និងក្រុមស្ត្រីមួយចំនួន ឈរកាន់បដាទាមទារឲ្យបើកទីលានប្រជាធិបតេយ្យឡើងវិញ។សេចក្តីរាយការណ៍ ឲ្យដឹងថា នៅម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃពុធនេះ លោកស្រី មូរ សុខហួរ បេក្ខភាពជាប់ ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងក្រុមចលនាស្ត្រីគាំទ្រគណបក្សនេះប្រមាណ២០នាក់ បាននាំគ្នាប្រមូលផ្តុំលើកបដានៅស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យអាជ្ញាធរបើកទីលានប្រជាធិបតេយ្យ សម្រាប់ឲ្យសាធារណជនអាចសម្តែងមតិបានឡើងវិញ។ខណៈដែលលោកស្រី មូរ សុខហួរ កំពុងលើកបដា ដែលសរសេរថា “ដោះលែងទីលានប្រជាធិបតេយ្យ” នោះក្រុមសន្តិសុខសាលាខណ្ឌដូនពេញ ប្រមាណជាង ១០នាក់ បានចាប់គ្រៀកអូសលោកស្រីចេញពីកន្លែងប្រមូលផ្តុំនោះ ប៉ុន្តែត្រូវបានក្រុមចលនាស្ត្រីគាំទ្រគណបក្សសង្គ្រោះជាតិជួយឃាត់ទាន់ពេល។តែទោះយ៉ាងណា លោកស្រីមូរ សុខហួរ និងក្រុមស្ត្រីទាំងនោះ បាននាំគ្នាយកបូរពណ៌ទឹកក្រូច និងផ្កាឈូកពណ៌ស ទៅចង និងដោតលើបន្លាលួស ដែលអាជ្ញាធរព័ទ្ធបិទទីលានប្រជាធិបតេយ្យនោះ។ បន្ទាប់ពីទៅកាន់ទីលានប្រជាធិបតេយ្យហើយ នៅម៉ោង១០ព្រឹកនេះ លោកស្រី មូរ សុខហួរ ក៏នឹងធ្វើសន្និសីទសារព័ត៌មានមួយ ទាក់ទងនឹងការផ្តល់មូលនិធិដល់អ្នកទាំង២៥នាក់ និងមូលនិធិលោក ជា វិជ្ជានៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចក្រអង្រែលើ រាជធានីភ្នំពេញ៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤។