-
អាជ្ញាធររារាំងពលរដ្ឋដែលមានបញ្ហាដីធ្លី មិនឲ្យទៅក្បួនរថយន្តរបស់នាយករដ្ឋមន្ត្រី
- Issue Date 11-Jun-2014
កងសន្តិសុខ និងកម្លាំងសមត្ថកិច្ចប្រមាណ១០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ រារាំងប្រជាពលរដ្ឋដែលតវ៉ារឿងដីធ្លីនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មិនឲ្យទៅជិតក្បួនរថយន្តរបស់ នាយករដ្ឋមន្ត្រី ខណៈលោក ហ៊ុន សែន ជិះរថយន្តឆ្លងកាត់តំបន់នោះ។នៅវេលាម៉ោងប្រមាណ១១និង៣០នាទីព្រឹកថ្ងៃអង្គារនេះ ក្បួនរថយន្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្វើដំណើរមកពីខេត្តកំពត បានឆ្លងកាត់តាមផ្លូវសហព័ន្ធរុស្ស៊ី ស្របពេលដែលប្រជាពលរដ្ឋចំនួន៥៨គ្រួសារ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ កំពុងតវ៉ាទាមទារប្លង់កម្មសិទ្ធិដីធ្លី។ ប្រជាពលរដ្ឋទាំងនោះ បានព្យាយាមលើកបដា ដើម្បីស្វែងរកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរារាំង មិនឲ្យទៅក្បែរក្បួនរថយន្តនោះឡើយ។ បើទោះជាយ៉ាងណា ការរារាំងនោះពុំមានកើតហិង្សាណាមួយទេ។តំណាងពលរដ្ឋ អ្នកស្រី សែន វលក្ខណ៍ ប្រាប់VODថា ពួកគេតវ៉ានៅថ្ងៃនេះ គឺដើម្បីស្នើឲ្យលោកនាយករដ្ឋមន្ត្រី និងភរិយា លុបចោល សជណ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១១ និងស្នើឲ្យទីស្តីការគណៈរដ្ឋមន្ត្រី ចេញប្លង់កម្មសិទ្ធិដីធ្លីឲ្យពួកគាត់ ប៉ុន្តែត្រូវបានសមត្ថកិច្ចរារាំង។ អ្នកស្រីបន្តថា ពួកគាត់នឹងបន្តការទាមទារនេះ លុះត្រាតែមានដំណោះស្រាយ «ពួកខ្ញុំឈឺចាប់ ពួកខ្ញុំក៏មានកិត្តិយសដែរ ទោះបីក្រក៏យើងស្រលាញ់កិត្តិយស មិនចង់ឈរហាលថ្ងៃស្រែក ខ្មាសគេណាស់អូន ឈឺចាប់ណាស់។ចុងក្រោយខ្ញុំសំនូមពរ មានតែម្រាមដែ១០ សំនូមពរឲ្យសម្តេចហ៊ុន សែន និងលោកជំទាវទេ ដែលជួយប្រជាពលរដ្ឋបាន សូមដក សជណ លេខ៧១៤ ហ្នឹងចេញទៅ អាណិតប្រជាពលរដ្ឋក្រីក្រផង សំនូមពរហើយ សំនូមពរទៀត សម្តេចមេត្តាជួយប្រជាជនផង ហើយជំហប្រជាជន ដាច់ខាតគឺមិនចាកចេញពីភូមិ២នេះដែរ»។តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី លី សៀវមីយ បន្ថែមថា នៅព្រឹកមិញនេះដែរ មន្ត្រី សាលារាជធានីភ្នំពេញ បានចុះមកស្នើឲ្យពួកគាត់បញ្ឈប់ការតវ៉ា និងឲ្យតំណាងពួកគាត់ចំនួន៦នាក់ ទៅជួបចរចានៅសាលារាជធានី។ អ្នកស្រីបន្តថា ពួកគាត់មិនព្រមទៅជួបចរចានៅសាលារាជធានីទេ ព្រោះកន្លងមក ពួកគាត់ធ្លាប់បានជួបជាមួយអាជ្ញាធរហើយ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង មានប្រសាសន៍យ៉ាងខ្លីថា សាលារាជធានីកំពុងចុះទៅដោះស្រាយលើករណីនេះហើយ «ខ្ញុំឃើញគេកំពុងចុះទៅចាត់ចែង សួរនាំគាត់ហើយ ចាំមើលបន្តិតទៀតសិនទៅ»។នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ ធ្លាប់មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ គួរតែចេញប្លង់កម្មសិទ្ធឲ្យប្រជាពលរដ្ឋ បើសិនជាប្រជាពលរដ្ឋរស់នៅតំបន់នោះដោយស្របច្បាប់ និងគួរបើកការស៊ើបអង្គេតឲ្យបានច្បាស់លាស់ «យើងសូមឲ្យសាលារាជធានី ធ្វើការស៊ើបអង្កេត ពីព្រោះថា កាលណាមានការស្រាវជ្រាវច្បាស់លាស់ ហើយប្រជាពលរដ្ឋគាត់ពិតជាមកកាន់កាប់ដោយខុសច្បាប់ មិនស្របតាមច្បាប់ភូមិបាលគឺរដ្ឋមិនមានសិទ្ធិបញ្ចេញប្លង់ កម្មសិទ្ធិឲ្យទេ តែប្រសិនរកឃើញថា គាត់ពិតជារស់នៅស្របច្បាប់ ស្របតាមច្បាប់ភូមិបាល គឺរដ្ឋត្រូវតែមានកាតព្វកិច្ចត្រូវចេញប្លង់ជូនពួកគាត់ ដើម្បីការពារនូវសុវត្ថិភាពពួកគាត់»។ប្រជាពលរដ្ឋទាំង៥៨គ្រួសារមករស់នៅតំបន់នេះតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ហើយក៏ធ្លាប់បានស្នើសុំប្លង់កម្មសិទ្ធដីធ្លីពីសាលារាជធានីភ្នំពេញអស់រយៈពេល៣ឆ្នាំហើយ តែសាលារាជធានីភ្នំពេញថា ដីដែលពួកគាត់កំពុងរស់នៅជាដីរបស់រដ្ឋ។ ពលរដ្ឋទាំងនោះ បានចោទជាសំណួរថា ប្រសិនបើជាដីរបស់រដ្ឋ ហេតុអ្វីបានជាសាលារាជធានី ព្រមប្រគល់ប្លង់ដីកម្មសិទ្ធទៅឲ្យ១០គ្រួសារ ដែលរស់នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិ៣ដូចគ្នា៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤។