-
កម្មកររោងចក្រអូសេអង់ ហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ប៉ុន្តែត្រូវបានអាជ្ញាធរខណ្ឌរារាំង
- Issue Date 12-Jun-2014
កម្មកររោងចក្រកាត់ដេរអូសេអង់ប្រមាណជាង១០០០នាក់ នាំគ្នាហែក្បួនដោយថ្មើរជើងទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ករណីដែលរោងចក្រព្យួរការងារកម្មករដោយមិនជូនដំណឹងជាមុន ប៉ុន្តែត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យរារាំង។សេចក្តីរាយការណ៍ បានឲ្យដឹងថា នៅម៉ោងជិត៩ព្រឹកនេះ កម្មកររោងចក្រអូសេអង់ជាង១០០០នាក់ បាននាំគ្នាហែក្បួនដោយថ្មើរជើងចេញពីរោងចក្រនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកកិច្ចអន្តរាគមន៍។ នៅពេលដែលហែក្បួននោះ ក្រុមសន្តិសុខសាលាខណ្ឌពោធិ៍សែនជ័យ និងសមត្ថកិច្ច ប្រមាណ១០០នាក់ បានព្យាយាមរារាំងការហែក្បួននោះ និងបានឲ្យតំណាងកម្មករចូលជួបរកដំណោះស្រាយនៅសាលាខណ្ឌពោធិ៍សែន។ ការរារាំងនោះ ពុំមានហិង្សាកើតឡើងនោះទេ។លោក ឆេង ឈាន់ តំណាងកម្មកររោងចក្រអូសេអង់ បានឲ្យដឹងថា កន្លងមក ពួកគាត់បានដាក់ញត្តិ និងស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ លើការទាមទារលក្ខខណ្ឌការងារពីរចំណុច ប៉ុន្តែពុំមានដំណោះស្រាយទេ រហូតមកដល់ពេលនេះ ទើបពួកគាត់សម្រេចចិត្តហែក្បួនទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ដើម្បីសុំអន្តរាគមន៍។លក្ខខណ្ឌការងារទាំងពីរចំណុចដែលកម្មកររោងចក្រអូសេអង់ទាមទារនោះ រួមមាន ទី១-ផ្តល់ប្រាក់ឈ្នួល១០០% ក្នុងកំឡុងពេលក្រុមហ៊ុនព្យួរការងាររយ:ពេល១ខែ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ និងទី២- ក្រុមហ៊ុនត្រូវសងលុយដល់កម្មករវិញ ចំពោះកម្មករដែលក្រុមហ៊ុនបើកជូនមិនបានត្រឹមត្រូវ។VOD នៅពុំទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីភាគីរោងចក្រអូសេអង់ និងស្ថាប័នពាក់ព័ន្ធបាននៅឡើយទេ។កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់អូសេអង់ហ្គាមិន (Ocean Garment) ប្រមាណ១៥០០នាក់ បានផ្តើមធ្វើកូដកម្មនៅមុខរោងចក្រ កាលពីថ្ងៃទី២៣ ខែឧសភា បន្ទាប់ភាគីរោងចក្រ ប្រកាសព្យួរការងាររបស់កម្មករ ចាប់ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ដោយមិនបានជូនដំណឹងក្នុងពេលកំណត់ត្រឹមត្រូវតាមច្បាប់ គ្រាន់តែអះអាង គ្មានអ្នកបញ្ជាទិញ និងផ្តល់ប្រាក់១៥ដុល្លារម្នាក់ សម្រាប់រយៈពេលព្យួរការងារនេះ៕ ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤។