-
ស្ត្រីបឹងកក់ម្នាក់រងរបួសពេលរារាំងអាជ្ញាធរសាងសង់ស្នាក់ការកងរាជអាវុធហត្ថ
- Issue Date 30-Jun-2014
ស្ត្រីអ្នកបឹងកក់វ័យជាង៧០ឆ្នាំម្នាក់ រងរបួសបែកក្បាលហូរឈាម នៅរសៀលថ្ងៃសៅរ៍នេះ ខណៈពួកគេចុះរារាំងមិនឲ្យសមត្ថកិច្ច ធ្វើការិយាល័យលើដីជម្លោះលើតំបន់បឹងកក់។នៅរសៀលថ្ងៃទី២៨នេះ មានសមត្ថកិច្ចប្រដាប់ដោយខែលនិងតំបងឆក់ ប្រមាណជា៣០នាក់ បានចុះមកការពារដីមួយកន្លែងសំរាប់សាងសង់ស្នាក់ការកងរាជអាវុធហត្ថ នៅភូមិ២២ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនេះ ធ្វើឲ្យអ្នកភូមិបឹងកក់មួយចំនួនដែលដឹកនាំ ដោយអ្នកស្រី ទេព វន្នី ប្រឆាំងទាស់ដោយស្នើឲ្យផ្អាកការសាងសង់ស្នាក់ការកងរាជអាវុធហត្ថលើដីមានទំនាស់ដែលមិនទាន់ដោះស្រាយ។ អំឡុងពេលតវ៉ានោះ មានអ្នកភូមិមួយក្រុមទៀត បានចេញមុខគាំទ្រការសាងសង់ ស្នាក់ការនោះ នាំឲ្យមានការប៉ះទង្គិចគ្នា។ក្រុមអ្នកតវ៉ាឲ្យដឹងទៀតថា ពេលកំពុងទាស់ពាក្យសម្តីគ្នា មានដំថ្មមួយដុំចេញពីក្រុមអ្នកគាំទ្រសមត្ថកិច្ច ប៉ះស្ត្រីវ័យចំណាស់ ឈ្មោះ ង៉ែត ឃុន ក៏បានរងរបួសបែកលើចិញ្ចើមស្តាំហូរឈាម ដោយចោទថាភាគីម្ខាងទៀតអ្នកគប់។ក្រុមអ្នកតវ៉ាអះអាងថា ពេលផ្ទុះហិង្សាសមត្ថកិច្ចមិនបានចាប់ជនដៃដល់ ដើម្បីយកមកទទួលការខុសត្រូវតាមច្បាប់ទេ។ ក្រោយមកជនរងគ្រោះ ត្រូវបានអ្នកភូមិបញ្ជួនទៅប៉ុស្តិ៍នគរបាលសង្កាត់ស្រះចក ដើម្បីធ្វើពាក្យបណ្តឹង៕ដកស្រង់ចេញពីវិទ្យុសម្លេងប្រជាធិបតេយ្យ (VOD) ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៤។