-
មេធាវីតំណាងCNRP គ្រោងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ស្នើសុំឲ្យកូនក្តី៨រូបនៅក្រៅឃុំ
- Issue Date 18-Jul-2014
មេធាវីការពារក្តីឲ្យតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ទាំង៧រូប និងមន្ត្រីមួយរូបរបស់បក្សនេះ គ្រោងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍នៅសប្តាហ៍ក្រោយ ដើម្បីស្នើសុំឲ្យកូនក្តីរបស់ខ្លួន បាននៅក្រៅឃុំបណ្តោះអាសន្ន។លោកសំ សុគង់ ជាមេធាវីការពារក្តីឲ្យតំណាងរាស្ត្រជាប់ឆ្នោត និងមន្ត្រីកិច្ចការសាធារណៈ របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមមេធាវីកំពុងពិភាក្សាគ្នា ដើម្បីចុះជួបកូនក្តីរបស់ខ្លួនឲ្យផ្តិតមេដៃលើពាក្យបណ្តឹង ដែលស្នើសុំឲ្យនៅក្រៅឃុំបណ្តោះអាសន្ននៅសប្តាហ៍ក្រោយ រួចនឹងបញ្ជូនទៅសាលាឧទ្ធរណ៍ ដើម្បីស្នើសុំសភាស៊ើបសួរនៃតុលាការជាន់ខ្ពស់នេះ ដោះលែងអ្នកទាំងនោះឲ្យបាននៅក្រៅឃុំវិញ «ខាងក្រុមមេធាវី នឹងជួបកូនក្តីទាំងអស់ ដើម្បីឲ្យគាត់ផ្តឹតមេដៃផ្ទេរសិទ្ធិឲ្យមេធាវីប្តឹងជំនួសគាត់ ដើម្បីប្តឹងទៅតុលាការជាប់ខ្ពស់ គឺសាលាឧទ្ធរណ៍ ដើម្បីឲ្យសាលាឧទ្ធរណ៍ពិនិត្យ និងពិចារណាអំពីហេតុផលឬក៏លក្ខខណ្ឌ ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ អាចបាននៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីឲ្យគាត់ចេញទៅក្នុងនាមជាតំណាងរាស្ត្រ ឲ្យទៅបម្រើរាស្ត្រ ឬទៅជួបជាមួយរាស្ត្រទៅតាមនីតិវិធីច្បាប់»។មេធាវីក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក ហុង គឹមសួន ពន្យល់តាមនីតិវិធីច្បាប់ថា តុលាការមុននិងចោទប្រកាន់បុគ្គលណាមួយ ត្រូវមានហេតុផល និងភស្តុតាងច្បាស់លាស់ ដាក់បន្ទុកទៅលើជននោះ។ លោកសង្កេតឃើញថា ករណីឃុំខ្លួនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ និងសកម្មជនម្នាក់ទៀត ទំនងជាពាក់ព័ន្ធនឹងរឿងនយោបាយច្រើនជាង «បើនិយាយទៅ បើយើងឮ យើងដឹង យើងឃើញទាំងអស់គ្នា គ្រាន់តែការចោទប្រកាន់វាមិនសមស្របទៅតាមធាតុពិតនោះទេ ហើយប្រសិនជាការចោទប្រកាន់នោះ វាគ្រាន់តែជាសម្ពាធនយោបាយទេនោះ ចៅក្រមដែលមានឈ្មោះថាជាអ្នកអនុវត្តច្បាប់ដោយឯករាជ្យនោះ ត្រូវយកឆន្ទៈ មនសិការខ្លួន មិនយកការដាក់សម្ពាធហ្នឹង មកដាក់ឃុំខ្លួនហើយតាំងខ្លួនជាឯករាជ្យដើម្បីឃុំខ្លួន ជនណាមួយនោះទេ»។លោក ហុង គឹមសួន បន្តថា នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ សាមីខ្លួនផ្ទាល់ មេធាវី និងចៅក្រមស៊ើបសួរនោះ ក៏មានសិទ្ធិស្នើសុំឲ្យជនជាប់ចោទទាំងនោះនៅក្រៅឃុំបណ្តោះអាសន្ន បានដែរ ដរាបណាតុលាការមិនទាន់មានភស្តុតាងគ្រប់គ្រាន់។សេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការ និងសង្គមស៊ីវិលចំនួន២៤ ចុះថ្ងៃទី១៧ ខែកក្កដានេះ បានចាត់ទុកថា ការចោទប្រកាន់ទៅលើតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ជុំវិញហិង្សាកើតឡើងក្បែរទីលានប្រជាធិបតេយ្យនោះ មិនមានមូលដ្ឋានច្បាស់លាស់នោះទេ។ ក្នុងសេចក្តីថ្លែងការណ៍ ក៏អំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ និងទម្លាក់ការចោទប្រកាន់លើតំណាងរាស្ត្រជាប់គណបក្សសង្គ្រោះជាតិទាំង ៧រូប និងមន្ត្រីមួយរូបរបស់បក្សនេះ រួមនឹងបញ្ឈប់អំពើហិង្សា និងការគាបសង្កត់លើប្រជាពលរដ្ឋ។កាលពីថ្ងៃទី១៥ ខែកក្កដាតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ៥រូប និងមន្ត្រីកិច្ចការ សាធារណៈត្រូវសមត្ថកិច្ចចាប់ឃុំខ្លួននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់តាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មាត្រា២៨ និងមាត្រា២១៨ (ផ្តើមគំនិតបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) មាត្រា៤៩៥ (ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ) មាត្រា៤៥៩ (ដឹកនាំឲ្យមានចលនាកុបកម្ម)។ បទលើ្មសចុងក្រោយដែលត្រូវបានចោទប្រកាន់នេះ នឹងផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៤។