• ស្ថានទូត​អាមេរិក​អំពាវនាវ​ឲ្យ​ដោះលែង​លោក​ស្រី មូរ សុខ​ហួរ និង​មន្ត្រី​CNRP​ផ្សេងទៀត​

    • Issue Date 18-Jul-2014

    មន្ត្រី​ស្ថានទូត អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ​អំពាវនាវ​ឲ្យមាន​ការដោះលែង​បេក្ខជន​ជា​ប់ឆ្នោត​តំណាងរាស្ត្រ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឈាន​ទៅរក​ការផ្សះផ្សារ​នយោបាយ​រវាង​គណបក្សនយោបាយ​ទាំងពីរ​។​​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក លោក​John Simmons ប្រាប់​VOD​តាមរយៈ​អ៊ីម៉េល​ថា ស្ថានទូត​អាមេរិក ថ្កោលទោស​យ៉ាង​អហង្ការ​លើ​អំពើ​ហិង្សា​ដែល​បាន​កើតឡើង​នៅក្បែរ​ទីលាន ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​អង្គារ​។ លោក​បន្ត​ថា​ការ​បន្ត​ការចរចា​រក​ដំណោះស្រាយ​នយោបាយ គឺ​អាច​ទៅរួច តាមរយៈ​ការពិភាក្សា​ដោ​យកសារ​ស្ថាបនា និង​សន្តិភាព​។​លោក​បញ្ជាក់ថា​«​យើង​អំពាវនាវ​ឲ្យមាន​ការដោះលែង​លោក​ស្រី មូរ សុខ​ហួរ និង​សមាជិក​តំណាងរាស្ត្រ​ផ្សេងទៀត​ក្នុង​ស្មារតី​ផ្សះផ្សារ​នយោបាយ​»​។​​លោក​John Simmons បន្តថា ស្ថានទូត​អាមេរិក កំពុង​តែ​ព្យាយាម​ផ្តល់​សេវា​ផ្នែក​កុងស៊ុល​ទៅ​លោក​ស្រី​មូរ សុខ​ហួរ ដោយសារតែ​លោក​ស្រី មាន​សិទ្ធិ​ទទួល​ដូច​ពលរដ្ឋ​អាមេរិក​ដែរ​។​​នៅ​រសៀល​ម៉ោង​៤​ថ្ងៃ​ពុធ​នេះ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ជួប​ពិភាក្សា​គ្នា​ពី​ការវិវត្ត​បញ្ហានយោបាយ និង​ហិង្សា​កើតឡើង​ដែល​នាំឲ្យ​មាន​ការចាប់​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ​។​​មន្ត្រី​រដ្ឋាភិបាល​រួមមាន រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ​វង្ស វឌ្ឍា​នា លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​ផ្សេងទៀត​។​ចំណែក​តំណាង​ស្ថានទូត រួម​មាន​ស្ថានទូត​អាមេរិក សហភាព​អឺរ៉ុប ទូត​បារាំង និង​តំណាង​អង្គការសហប្រជាជាតិ​ជាដើម​។ ​លោក ព្រុំ សុខា មានប្រសាសន៍​ថា​អង្គទូត បាន​ចោទ​សំណួរ​ទៅលើ​បញ្ហា​ចាប់ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ តែ​លោក​ឆ្លើយ​ថា​នេះ​ជា​កិច្ចការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​តុលាការ​។​​នៅ​ថ្ងៃ​ពុធ​នេះ តុលាការ​បាន​សម្រេច​ចោទ​លើ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥​រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ម្នាក់ទៀត​។ នៅក្នុង​សវនាការ​រយៈពេល​ជាង​៨​ម៉ោង តុលាការ​បាន​សម្រេច​បញ្ជូន​ពួកគាត់​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស ដោយ​រង់ចាំ​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​ក្តី ។​​អង្គការ​លីកាដូ ដែល​តាមដាន​សវនាកា​រ ឲ្យដឹងថា អ្នក​ទាំង​៦ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ដឹកនាំ​ធ្វើ​កុបកម្ម យោងតាម​មាត្រា ៤៥៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទល្មើស​នេះ អាច​ឲ្យ​អ្នក​ទាំងនោះ​ទទួលទោស​ពី ២០ ទៅ ៣០​ឆ្នាំ​ក្នុង​ពន្ធនាគារ​។​តុលាការ ក៏​បាន​ចោទប្រកាន់​អ្នក​ទាំង​៦ ពី​បទ​ផ្តើមគំនិត​បង្ក​ហិង្សា និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ យោងតាម​មាត្រា ២៨ ២១៨ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​​អង្គការ​លីកាដូ​បន្តថា អ្នក​ឃាត់ខ្លួន​៥​នាក់​ជា​បុរស នឹង​ត្រូវបាន​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ឬ​ម​១​។ ចំណែក​អ្នកស្រី មូរ សុខ​ហួរ នឹង​ត្រូវបាន​ឃុំខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដែល​ដាក់​អ្នក​ជាប់​ពន្ធនាគារ​ជា​ស្ត្រី និង​អនីតិជន​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ១៦ កក្កដា​ ឆ្នាំ២០១៤។