• ទាហាន​នៅ​ព្រះវិហារ​បាញ់សម្លាប់​អ្នក​ភូមិ​ម្នាក់​ក្នុងពេល​មាន​ជម្លោះ​ដី​

    • Issue Date 28-Jul-2014

    ទំនាស់​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន​កន្លែង កំពុង​កើត​ចេញ​អំពើហិង្សា​ច្រើន​ប្រភេទ ដូចជា​ការចាប់ខ្លួន​អ្នក​តវ៉ា​ដាក់ពន្ធនាគារ ការប្រើ​កម្លាំងប្រដាប់អាវុធ គំរាម​និង​បង្ក្រាប​ទៅ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​ជំទាស់​ជាដើម​។​​ចំណែក​នៅ​ឯ​ខេត្ត​ព្រះវិហារ វិញ ទាហាន​ប្រដាប់អាវុធ​បាន​បាញ់សម្លាប់​អ្នក​ភូមិ​ម្នាក់ ក្នុង​ពេល​កើតមាន​ជម្លោះ​ដីធ្លី​កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា​។​​ប្រជាពលរដ្ឋ​មួយ​គ្រូ​សារ​នៅ​ភូមិ​ស្នា​ផ្អែក ឃុំ​ស្រយង់ ស្រុក​គូលែន កំពុង​ស្នើសុំ​ឱ្យ​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​ជួយ​ការពារ ពួកគេ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ទាហាន​នៃ​កងពល​តូច​លេខ​៤១ បាន​បាញ់​សម្លាប់​សមាជិកគ្រួសា​រ​ម្នាក់​។​​ស្ត្រី​ឈ្មោះ វណ្ណា មានប្រសាសន៍​កាលពីរ​សៀ​ល​ថ្ងៃ​ច័ន្ទ ទី​២៨ ខែកក្កដា ថា រូបគាត់​និង​បងប្អូន​ជាច្រើន​នាក់​ទៀត​កំពុង​ធ្វើដំណើរ​ទៅ​ទី​រួម​ខេត្ត ព្រះវិហារ ដើម្បី​ជួប​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ឱ្យ​ជួយ​ជ្រោមជ្រែង​ពួកគាត់​ខាង​ផ្លូវច្បាប់​។​​ស្ត្រី​ដដែល​បញ្ជាក់​ថា ក្មួយប្រុស​របស់​គាត់​ម្នាក់​ឈ្មោះ ទ្រី ចំរើន អាយុ ១៨​ឆ្នាំ ត្រូវ​ទាហាន​ប្រដាប់អាវុធ​មួយ​ក្រុម​ក្នុង​អង្គភាព​កងពល​តូ​ចលេ​ខ ៤១ បាញ់​ស្លាប់ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែកក្កដា នៅពេលដែល​មាន​ជម្លោះ​ដី​ទំហំ ២​ហិកតារ​៖ «​កាលពីដើម​ឡើយ​ហ្នឹង គឺ​ដី​ព្រៃ ហើយ​ដល់​ពេល​ពួក​ខ្ញុំ​ទៅ​ធ្វើ​ចំការ​៣-៤​ឆ្នាំ​ហើយ​ស្រាប់តែ​ធ្វើ​ស្អាត ដាំ​សៀង​ហើយ គេ​មក​ថា ដី​ហ្នឹង​របស់​ទាហាន​។ ពួក​ខ្ញុំ​ហ្នឹង​ថា ចាំ​មើល​មេ​មក ពួក​ខ្ញុំ​សុំ ដល់​អ៊ីចឹង​ទាហាន​ហ្នឹង​វា​ថា ធ្វើ​តាម​បញ្ជា​មេ អត់​ឱ្យដាំ​។ អ្នកបាញ់​ហ្នឹង​ឈ្មោះ ប៉ះ ហៅ លិន​»​។​​នាយ​ប៉ុស្តិ៍​នគរបាល​ស្ដីទី​ឃុំ​ស្រយង់ លោក យ៉ុង ម៉ុក មានប្រសាសន៍ថា កាលពី​វេលា​ម៉ោងជាង ៣​រសៀល ថ្ងៃទី​២៧ ខែកក្កដា មាន​ទាហាន ៣​នាក់ ក្នុង​កងពល​តូច​លេខ​៤១ ប្រដាប់​ដោយ​អាវុធ​អាកា (AK47) បាន​ទៅ​ដណ្ដើម​យក​ដី​ចំការ​ដែល​ប្រជាពលរដ្ឋ​កំពុង​ដាំ​សណ្ដែកសៀង​។ នៅពេល​ទៅ​ដណ្ដើម​ដី​ចំការ​នោះ គឺ​ទាហាន​ម្នាក់​ឈ្មោះ យេន បាន​យក​ម៉ាស៊ីន​ទៅ​អារ​ផ្ដួល​ដើមឈើ​រលំ​សង្កត់​លើ​ដំណាំ​របស់​ប្រជាពលរដ្ឋ ហើយ​នៅពេល​ដែល​ប្រជាពលរដ្ឋ​ស្ដីបន្ទោស​ទាហាន​ម្នាក់ទៀត​ឈ្មោះ ពឿ​ន ប៉ះ ហៅ លិន ក៏​យក​អាវុធ​បាញ់​ប្រជា​ពលរដ្ឋ​តែ​ម្ដង​។​​លោក យ៉ុង ម៉ុក​៖ «​បាញ់​ត្រូវ​មនុស្ស ២​គ្រាប់ ដល់​ពេល​ពួក​ហ្នឹង​ទៅ​ចាប់​ទៅ​បាញ់​ដី ១​គ្រាប់​ទៀត​។ ប្រជាជន​ហ្នឹង​របួស​បញ្ជូន​ដល់​មណ្ឌល​សុខភាព​កោះកែ ស្រ​យង់ យើង​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្ដង​»​។​​មន្ត្រីប៉ូលិស​ដដែល​បញ្ជា​ក់ថា កម្លាំង​ប៉ូលិស​បាន​ចាប់ខ្លួន​ទាហាន​ម្នាក់​ឈ្មោះ ពឿ​ន ប៉ះ ដែល​ជា​ជនដៃដល់​ក្នុង​ការបាញ់​សម្លាប់​មនុស្ស​ភ្លាមៗ ចំណែក​ទាហាន​ម្នាក់​ទៀត​ឈ្មោះ យេន បាន​រត់គេច​ខ្លួន​នៅ​ពេល​កើតហេតុ​។​​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ បាន​ហៅ​ការបាញ់សម្លាប់​ប្រជាពលរដ្ឋ​នោះ​ថា ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​​លោក ឡោ ចាន់ បញ្ជាក់ថា នេះ​ជា​អំពើ​ឃោរឃៅ​លើក​ដំបូង​ក្នុង​រឿង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ បន្ទាប់ពី​មាន​ករណី​បាញ់​គំរាម ដើម្បី​រារាំង​សហគមន៍​អូរ​ពោធិ៍ នៃ​ឃុំ​រមណី ស្រុក​រវៀង មិន​ឱ្យ​តវ៉ា​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន ទ្រី ភាព កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ម្ដងមកហើយ​៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ២៨ កក្កដា​ ឆ្នាំ២០១៤។