• ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ស្នើ​ក្រសួងការបរទេស កោះហៅ​មន្ត្រី​ទូត​វៀតណាម​បំភ្លឺ​ករណី​ទឹកដី​កម្ពុជា​ក្រោម​

    • Issue Date 31-Jul-2014

    ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា កោះហៅ​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា មក​បំភ្លឺ​អំពី​ករណី​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម បន្ទាប់​ពី​អ្នកនាំពាក្យ​ទូត​នេះ អះអាង​ថា​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្លួន​តាំងពី​យូរ​មក​ហើយ​។​​លិខិត​របស់​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន ចុះ​ថ្ងៃ​ទី ៣១ ខែ កក្កដា​នេះ ផ្ញើរ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ស្នើ​ឲ្យ​កោះហៅ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​លោក ត្រឹង វ៉ាន់​ថុង មក​បំភ្លឺ​និង​សុំទោស លើ​សំដី​របស់​ខ្លួន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ស្ងប់​ចិត​។​​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោក រ៉ុង ឈុន មានប្រសាសន៍ថា តាម​ប្រវត្តិសាស្ត្រ និង​សាក្សី​ដែល​នៅ​រស់ ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​ខ្មែរ​តាំងពី​ដូនតា​មក​ម្ល៉េះ​ដូចនេះ ក្រសួងការបរទេស​គួរតែ ហៅ​មន្ត្រី​ទូត​វៀតណាម​មក​បំភ្លឺ​ករណីនេះ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​បាន​ស្ងប់ចិត្ត​។ លោក​ក៏​កត់សម្គាល់ថា ការ​ដែល​មន្ត្រី​សាល​រាជធានី​ភ្នំពេញ​ចេញ​ទទួល​ញត្តិ​របស់​បាតុករ​ជំនួស​ទូត វៀតណាម ពិតជា​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្រោម​បញ្ជា​របស់​វៀតណាម «​ការដែល​លើកឡើង​របស់​អ្នកនាំពាក្យ​យួន ជាការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​យើង​ចង់ឲ្យ​អ្នកនាំពាក្យ​ក៏ដូចជា​ស្ថានទូត​យួន​ហ្នឹង សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ ជា​សារ​ធា​រណៈ​»​។​VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក កុយ គួង បាន​នៅឡើយ​ទេ​ទាក់ទង​នឹង​ការស្នើ​សុំ​នេះ​។ ប៉ុន្តែ​កាលពី​ម្សិលមិញ​អ្នកនាំពាក្យ​រូបនេះ មានប្រសាសន៍ថា ខាង​ក្រសួង​មិន​មាន​ចំណាត់ការ​អ្វី​ទៅ​លើ​បញ្ហា​នេះ​ទេ​។​​ចំណែក​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស មានប្រសាសន៍ថា លោក​គាំទ្រ​ទៅ​នឹង​សំណើរ​របស់​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដោយ​លោក បន្ថែមថា ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ហើយ ដូចនេះ​ក្រសួងការបរទេស និង​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ចេញ​មុខ​ដោះស្រាយ​ជាមួយ​ស្ថានទូត​វៀតណាម ដើម្បី​បំពេញ​កាត​ត​ព្វ​កិច្ច​របស់ខ្លួន​។ លោក សង្កត់​ធ្ងន់ធ្ង​រថា លោក​ធ្លាប់បាន​ព្រមាន​ម្តង​ហើយ​ម្តងទៀត​បើ​មិន​មាន​ឆ្លើយតប​ជា​វិជ្ជមាន​ពី ក្រសួងការបរទេស និង​ទូត​វៀតណាម លោក​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​នៅ​ដើម​ខែ​ក្រោយ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ជាង​មុន «​ក្នុងនាម​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ ជា​ប្រទេស​ដែល​បាន​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម គឺជា​ការពិត​ដែល​យើង​បាន​បាត់បង់​រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ គឺ​យើង​មាន​ការសោកស្តាយ​មួយ​ដ៏​ធំធេង ដែល​យើង​បាន​បាត់បង់ ប៉ុន្តែ​មក​ដល់​សម័យ​នេះ​ហើយ នៅពេលដែល​យើង​បានឮ​ជន ដែល​បាន​ឈ្លានពាន​យក​ទឹកដី​របស់​យើង​បំភ្លៃ​ការពិត នៃ​ប្រវត្តិសាស្ត្រ​ជាតិ​ធ្វើឲ្យ​យើង​ឈឺចាប់​មែនទែន​។ អ៊ីចឹង​ដែល​យើង​ទ្រាំ​ស្តាប់ ទ្រាំ​ឲ្យគេ​មើលងាយ​យើង​មិនបាន ដែល​យើង​ត្រូវការ​ឲ្យ​អ្នក​នោះ សុំ​ទោស​ជា​សាធារណៈ​»​។​​ប្រជា​ពលរដ្ឋ​ខ្មែរ​សម្តែង​ការមិនសប្បាយចិត្ត និង​ចេញ​មក​ធ្វើការ​ទាមទារ​កាលពី​ថ្ងៃ​ទី ០៨ និង​ទី​២១ ខែកក្កដា ឆ្នាំ ២០១៤ ដើម្បី​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម សុំ​ទោស​ជា​សាធារណៈ​។ ប៉ុន្តែ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា មិនទាន់​បាន​សុំទោស​នៅឡើយ​ទេ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៤។