• ក្រុមយុវជន​ខ្មែរ ប្រកាស​ធ្វើបាតុកម្ម​ជាថ្មី ទាមទារ​ឲ្យ​មន្ត្រី​វៀតណាម​សុំទោស​ជា​ផ្លូវការ​

    • Issue Date 05-Aug-2014

    សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជា​ធិ​តេ​យ្យ និង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ចន្ទ​នេះ ប្រកាស​ធ្វើបាតុកម្ម​៣​ថ្ងៃ​ជាប់​គ្នា នៅ​សប្តាហ៍​ក្រោយ ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​លោក ត្រឹង វ៉ាន​ថុង សុំទោស​ជា​ផ្លូវការ​ចំពោះ​ការអះអាង​របស់ខ្លួន​ថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​មុន​បារាំង​កាត់​ឲ្យ​។ ​ការប្រកាស​ធ្វើបាតុកម្ម​ជាថ្មីទៀត​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ត្រឹង វ៉ាន​ថុង មិនបាន​ចេញមុខ​សុំទោស​ជា​សាធារណៈ នៅពេលដែល​បាតុករ​បាន​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​វៀតណាម កាលពី​ថ្ងៃទី​២២ ខែកក្កដា​។ មន្ត្រី​ស្ថានទូត​វៀតណាម មិនបាន​ចេញមក​ទទួល​យក​ញត្តិ​ទេ តែ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានទទួល​ញត្តិ ដោយ​អះអាងថា​បញ្ជូនទៅ​ក្រសួងការបរទេស​កម្ពុ​ជា​។ មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា អះអាងថា​បាន​ផ្ញើ​ញត្តិ​ទៅ​ស្ថានទូត​វៀតណាម​។​​ក្នុង​លិខិត​របស់​សម្ព័ន្ធ​យុវជន​ខ្មែរក្រោម ដឹកនាំ​ដោយ​លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ជូនទៅ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ខ្មែរ​នឹងធ្វើ​មហា​បាតុកម្ម​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃទី​១១ រហូតដល់​ថ្ងៃទី​១៣​ខែសីហា​ខាងមុខនេះ ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ទូត​វៀតណាម​ចេញមុខ​សូមទោស​ជា​ផ្លូវការ​ចំពោះ អ្វីដែល​ខ្លួន​បាន​អះអាង​កន្លងមក​។ លិខិត​ដដែល​បន្ថែមថា ពួកគេ​គ្រោង​ជួបជុំគ្នា​ជាង​១០០០​នាក់ នៅលើ​សួនច្បារ​ខាងមុខ​វត្ត​បទុម​វ​តី សម្តែង​មតិ និង​ដង្ហែ​ញត្តិ ទៅ​ស្ថានទូត​ភូមា សាធារណរដ្ឋ​ប្រជាមានិត​ឡាវ សិង្ហបូរី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ក្រសួង​កាបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រួមទាំង​ទៅ​ស្ថានទូត​វៀតណាម​ដើម្បី​ទទួល​ចម្លើយ​ពី​ការទទួល​ញត្តិ​របស់ ពួកគេ​។​​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា លោក​បានដាក់​លិខិត​នេះ ទៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ចន្ទ​នេះ តែ​មិនទាន់​ទទួលបាន​ការឆ្លើយតប​នោះទេ តែ​ក្រុមការងារ​របស់លោក​នឹងធ្វើ​បាតុកម្ម​តាម​ការគ្រោងទុក​។ ​នៅ​ថ្ងៃ​ចន្ទ​នេះ VOD មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉​ង់ លើ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​។ ចំណែក​មន្ត្រី​ស្ថានទូត​វៀតណាម VOD ក៏​មិនទាន់​អាចទាក់ទង​ភ្លាមៗ ដើម្បី​សុំ​ការអត្ថាធិប្បាយ​នៅឡើយ​ទេ​។​​កន្លងទៅ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន​ថុង មានប្រសាសន៍ថា​លោក​មិន​សុំទោស​ចំពោះ​ការ​ថ្លែង​របស់លោក​តាម​ការទា​ម​ទារ ឡើយ ដោយ​ចាត់ទុក​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាការ​រំលោភច្បាប់​កម្ពុ​ជា និង​អន្តរជាតិ​។​​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជា​ធិ​តេ​យ្យ មាន​យុវជន​ចំនួន​៦​ក្រុម រួមមាន​យុវជន​ខ្មែរ​មហានគរ ក្លឹប​សំឡេង​យុវជន​ខ្មែរ​-​អន្តរជាតិ I Love Cambodia Hot News យុវជន​ដើម្បី​សន្តិភាព និង​ចលនា​យុវជន​ដើម្បី​លទ្ធិ​ប្រជា​ធិ​តេ​យ្យ និង​ជាតិនិយម​ជាដើម​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយ ថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៤។