• ពលរដ្ឋ​ជម្លោះដីធ្លី​ខេត្តក្រចេះ ដើរ​ហែ​ក្បួន​ស្នើ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន​

    • Issue Date 05-Aug-2014

    ប្រជាពលរដ្ឋ ស្រុក​ស្នួល​ខេត្តក្រចេះ ប្រមាណ​១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដង្ហែ​ជា​ក្បួន​តាមផ្លូវ​ក្បែរ​សួន​បទុម​វ​ត្តី ដើម្បី​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រឿង​ជម្លោះដីធ្លី​។​​នៅ​ម៉ោងជាង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រជាពលរដ្ឋ បាន​ដើរ​កាន់​បដា​ឆ្ពោះទៅកាន់​ផ្ទះ​នាយករដ្ឋមន្ត្រី ក្បែរ​វិមានឯករាជ្យ តែ​សមត្ថកិច្ច​រាប់​រាយ​នាក់ បាន​ឈរ​យាមកាម​នៅ​ទីនោះ និង​ឃាត់​មិន​ឲ្យ​ធ្វើដំណើរ​ត ដោយ​អនុញ្ញាត​ឲ្យ​មានការ​ប្រមូលផ្តុំ​នៅត្រង់ចំណុច​ក្បែរ​នាគ​បាញ់​ទឹក​។​​តំណាង​ប្រជាពលរដ្ឋ លោក សួន វិច្ឆិកា ឲ្យ​ដឹងថា ការស្នើ​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល លោកនាយក​រដ្ឋមន្ត្រី គឺ​ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ព​ន្លឿ​ន​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដី​ដល់ ពួកគាត់ ចំនួន​៣៨០​គ្រួសារ ដែលមាន​ទំហំ​ដី​ប្រមាណ​១៥៦២​ហិកតា នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​កំពុង​ប្រឈម​នឹង​ការបណ្តេញ​ចេញពី​អាជ្ញាធរខេត្ត​។ លោក ចោទថា អភិបាលខេត្ត​ក្រចេះ លោក សរ ចំរុង ឃុ​ប​ខិត និង​ទទួល​យកលុយ​ពី​ក្រុមហ៊ុន​ឈ្មោះ ហឺ​រាយ​ហ្សិ​ន អេ​ហ្គ្រី​ខ​ល​ឈ័​រ ឌី​វេឡុ​ប​មេន បំពាន​លើ​បទបញ្ជា​០១ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈូសឆាយ​ដំណាំរ​ប់ស​ប្រជាពលរដ្ឋ​។​VOD មិនអាច​សុំ​ការឆ្លើយតប​ពី​អភិបាលខេត្ត​ក្រចេះ លោក សរ ចំរុង បានទេ ប៉ុន្តែ អភិបាលរង​ខេត្តក្រចេះ លោក ខាន់ ចំណាន មានប្រសាសន៍ថា ករណី​ជម្លោះដីធ្លី​នេះ គឺ​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​នៃ​ការដោះស្រាយ​តាម​ថ្នាក់មូលដ្ឋាន និង​ត្រូវបាន​ប្ដឹង​ជំទាស់​ដោយ​ភាគី​ក្រុមហ៊ុន និង​ភាគី​ប្រជាពលរដ្ឋ តែ​បច្ចុប្បន្ននេះ គឺ​ស្ថិតក្នុង​ដំណាក់កាល​អាជ្ញាធរ​ថ្នាក់ជាតិ ដែល​កំពុង​ពិនិត្យ​ម​លើ​សំណុំ​រឿងនេះ​។​​ក្រុម​ពលរដ្ឋ​អ្នក​តវ៉ា​ឲ្យ​ដឹងថា ក្នុងចំណោម​ពួកគាត់​៣៨០​គ្រួសារ​នោះ មាន​៣២៩​គ្រួសារ ត្រូវបាន​ក្រុមនិស្សិត​ចុះ​វាស់វែង​កំណត់​ព្រំដី​រួចរាល់​ហើយ កាលពី​ជាង​២​ឆ្នាំមុន ប៉ុន្តែ​នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៤ សុរិយោដី​ខេត្ត បែរជា​ចេញ​សេចក្តីសម្រេច កាត់​ដី​អ្នកភូមិ​នៅ​តំបន់​នោះ​ដាក់​ជា​ដី​រដ្ឋ​ទៅវិញ ទើប​ផ្ទុះ​ការតវ៉ា​ដល់​រាជធានី​ភ្នំពេញ​។ពួកគេ​ព្រមាន​នឹង​បន្ត​ការតវ៉ា ដង្ហែ​ក្បួន​ជា​រៀងរាល់ថ្ងៃ​មកកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើ​បញ្ហា​ជម្លោះ​នេះ មិនមាន​ដំណោះស្រាយ​សមរម្យ​នោះ​។​​យ៉ាងណាក៏ដោយ នៅ​ម៉ោងជាង​១០​ព្រឹក​នេះ ប្រធាន​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​វិវាទ នៃ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី លោក ប៉ាល់ ចន្ទ​តារា បាន​ចេញមក​ទទួល​ញ​ត្តិ​ស្នើ​អន្តរាគមន៍​នោះ ដោយ​សន្យា​នឹង​ពិនិត្យ ហើយ​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ​មក​សួរនាំ ដើម្បី​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ជម្លោះ​ផ្ទាល់​។ លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការប្រមូលផ្តុំ ដើម្បី​រក្សា​សណ្តា​ប់ធា្ន​ប់​។​​អនុប្រធាន​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ណៃ វ៉ង់​ដា ដែល​ឃ្លាំមើល​ករណីនេះ យល់ថា ករណី​ជម្លោះដីធ្លី​ក្នុងប្រទេស​កម្ពុជា និង​ក្នុង​ខេត្តក្រចេះ​នេះ ដំណោះស្រាយ​អាចមាន​បាន លុះណាតែ​មានការ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារ​ភាគី​ច្រើន​នៃ​ជម្លោះ​គឺជា​ប់​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​តាម​មូលដ្ឋាន ផ្ទាល់ ដែល​នាំ​ឲ្យ​បញ្ហា​អូសបន្លាយ​មិនមាន​ដំណោះស្រាយ​។​​កន្លងទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធា្ល​ប់​កាត់​ដី​ទំហំ​៧៥០​ហិកតា​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​នេះ ទៅ​ក្រុមអ្នកតវ៉ា​ជាង​៤០០​គ្រួសារ ដើម្បី​បញ្ចប់​ជម្លោះ​។ ប្រជាពលរដ្ឋ លើកឡើងថា អាជ្ញាធរ​បាន​ដុត​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​អភិវឌ្ឍន៍ ៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយនៅ ថ្ងៃទី០៥ ខែ​សីហា ឆ្នាំ ២០១៤។