• ពលរដ្ឋ​ជាង​១០០​គ្រួសារ​នៅ​ព្រះវិហារ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ដី​សម្បទាន​

    • Issue Date 05-Aug-2014

    ទំនាស់​ដី​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ បាន​កើន​កម្ដៅ​ជា​បន្តបន្ទាប់ ដោយ​អ្នកស្រុក​ចាប់ផ្ដើម​លើកគ្នា​ទៅ​រារាំង​សកម្មភាព​ក្រុមហ៊ុន​ដី សម្បទាន​សេដ្ឋកិច្ច ដែល​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដីស្រែ​និង​ចំការ​។ អ្នកស្រុក​បានសម្រេច​ចិត្ត​នាំគ្នា​បោះជំរុំដើម្បី​ឃ្លាំមើល​សកម្មភាព ក្រុមហ៊ុន​។​​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​នាក់ នៅ​ភូមិ​ស្រយង់ ឃុំ​ស្រយង់ កំពុង​ប្រមូល​ផ្ដុំគ្នា ២​ថ្ងៃ​មកហើយ​ចាប់ពី​ថ្ងៃអាទិត្យ ដើម្បី​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ ឈ្មោះ សេលា ដា​ម៉ិច មិនឱ្យ​បន្ត​ឈូសឆាយ​ដីព្រៃ និង​រំលោភ​ចូល​ដីស្រែ​ចំការ​របស់​ពួកគេ​ទេ​។​​ក្រុម​អ្នកភូមិ​ជាច្រើន​បាន​ប្រមូលផ្ដុំ​គ្នា​ចាក​ចេញពីផ្ទះ ហើយ​ទៅ​បោះជំរំ នៅ​តំបន់​ភូមិ​ផុង​ចាស់ ដែល​ជាប់​ព្រំប្រទល់​គ្នា និង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ដើម្បី​រារាំង​និង​បណ្ដេញ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចំនួន ៣​គ្រឿង ឱ្យ​ចាកចេញ​ទៅវិញ​។​​ក្រុម​អ្នកភូមិ ស្រី ប្រុស ជាច្រើន​អះអាង​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៤ ខែសីហា ថា ក្រុមហ៊ុន សេលា ដា​ម៉ិច កំពុង​រំលោភបំពាន​លើដី​ស្រែ​របស់​ពួកគេ ដែលមាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​រួចហើយ ព្រមទាំង​រំលោភ​ទៅលើ​ដីព្រៃ​របស់​សហគម​ន៍​ផង​៖ «​នេះ​កំពុង​បាតុកម្ម​នៅ សេលា ដា​ម៉ិច មាន​អា​ប៊ុល ៣​គ្រឿង​។ ក្បាល​ស្រែ​បន្តិចបន្តួច​... ដីស្រែ មាន​ស្រូវ​អី គឺ​បរជាន់​ពេញ​តែ​នេះឯង​។ អត់​មាន​ដកថយ​ទេ នេះ​កំពុងតែ​សម្រុក​យក​កម្លាំង​មក​ប្រហែលជា​ដេញ​ឱ្យ​ឈប់​ឈូសឆាយ ឱ្យ​វា​ទៅវិញ​។ ខ្ញុំ​តវ៉ា​ខ្ញុំ​ចង់​សួរថា ដី​នេះ​ដី​ប្រជាពលរដ្ឋ​ចេញ​ប្លង់​អស់ហើយ ម៉េច​ក៏​មក​ឈូសឆាយ​? ភ័យខ្លាច​រឿង​អស់​ដីស្រែ ដី​សហគមន៍​»​។​​ក្រុម​អ្នកភូមិ​បន្ទោស អាជ្ញាធរ​ភូមិ ឃុំ​និង​ស្រុក​គូលែន ថា កំពុង​ព្រងើយកន្តើយ​ចំពោះ​បញ្ហា​ដែល​ក្រុមហ៊ុន​ឈូស​រំលោភ​ដីស្រែ និង​ចំការ​របស់​ប្រជាពលរដ្ឋ ពីព្រោះ​គេ​បាន​ប្រាប់​ទៅ​អាជ្ញាធរ ២-៣​ថ្ងៃ​ទៅហើយ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​អាជ្ញាធរ​ណា​ទៅពិនិត្យ​និង ដោះស្រាយ​នៅឡើយ​។​​ទោះយ៉ាងណា អាជ្ញាធរ​ឃុំ​ស្រយង់ បាន​ឆ្លើយតប​ថា គេ​ពុំបាន​ព្រងើយកន្តើយ​ដូច​ប្រជាពលរដ្ឋ​ចោទប្រកាន់​នោះទេ​។​​មេឃុំ​ស្រយង់ លោក ប៉ែន ឡា​ម មានប្រសាសន៍ថា លោក​បានដឹង​ជុំវិញ​រឿង​ក្រុមហ៊ុន​ដែល​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ ដីស្រែ​របស់​ប្រជាពលរដ្ឋ​នោះ​។ លោក​មេឃុំ​ទទួលស្គាល់ថា ដី​តំបន់​នោះ​គឺ​បានធ្វើ​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ​រួច ហើយ ហេតុអ្វី​ក៏​ក្រុមហ៊ុន​ហ៊ាន​យក​គ្រឿងចក្រ​ទៅ​ឈូស​រំលោភ​ទៀត​?​លោក ប៉ែន ឡា​ម​៖ «​ខ្ញុំ​នៅឯ​ខេត្ត​ឯណេះ តែ​ឱ្យ​ក្រុមការងារ​ចុះទៅ​មើល​ហើយ​។ យ៉ាងម៉េច​បានជា​ក្រុមហ៊ុន​ទៅ​ឈូសឆាយដី​ដែល​បងប្អូន​កំពុង​ធ្វើស្រែ ចម្ការ​អ៊ីចឹង​?»​។​​ជាច្រើន​ឆ្នាំ​មកហើយ រដ្ឋាភិបាល​បានប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៩​ពាន់​ហិកតារ​ទៅឱ្យ​ក្រុមហ៊ុន សេលា ដា​ម៉ិច ក្នុងភូមិ​សាស្ត្រ​ស្រុក​គូលែន ខេត្តព្រះវិហារ ដើម្បី​ដាំ​ដំណាំ​កសិឧស្សាហកម្ម​។​​អ្នកសម្របសម្រួល​សមា​គម​អាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា លោក​ទើបតែ​បានទទួល​បណ្ដឹង​ពី​តំណាង​អ្នកភូមិ​ជុំវិញ​រឿង​នោះ ហើយ​ឯកសារ​បង្ហាញថា ដី​នៅ​តំបន់​ដែល​ក្រុមហ៊ុន សេលា ដា​ម៉ិច ឈូសឆាយ គឺ​ប្រជាពលរដ្ឋ​មាន​ប្លង់រឹង បន្ទាប់ពី​ក្រុមនិស្សិត​ស្ម័គ្រ​ចិត្តបាន​ចុះ​វាស់វែង​រួចរាល់​មក​។​​លោក ឡោ ចាន់ សំដែង​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការគំរាមកំហែង និង​អំពើហិង្សា​ដែល​កើតមាន​ជា​ញឹកញាប់ ដោយសារ​ជម្លោះដីធ្លី​នៅ​ស្រុក​គូលែន​។​​កាលពី​ថ្ងៃទី​២៧ ខែកក្កដា កន្លងទៅ យុវជន​ម្នាក់ ឈ្មោះ ទ្រី ចំរើន អាយុ ១៨​ឆ្នាំ នៅ​ភូមិ​ស្នា​ផ្អែក ឃុំ​ស្រយង់ ត្រូវ​ទាហាន​ប្រដាប់អាវុធ​នៃ​កងពលតូច​លេខ​៤១ បាញ់​ស្លាប់ នៅពេល​ដែលមាន​ជម្លោះ​ដីចំការ​ទំហំ ២​ហិកតារ​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ​ចេញផ្សាយនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤។