• ទីលាន​ប្រជាធិបតេយ្យ ត្រូវ​បើក​ឲ្យ​ប្រើប្រាស់​វិញ​ហើយ​ចាប់ពី​ថ្ងៃនេះ​ទៅ​

    • Issue Date 06-Aug-2014

    ​សាលា​រាជធានី​ភ្នំពេញ សម្រេច​បើក​ទីលាន​ប្រជាធិបតេយ្យ​វិញ​ហើយ​ចាប់ពី​ថ្ងៃនេះ​តទៅ បន្ទាប់​ត្រូវបាន​បិទ​អស់​រយៈពេល ជាច្រើន​ខែ ដើម្បី​បើក​ការស៊ើបអង្កេត​ករណី​ហិង្សា​មួយចំនួន​។​​សេចក្តីជូនដំណឹង​រប​ស់​សាលា​រាជធានី​ភ្នំពេញ ចេញផ្សាយ​ថ្ងៃទី​០៥​ខែសីហា ឲ្យ​ដឹងថា កន្លងមក​ទីលាន​ប្រជាធិបតេយ្យ ត្រូវបាន​ប្រើប្រាស់​ប្រាសចាក​ពី​ច្បាប់​ធ្វើ​ឲ្យ​លេចចេញ​នូវ​បាតុភាព​អសកម្ម ផ្សេងៗ ដូច​ជាការ​អុជអាល ការ​ញុះញង់​នានា​ដែល​នាំទៅដល់​ការបង្ក​ឲ្យ​មាន​អំពើហិង្សា បាត់បង់​អាយុ​ជី​វិ​តិ​មនុស្ស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ​ផ្សេងៗ​ជាដើម​។​សេចក្តីជូនដំណឹង​បន្តថា ដោយ​ពិនិត្យឃើញថា ស្ថានភាព​សន្តិសុខ សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ ត្រូវបាន​ស្តារ​ឲ្យ​មាន​ប្រក្រតីភាព​ឡើងវិញ អាជ្ញាធរ​រាជធានី​ភ្នំពេញ សម្រេច​បើក​ឲ្យ​ដំណើរការ​ទីកន្លែង​បញ្ចេញមតិ​ទីលាន​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃនេះ​តទៅ​។​​សាលា​រាជធានី​ភ្នំពេញ ក៏​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទីនោះ ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការបិទផ្លូវ ឬ​ប្រការ​ផ្សេងៗ​ទៀត ដែល​រំខាន​ដល់​អាជីវកម្ម និង​ជីវភាព​ប្រចាំថ្ងៃ​។​​សាលា​រាជធានី ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មានបំណង​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្តែង​មតិ ចាំបាច់​ត្រូវគោរព​តាមច្បាប់ និង​បទ​ប​ញ្ញ​តិ្ត​ជា​ធរមាន​របស់​កម្ពុជា ព្រមទាំង​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ស្ថិរភាព សុវត្ថិភាព និង​សន្តិសុខ​សង្គម ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។​​ការប្រកាស​បើក​ទីលាន​ប្រជាធិបតេយ្យ​នេះ ធ្វើឡើង​ស្របពេល​ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានសម្រេច​ចូលធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង កាលពី​ថ្ងៃទី​០៥​ខែសីហា ដើម្បី​ទទួលបាន​អភ័យឯកសិទ្ធិ​ជា​តំណាងរាស្ត្រ​ពេញលេញ​។​កន្លងទៅ គណបក្ស​សង្គ្រោះ​ជាតិ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ទីលាន​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​បញ្ចេញមតិ​បាន​។​​ទីលាន​ប្រជាធិបតេយ្យ​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១០ មាន​ទីតាំង​នៅក្បែរ​ស្ពាន​នាគ​ជិត​វត្តភ្នំ​នោះ ត្រូវ​ក្រសួងមហាផ្ទៃ​ប្រកាស​បិទ​បណ្តោះអាសន្ន ដោយ​មិន​កំណត់​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៤ ក្រោម​ហេតុផល​រក្សា​សន្តិសុខ និង​បើក​ការស៊ើបអង្កេត ករណី​ហិង្សា​ពេល​កម្លាំងប្រដាប់អាវុធ​បង្ក្រាប​លើ​កម្មករ​កាលពី​ថ្ងៃទី​២ និង​៣ ខែមករា​ណ​ឆ្នាំ​២០១៤៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៤ ។