• ពលរដ្ឋ​៤​នាក់​ចូល​បំភ្លឺ​នៅ​តុលាការខេត្ត​កោះកុង​រឿង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន

    • Issue Date 08-Aug-2014

    ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកោះកុង លោក ស្រី ណាក់​លី កោះហៅ​ពលរដ្ឋ ៤​នាក់ ឲ្យ​បំភ្លឺ​រឿង​នៅ​តុលាការខេត្ត នៅ​ព្រឹក​ថ្ងៃទី​៧ សីហា ពាក់ព័ន្ធ​នឹង​រំលោភបំពាន​ដី​ក្រុមហ៊ុន​នៅ​តំបន់​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​។​​អ្នកភូមិ​ដែល​ចូលខ្លួន​បំភ្លឺ​នៅមុខ​តុលាការ​នោះ រួមមាន លោក មាស សេម លោក ជុំ ជន លោក អៀម វ៉ាន និង​លោកស្រី សឹម វ៉ុ​ន ពួកគេ​ទាំងនោះ​រស់នៅ​ភូមិ​ជី​ត្រះ ឃុំ​អណ្ដូងទឹក ស្រុក​បុ​ទុម​សាគរ​។ អ្នក​ទាំង ៤​នាក់ ត្រូវបាន​ក្រុមហ៊ុន ស៊ី​ណូ មិច​ស៊ីម (Sino Mexim) ប្ដឹង​ពីបទ​ប៉ះពាល់ និង​រំលោភបំពាន​ដី​សម្បទាន​របស់​ក្រុមហ៊ុន កាលពី​ចុងឆ្នាំ​២០១៣​។​​លោក មាស សេម អ្នកភូមិ​ម្នាក់​ដែល​បាន​ចូល​បំភ្លឺ​នៅ​តុលាការ គិតថា​បណ្ដឹង​របស់​ក្រុមហ៊ុន​មកលើ​ពលរដ្ឋ​នៅពេលនេះ ជាការ​គំរាមកំហែង​បំបាក់ស្មារតី​ពួកគាត់ កុំ​ឲ្យ​ហ៊ាន​តវ៉ា​ជាមួយ​ក្រុមហ៊ុន​។ លោក​បញ្ជាក់ថា អ្នកភូមិ ៨៩​គ្រួសារ ដែលមាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ស៊ី​ណូ មិច​ស៊ីម នោះ បានមក​រស់នៅ​មុន​ក្រុមហ៊ុន​ទៅដល់ ហើយ​មិនបាន​រំលោភ​ដី​ក្រុមហ៊ុន​ទេ​។ ផ្ទុយទៅវិញ ក្រុមហ៊ុន​ឯណោះ​ទេ​ដែល​បាន​ឈូសឆាយដី​ចម្ការ​វិលជុំ​របស់​ពួកគាត់​៖ «​ការ គំរាមកំហែង​ប្រជាពលរដ្ឋ អ៊ីចឹងទៅ​ឲ្យ​ពលរដ្ឋ​បាក់​ស្មារតី​កុំ​ឲ្យ​មាន​ការតវ៉ា​អា​រឿង​ដីធ្លី ហ្នឹង បើ​បាក់​ស្មារតី​ទៅ ដី​នោះ​ត្រូវ​ក្រុមហ៊ុន​យក​ទាំងអស់​»​។​​អ្នកសម្របសម្រួល​អង្គ​ការ​អាដហុក (adhoc) ប្រចាំខេត្ត​កោះកុង លោក នាង បូរ៉ា​ទី​ណូ ឲ្យ​ដឹងថា អ្នកភូមិ ៨៩​គ្រួសារ​នោះ ភាគច្រើន​ជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន យូ​ញៀន ឌី​វី​ឡប់​មិន គ្រុប (Union Development Group) ដោយ​អភិបាលស្រុក​បុ​ទុម​សាគរ បាន​ដោះស្រាយ​ផ្តល់​ដី​សំណង​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​ក្បែរ​តំបន់​ឧទ្យាន​ជាតិ បុ​ទុម​សាគរ និង​បានផ្តល់​ដីស្រែ​ជូន​ពួកគាត់​។ ប៉ុន្តែ​ដី​ដែល​ផ្តល់​ឲ្យ​នោះ មិនអាច​បង្កបង្កើនផល​បាន ទើប​ពួកគាត់​ធ្វើ​ចម្ការ​វិលជុំ​នៅ​ដី​ទំនេរ​ក្រោយ​ផ្ទះ​តាំងពី​ឆ្នាំ ២០០៦ រហូតដល់​ដើមឆ្នាំ​២០១៤ នេះ ទើប​មាន​ក្រុមហ៊ុន ស៊ី​ណូ មិច​ស៊ីម មក​វិនិយោគ​នៅ​តំបន់​នោះ ក្រោមរូបភាព​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ជាង ៤​ពាន់​ហិកតារ​។ តាម​ការអះអាង​របស់​ពលរដ្ឋ ពួកគេ​មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ស៊ី​ណូ មិច​ស៊ីម ទំហំ​ជិត ៤០០​ហិកតារ (៣៥១​ហិកតារ​)៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០១៤ ។