• ពលរដ្ឋ​៖ ក្រុមហ៊ុន​វៀតណាម​រំលោភ​យក​ដីស​ហគ​មន៍​ពង្រីក​ផ្ទៃដី​សម្បទាន​

    • Issue Date 11-Aug-2014

    ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពីរ​ក្នុង​ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី នៅ​ថ្ងៃអាទិត្យ ទី​១០ ខែសីហា ឲ្យ​ដឹងថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម បាន​រំលោភ​ធ្វើ​របង​ហ៊ុមព័ទ្ធ​មកលើ​ដី​ដែល​ក្រុមហ៊ុន​បាន​យល់ព្រម​បោះ បង្គោល​ព្រំដី បែងចែក​រវាង​ក្រុមហ៊ុន​និង​ដី​សហគមន៍​រួចហើយ​។​​ដី​ត្រៀម​បម្រុង​សហគមន៍​ប្រមាណ ១០​ហិកតារ ត្រូវបាន​កម្មករ​ក្រុមហ៊ុន ហ័ង អា​ញ់ លំផាត់ (Hoang Anh LumPhat) រំលោភ​យក​ជាថ្មីទៀត​ដើម្បី​ពង្រីក​ដី​សម្បទាន​សេដ្ឋកិច្ច​។​​កាលពី​ខែកុម្ភៈ ក្រុមហ៊ុន ហ័ង អា​ញ់ លំផាត់ បាន​ព្រមព្រៀង​កាត់ចេញ​ផ្ទៃដី​មាន​ផលប៉ះពាល់​ប្រជាពលរដ្ឋ​នៅជាប់​នឹង តំបន់​ជម្រក​សត្វព្រៃ​ស្រុក​លំផាត់ ជិត ២​ពាន់​ហិកតារ​ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​អភិរក្ស​បន្ទាប់ពី​គម្រោង​ផ្តល់​ដី សម្បទាន​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​តវ៉ា​អស់​ជាង​បី​ឆ្នាំ​កន្លងទៅ​។​​តំណាង​សហគមន៍​ភូមិ​ស្រែ​សូក លោក កែវ ស៊ូ​ឡេង រៀបរាប់ថា កម្មករ​ក្រុមហ៊ុន​បាន​ចូលមក​បោះបង្គោល​ព្រំដី​ថ្មី​ហួស​បង្គោល​ចាស់ ហើយ​រាយ​លួស​បន្លា​ធ្វើជារ​បងកាត់​យក​ដីស​ហគ​មន៍​ប្រមាណ ៣​ថ្ងៃ​កន្លងទៅនេះ​។​​លោក​បន្តថា សហគមន៍​បាន​ទៅប្រាប់​ឲ្យ​កម្មករ​ផ្អាក​ការធ្វើ​របង​បណ្តោះអាសន្ន​ដើម្បី​ដោះស្រាយ​បញ្ជា ប៉ុន្តែ​ពួកគេ​មិន​យល់ព្រម​៖ «​អា ហ្នឹង​ព្រមព្រៀង​ហើយ ដល់​គេ​ធ្វើ​របង​គេ​ធ្វើ​ចូលក្នុង គេ​អត់​ធ្វើតាម​ច្បាប់ តាម​ព្រមព្រៀង​ហ្នឹង​ឯណា គេ​យក​ចូលមកក្នុង​វិញ ដី​ប្រជាពលរដ្ឋ​រហូត​ក្រុមហ៊ុន​ហ្នឹង​»​។​​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ហ័ង អា​ញ់ លំផាត់ ទទួលបាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​លើដី​សម្បទាន​របស់​ក្រុមហ៊ុន ដូនពេញ អា​ហ្គ្រី​កូ (Daun Penh Agrico)​។ កាលពីដើម​ខែមីនា គ្រឿងចក្រ​ក្រុមហ៊ុន​បាន​ឈូសឆាយ​ហួស​ព្រំដី​សម្បទាន ១០០​ម៉ែត្រ បន្ទាប់ពី​ក្រុមហ៊ុន​បាន​វាស់វែង​ឯកភាពគ្នា​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ ចំនួន​ពីរ​នៅជាប់​ដី​សម្បទាន​និង​មាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ដែនជម្រកសត្វព្រៃ​ចូលរួម​មួយ​លើក​រួច​ទៅ ប៉ុន្តែ​អ្នកភូមិ​បាននាំគ្នា​នៅ​បោះបង្គោល​នោះ​ឡើងវិញ ហើយ​មិនមាន​ប្រតិកម្ម​ណាមួយ​ពី​ភាគី​ក្រុមហ៊ុន​ឡើយ​។​​ប្រធានភូមិ​ស្រែ​ឈូក លោក ម៉ៃ ចៃ ទទួលស្គាល់ថា ក្រុមហ៊ុន​បាន​រំលោភ​ជា​លើក​ទី​ពីរ​បើទោះបី​ការបោះបង្គោល​ព្រំដី សម្បទាន​បានធ្វើ​រួចរាល់​ក្តី​។ លោក​ថា កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ឃុំ​ស្រុក​ដោះស្រាយ​បញ្ហា នេះ​៖ «​អា​ព្រមព្រៀង​ពីមុន​វា​មាន​ស្អី ឥឡូវ​វា​ចូល​មកទៀត​ហ្នឹង វា​លួច​ចូលមក​ទៀត វា​ហួស​បង្គោល​ចាស់​របស់គេ ខ្ញុំ​ប្រាប់​មេឃុំ​ហើយ​»​។​​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែសីហា មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ទាក់ទិន​ការចោទប្រកាន់​នេះ​បានទេ​។​​យ៉ាងណាក៏ដោយ អភិបាលស្រុក​លំផាត់ លោក គង់ ស្រ៊ុន អះអាងថា លោក​ជា​សាក្សី​ក្នុងការ​បោះបង្គោល​ព្រំដីរ​វាង​សហគមន៍​និង​ក្រុមហ៊ុន ដូច្នេះ​ប្រសិន​មានការ​រំលោភ​មែន​លោក​នឹងធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ ខេត្ត​ចុះ​ដោះស្រាយ​៖ «​គេ​ឯកភាពគ្នា​ហើយ​តើ​បង​! ប្រសិនបើ​មាន​ភាពមិនប្រក្រតី​ទាល់តែ​យើង​រាយការណ៍​ជូន​ថ្នាក់​ខេត្ត ដើម្បី​ឲ្យ​ខេត្ត​រៀបចំ​គណៈកម្មការ​ពិនិត្យ​ឡើងវិញ​»​។​​ដូចគ្នានេះដែរ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្តរតនគិរី លោក ឆាយ ធី អះអាង​ដែរ​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សហគមន៍​បាន​ប្តឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​ការ រំលោភ​ដី​ពី​សំណាក់​ក្រុមហ៊ុន​វៀតណាម​នេះ​។ លោក​ថា នេះ​គឺជា​ការបំពាន​ទៅលើ​ប្រកាស​រួម​របស់​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម ស្តីពី​ការ​ការ​កាត់​ផលប៉ះពាល់​ប្រជាពលរដ្ឋ​ចេញពី​ដី​សម្បទាន​៖ «​យើង នឹង​ស៊ើបអង្កេត​មើល​ករណីនេះ​។ អ្វីដែល​ក្រុមហ៊ុន​ធ្វើ​គឺ​ខុស​នឹង​កិច្ចព្រមព្រៀង​ដែលមាន​អាជ្ញាធរ​ចូល រួម​កាលពីដើមឆ្នាំ​២០១៤​នោះ​។ ប្រជាពលរដ្ឋ​គាត់​មិន​សុខចិត្ត គាត់​ទាមទារ​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង​មាន​ពីមុនមក​»​។​​ក្រសួងបរិស្ថាន​កាលពី​ឆ្នាំ​២០១១ បានផ្តល់​ដី​សម្បទាន​ជិត ៩​ពាន់​ហិកតារ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ទៅ​ឲ្យ​ក្រុមហ៊ុន​ដូនពេញ អា​ហ្គ្រី​កូ​។ បន្ទាប់មក​ក្រុមហ៊ុន​នេះ​បាន​ឈូសឆាយ​ធ្វើ​ព្រំដី​សម្បទាន​ចូល​កៀក​មក​ក្បែរ ភូមិ​ប្រជាពលរដ្ឋ​ហ៊ុមព័ទ្ធ​យក​ដី​ត្រៀម​បម្រុង​ធ្វើស្រែ​ចំការ ព្រៃ​ចិញ្ចឹមសត្វ​និង​ទីទួល​ប្រជាពលរដ្ឋ​ស្នាក់នៅ​គ្រា​មាន​ទឹកជំនន់​។ សកម្មភាព​ឈូសឆាយ​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​លើកគ្នា​ទៅ បញ្ឈប់​មិន​ឲ្យ​គ្រឿងចក្រ​បន្ត​ការ​ឈូសឆាយ​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៤ ។