• ពលរដ្ឋ និង​ព្រះសង្ឃ​ជិត ១០០០​អង្គ​នាក់ ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ ទាមទារ​ស្ថានទូត​វៀតណាម សុំទោស ករណី​ទឹកដី​កម្ពុជា​ក្រោម​

    • Issue Date 11-Aug-2014

    ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​១០០០​អង្គ​នាក់ ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម​ធ្វើការ​សុំទោស​ជា​ផ្លូវការ ចំពោះ​ការ​អះអាងថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​មុន​បារាំង​កាត់​ឲ្យ​។​​ការជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដឹកនាំ​ដោយ​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជា​ធិ​តេ​យ្យ និង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត ប្រមាណ ១​ពាន់​អង្គ​នាក់​។​​ការជួបជុំ​ជាថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​លោក ត្រឹង វ៉ាន់​ថុង មិនបាន​ចេញមុខ​សុំទោស​ជា​សាធារណៈ នៅពេលដែល​បាតុករ​បាន​យក​ញត្តិ​ដាក់​ទៅ​ស្ថានទូត​វៀតណាម កាលពី​ថ្ងៃទី​២២ ខែកក្កដា​។ មន្ត្រី​ស្ថានទូត​វៀតណាម មិនបាន​ចេញមក​ទទួល​យក​ញត្តិ​ទេ តែ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានទទួល​ញត្តិ ដោយ​អះអាងថា​បញ្ជូនទៅ​ក្រសួងការបរទេស​កម្ពុ​ជា​។ ចំណែកឯ មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា អះអាងថា បាន​ផ្ញើ​ញត្តិ​ទៅ​ស្ថានទូត​វៀតណាម​រួចហើយ​។​ នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លោក ថាច់ សេដ្ឋា ឲ្យ​ដឹងថា នៅ​ព្រឹក​នេះ ពួកគាត់ នឹង​ជួបជុំ​ដើម្បី​ធ្វើ​សេចក្ដីថ្លែងការណ៍ និង​បញ្ចេញមតិ​នៅឯ​ទីលាន​ប្រជាធិបតេយ្យ ហើយ​បន្ទាប់ពី​សម្រាក​បាយ​ថ្ងៃត្រង់ ពួកគេ​នឹង​ដង្ហែ​ក្បួន​ទៅ​ក្រសួងការបរទេស ដើម្បី​សាកសួរ​ពី​លទ្ធផល​នៃ​ការដាក់​ញត្តិ កាលពី​លើក​មុន ។​​លោក ថាច់ សេដ្ឋា បន្តថា បន្ទាប់ពីនោះ ពួកគេ នឹង​ដើរទៅ​ស្ថានទូត​ប្រទេស​ក្នុង​អាស៊ាន​ពីរ គឺ​ប្រទេស​ភូមា និង​ប្រទេស​ឡាវ​ដើម្បី​ដាក់​ញត្តិ​។ គេ​សង្កេតឃើញ​មាន​កងកម្លាំងប្រដាប់អាវុធ​ប្រមាណ​១០​ឡាន​បើក​ជុំវិញ​ទីលាន ប្រជាធិបតេយ្យ តែ​ពុំបាន​ឈប់​ចត​ទេ​។​​កន្លងទៅ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន​ថុង មានប្រសាសន៍ថា​លោក​មិន​សុំទោស​ចំពោះ​ការ​ថ្លែង​របស់លោក​តាម​ការទា​ម​ទារ ឡើយ ដោយ​ចាត់ទុក​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាការ​រំលោភច្បាប់​កម្ពុ​ជា និង​អន្តរជាតិ​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៤ ។