• កំណាត់​ផ្លូវ​មុនី​វង្ស​មុខ​ទូត​វៀតណាម​បន្ត​បិទ ខណៈ​បាតុកម្ម​ឈានដល់​ថ្ងៃទី​២

    • Issue Date 12-Aug-2014

    ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្ត​បិទ​កំណាត់​ផ្លូវ​មុនី​វង្ស ពី​ខាងមុខ​បណ្ណាគារ​សន្តិភាព ដល់​មុខ​ស្ថានទូត​វៀតណាម ខណៈ​ក្រុមបាតុករ​បន្ត​ជួបជុំ​នៅ​ជិត​ស្ថានទូត​នេះ​។​​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ដែលជា​ថ្ងៃទី​ពីរ ក្រុមបាតុករ​ដឹកនាំ​ដោយ​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជា​ធិ​តេ​យ្យ និង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ដោយមាន​ការចូលរួម​ពី​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​ប្រមាណ ២០០​អង្គ​/​នាក់មក​ជួបជុំគ្នា​ជាថ្មី​ដើម្បី​ទាមទារ​ឲ្យ​ស្ថានទូត​វៀត ណា​ម​ធ្វើការ​សុំទោស​ជា​ផ្លូវការ ចំពោះ​ការ​អះអាងថា ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម​មុន​បារាំង​កាត់​ឲ្យ​។ គេ​សង្កេតឃើញ​ក្រុមបាតុករ​កំពុងធ្វើដំណើ​រ​មកជា​បន្តបន្ទាប់ ។​​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុមបាតុករ​បាន​ជួបជុំគ្នា​ម្ដង​រួច ដោយ​ផ្ដើមចេញពី​ទីលាន​ប្រជាធិបតេយ្យ ហើយ​ដើរ​ដង្ហែ​ទៅ​ក្រសួងការបរទេស​ដើម្បី​ដាក់​ញត្តិ រួច​ទៅ​ជួបជុំ​នៅ​ជិត​ស្ថានទូត​វៀតណាម ។ ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា តាម​គម្រោង ក្រុមបាតុករ​នឹង​នៅ​តវ៉ា​ទាមទារ​មុខ​ស្ថានទូត​វៀតណាម​ចំនួន​បី​ថ្ងៃ បើ​ខាង​ស្ថានទូត​នៅតែ​មិន​ព្រម​ចេញមក​សុំទោស​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ​ ២០១៤។