• ពលរដ្ឋ​មាន​ជម្លោះ​ខ្លះ​ជាមួយ​ក្រុមហ៊ុន​OCIC នៅ​មិន​ព្រម​ទទួល​សំណង​នៅឡើយ​

    • Issue Date 12-Aug-2014

    ក្រុមហ៊ុន​អូ​ស៊ី​អាយ​ស៊ី​( OCIC) ដែល​ទទួល​សិទ្ធិ អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​និង​អាជ្ញាធរ កោះហៅ​អ្នកភូមិ​ដើម​គរ​ដែល​មានផ្ទះ​កំពុង​រស់នៅ ហើយ​បាន​រង​នូវ​ផលប៉ះពាល់ មកជួប​ប្រជុំគ្នា នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​នៅ​ថ្ងៃទី​១១ សីហា​។​​ការកោះប្រជុំ​នេះ ដើម្បី​ស្រង់​ឈ្មោះ​អ្នក​ដែល​ព្រម និង​មិន​ព្រម​ទទួល​គោលការណ៍​ដោះស្រាយ​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​នោះ​។​​ប្រជាពលរដ្ឋ ភូមិ​ដើម​គរ​ជើង សង្កាត់​ជ្រោយចង្វារ ប្រមាណ​៣៥ នាក់​ក្នុងចំណោម​អ្នកចូលរួម​ប្រជុំ​សរុប​៤៨​នាក់ ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ដោយ​ស្ថិតក្រោម​ការសម្របសម្រួល​របស់ អាជ្ញាធរ​ដែន​។​​វត្ថុ​សំណង​នោះ មួយ​គ្រួសារ​ទទួលបាន​ផ្ទះល្វែង​មួយ​ល្វែង​ទំហំ ៤​គុណ​១៤​ម៉ែត្រ និង​តូប​លក់ដូរ​នៅ​ផ្សារ​ក្រុមហ៊ុន​មួយ​នៅក្នុង​តំបន់​តែមួយ​នៃ​ក្រុង​រណប នោះ​។​​ពលរដ្ឋ​ដែល​ព្រម​ទទួលយក​សំណង​ដោះដូរ​នោះ​ថ្លែង​ប្រហាក់ប្រហែល គ្នា​ថា ពួកគាត់​មាន​ទំហំ​ដី​តូច ខ្លះ​៧​គុណ​៧​ម៉ែត្រ ខ្លះ​ទំហំ​៣​គុណ ៥ ឬ ១០ ម៉ែត្រ​ជាដើម​។​​ពួកគាត់​ថា​ការទទួលយក​នោះ​ដោយ​អស់ជម្រើស​គ្មាន​ឱកាស​តវ៉ា​ច្រើន ជាមួយ​អ្នកមាន ហើយ​ម្យ៉ាងទៀត​បច្ចុប្បន្ន​ផ្ទះ​គាត់ ត្រូវ​លិច​ទឹក ខ្លះ​ត្រូវ​កប់​ខ្សាច់​ដែល​ក្រុមហ៊ុន​បូម​ចាក់​បំពេញ​ដី​តំបន់​នោះ ព័ទ្ធជុំវិញ​អស់ហើយ​។​​លោក សួន ឆើត អាយុ​៣២​ឆ្នាំ ដែលមាន​ក្បាលដី​២ ម៉ែត្រ កន្លះ បណ្ដោយ​១០​ម៉ែត្រ ជា​ប្រភេទ​ដី​ភូមិ ដែល​លោក​កាន់កាប់​ច្រើន​ឆ្នាំ​មកហើយ​។ លោ​កថា​សំណង​នេះ​អាច​ទទួលយកបាន ហើយ​ម្យ៉ាង​លោក​អត់​ពេល​តវ៉ា​សម្រាប់​ក្នុង​រឿងនេះ​តទៅទៀត​ទេ​៖ «​វា ជា​សំណង​ដែល​ខ្ញុំ​អាច​ទទួលយកបាន​ព្រោះ​នៅក្នុង​តំបន់​នោះ​ខ្ញុំ​ដី​តូច ជាងគេ ហើយ​វា​ពិបាក​នឹង​ខ្សាច់ វា​ពិបាក​នឹង​អី ព្រោះ​កូន​ខ្ញុំ​វា​នៅ​តូចៗ​ណាស់ ហើយ​ផ្លូវ​វា​ចង្អៀត​ផង បើ​មា​នគ​ឡ​គ្រោះថ្នាក់​អី​វា​ពិបាក​ដែរ​»​។​ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​ក្នុងចំណោម​១០​នាក់​ផ្សេងទៀត​នៅ​ភូមិ ជាមួយគ្នា​ដែល​មិន​ព្រម​ទទួលយក​សំណង​នោះ លោក​ទី ជា បញ្ជាក់ថា ដី​គាត់​ធំជាងគេ គឺ​ទទឹង​១៨​ម៉ែត្រ បណ្ដោយ ៨០​ម៉ែត្រ ប៉ុន្តែ​លោក​ត្រូវ​ទទួល​សំណង​ដូច​អ្នក​ដែលមាន​ដី​តូច​ដែរ ម្យ៉ាង​គ្រួសារ​លោក​មិន​ចង់​បាត់បង់​កេរ្តិ៍ដំណែល​ភូមិ​ចាស់​របស់គាត់​នោះ ទេ​៖ «​ដី​ធំ​កូនចៅ​នៅ​យូរហើយ​ខ្ញុំ​ស្ដាយស្រណោះ​ដី​ភូមិ ម្ដាយ​ខ្ញុំ​ដែល​ទុក​ឲ្យ​យើង​តាំងពី​យូរហើយ ផ្ទះ​ខ្ញុំ​តូច​ទាប​យ៉ាងម៉េច​ក៍ដោយ ក៏​ល្អ​ជាងគេ​រហូត​ខ្ញុំ​មោទនភាព​ខ្លួន​ខ្ញុំ ផ្ទះ​ខ្ញុំ​ប្រឹង​ល្អ កញ្ចាស់​ម៉េច​ក៏​ជា​របស់ខ្ញុំ​ដែរ​អញ្ចឹង​បានជា​ខ្ញុំ​អត់​ព្រម​»​។​​ពលរដ្ឋ​ដែល​ចូលមក​ដោះស្រាយ​ផ្ទាល់​នៅ​ក្រុមហ៊ុន​ចំនួន​៣៥​គ្រួសារ នេះ ស្ថិតនៅ​ក្នុងចំណោម​ពលរដ្ឋ​សរុប​ប្រមាណ​ជាង​៨០​គ្រួសារ​ទៀត​នៅក្នុង​ភូមិ នោះ​។​​ទាក់ទង​បញ្ហា​នេះ អគ្គនាយករង​ក្រុមហ៊ុន OCIC លោក ទូច សំណាង​ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​នោះ មានប្រសាសន៍ថា បើ​ពលរដ្ឋ​ណា​ដែល​មិន​ចង់​ចាក​ចេញទៅ​រស់​កន្លែង​ថ្មី​ទេ​ក្រុមហ៊ុន​នឹង ឆ្វៀល​ចេញពី​គម្រោង​អភិវឌ្ឍន៍ ហើយ​ក្រុមហ៊ុន​នឹង​ជួយ​ដោះស្រាយ​ប្រព័ន្ធ​លូ ឬមួយ​ក៏​ផ្លូវ​ភូមិ​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​៖ «​ដូច្នេះ​យើង ធ្វើ​នេះ​មាន​លក្ខណ​មិន​បង្ខំ​ទេ ឯកភាព​ទាល់តែ​ស្របគ្នា​ទៀត​ព្រោះ​អ្វីដែល​យើង​ផ្ដល់​ឲ្យ​គឺមាន​ច្រើនជាង ធំ​ជាង​គ្រាន់​ថា​ដោះស្រាយ​ជា​ផ្ទះ​ប៉ុណ្ណឹង​»​។​​ជាមួយគ្នានេះដែរ​មន្ត្រី​ទទួលបន្ទុក​ផ្នែក​ច្បាប់ នៃ​អង្គ​សិទ្ធិ​លំនៅឋាន លោក ណន អូ​នី ដែល​ចុះ​ឃ្លាំមើល​បញ្ហា​នេះដែរ មានប្រសាសន៍ថា​ការដោះស្រាយ​ផ្ដល់​សំណង​ទៅលើ​ខ្នង​ផ្ទះ ដោយ​មិន​ដោះស្រាយ​តាម​ទំហំ​ដី ឬ​ចំនួន​សមាជិកគ្រួសារ​នីមួយៗ​នោះ លោក​យល់ថា​ជាការ​ដោះស្រាយ​មួយ​ដែល​មិនសូវ​ឆ្លើយតប​នូវ​សេចក្ដីត្រូវការ ពិតប្រាកដ​និង​ស្នើ​ភាព​គ្នា​នោះទេ​។​​បញ្ហា​នេះ​នឹង​ពិបាក​រក​ដំណោះស្រាយ​ដែល​ឆាប់​ទៅដល់​ទីបញ្ចប់​ដោយ​យុត្តិធម៌​បាន​ណាស់​៖ «​បើ យើង​ដោះស្រាយ​ទៅលើ​ខ្នង​ផ្ទះ​ឧទាហរណ៍​គ្រួសារ​មួយ​មានគ្រួសារ ៣ នាក់ មួយទៀត​មានគ្រួសារ​៨​នាក់ ឬ​១០​នាក់​សួរថា​តើ​ការរស់នៅ​របស់​ពួកគាត់​វា​មាន​ផលប៉ះពាល់​របៀប​ម៉េច ចំណុច​នេះហើយ​ខ្ញុំ​ពិនិត្យឃើញថា បើសិន​ក្រុមហ៊ុន​អាច​បន្ថែម​ខ្នង​ផ្ទះ ទៅ​ឲ្យ​គ្រួសារ​ដែលមាន​សមាជិក​ច្រើន ឬ​គ្រួសារ​ដែលមាន​ទំហំ​ដី​ធំ ខ្ញុំ​គិតថា​នេះ​ទើប​ជា​ដំណោះស្រាយ​»​។​​លោក​បន្តថា​នៅមាន​ពលរដ្ឋ​ប្រហែល​ជាង​ពាក់កណ្ដាល​ទៀត​ក្នុងភូមិ ដើម​គរ​ជើង​ដែល​យល់ព្រម​ទទួល​ការដោះដូរ​នោះ ហើយ​ពលរដ្ឋ​ទាំងនោះ​ភាគច្រើន គឺ​អ្នក​ដែលមាន​ដី​ធំ និង​ផ្ទះ​រស់នៅ​សមល្មម បានទាមទារ​ឲ្យ​ក្រុមហ៊ុន​គិត​សំណង​តាម​តម្លៃ​ដី​ទីផ្សារ ប៉ុន្តែ​ខាង​ក្រុមហ៊ុន យល់ព្រម​ផ្ដល់​ឲ្យ​តែ​១៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។​​តែ​ទោះយ៉ាងណា តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ថា អ្នក​ដែល​មិនទាន់​ត្រូវរ៉ូវ​គ្នា​ពេលនេះ មិន​មានន័យថា​បិទផ្លូវ​ចរចា ឬ​ពិភាក្សាគ្នា​ទៀត​នោះទេ ក្រុមហ៊ុន នៅមាន​ពេល​ដោះស្រាយ​ជា​ដំណាក់​ការ​ក្រោយ​ទៀត ហើយ​នៅ​ផ្នែក​ណា​ដែល​មិន​ត្រូវរ៉ូវ​គ្នា​ធ្ងន់ធ្ងរ​ដែល​អាចឈាន​ឡើង​ដល់ តុលាការ​នោះ ក្រុមហ៊ុន​បាន​ទម្លាក់​ទៅ​ឲ្យ​សាលាក្រុង​ជា​អ្នកទទួលខុសត្រូវ​ជំនួស​។​ក្រុមហ៊ុន OCIC ទទួលបាន​សិទ្ធិ​វិយោគ​៩៩ ឆ្នាំ ក្នុង​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយចង្វារ​បន្ទាប់ ពី​គម្រោង​ទីមួយ​របស់ខ្លួន​នៅ​កោះ​ពេជ្រ​។​​ក្រុង​រណប​ជ្រោយចង្វារ​នេះ​មាន​ទំហំ​ដី​ជិត​៤​រយ​(៣៨៧)​ហិកតារ គ្របដណ្ដប់​លើ​សង្កាត់​បី គឺ​សង្កាត់ ជ្រោយចង្វារ ព្រែក​តាសេក និង​ព្រែកលៀប ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦​អា ចាប់ពី​គល់ស្ពាន​ជ្រោយចង្វារ​ទៅ​។​​ទាំង​អាជ្ញាធរ និង​ក្រុមហ៊ុន មិនទាន់​បង្ហាញ​ច្បាស់​ថា មាន​ពលរដ្ឋ​ដែលមាន​ផលប៉ះពាល់​សរុប​ប៉ុន្មាន​ពិតប្រាកដ​នោះទេ​រហូតមកដល់ ពេលនេះ​។​​ការដោះស្រាយ​ជំ​ហ៊ាន​ទី​១​នៅពេលនេះ គឺ​ផ្ដោតលើ​ពលរដ្ឋ​ដែលមាន​ផ្ទះ​និង​កំពុង​រស់នៅ​ជាក់ស្ដែង​តាម​ការ ចង្អុលបង្ហាញ​ពី​អាជ្ញាធរ​មូលដ្ឋាន​៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៤​។