• អ្នកភូមិ​និង​អាជ្ញាធរ​នៅ​គិរីវង់​ប្ដឹង​ឲ្យ​ជនជាតិ​វៀតណាម​ដែល​ស្លជ័រ​អាគុយ​ចេញពី​ភូមិ​

    • Issue Date 13-Aug-2014

    ​អ្នកភូមិ និង​អាជ្ញាធរ​នៅក្នុង​ស្រុក​គិរីវង់ ខេត្តតាកែវ បាន​សុំ​ឲ្យ​ជនជាតិ​វៀតណាម ផលិត​អាគុយ និង​ស្លជ័រ​ធុងអាគុយ​ចេញពី​ភូមិ​របស់​ពួកគេ ព្រោះតែ​បំពុល​ក្លិនស្អុយ​នៃ​ការ​ចំហុយ​គ្រឿង​ជ័រ​ជាង ១០​ម៉ោង​ក្នុង​១​ថ្ងៃ និង​ចាក់ទឹក​អាស៊ីត ធ្វើ​ឲ្យ​ខូច​ទឹក និង​ខូចសុខភាព​អ្នកភូមិ​។​​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ ផ្ដិតមេដៃ​លើ​ញត្តិ​ប្ដឹងទៅ​ស្ថាប័ន​ពាក់ព័ន្ធ សុំ​ឲ្យ​បណ្ដេញ​ជនជាតិ​វៀតណាម ដែល​រកស៊ី​កែច្នៃ​អាគុយ​ចាស់ៗ និង​ចំហុយ​ជ័រ ជះក្លិន​អសោច និង​ចាក់ទឹក​អាស៊ីត​ធ្វើ​ឲ្យ​ខូច​ទឹក​ប្រើប្រាស់ និង​បរិស្ថាន​នៅ​តំបន់​នោះ​។​​មេភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រៃ​អំពក លោក នាក់ ទូច ថ្លែងថា ដោយសារ​អ្នកភូមិ​ដកដង្ហើម​ស្រូប​យកតែ​ក្លិន​អសោច នៃ​ផ្សែងហុយ​ទាំងយប់​ទាំង​ថ្ងៃ ដែល​ជនជាតិ​វៀតណាម ចំហុយ​ជ័រ និង​បន្ទះ​អាគុយ​ចាស់​ជាង ១០​ម៉ោង​ក្នុង​១​ថ្ងៃៗ ធ្វើ​ឲ្យ​អ្នក​នៅ​ជិតខាង​សម្រាក​មិនបាន ដកដង្ហើម​មិន​រួច ទើប​នាំគ្នា​ផ្ដិតមេដៃ​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក និង​ខេត្ត ដកចេញ​ពួក​ឈ្មួញ​វៀតណាម នោះ​៖ «​បញ្ហា​ស្ល​អាគុយ​ហ្នឹង​បើតាម​មេឃុំ គាត់​ទៅ​ប្រជុំបាន​ដំណឹង​មក​ថា ស្រុក​គេ​ឲ្យ​ច្បាប់​។ ឥឡូវនេះ ប្រជាជន​កំពុងតែ​រៀបចំ​ធ្វើ​មេដៃ​ប្ដឹង​ឡើងលើ​»​។​​ការកែច្នៃ​អាគុយ​ចាស់ៗ​របស់​ជនជាតិ​វៀតណាម នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ខេត្ត​នៅ ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ដូចជា​ខេត្តកំពង់ចាម កណ្ដាល តាកែវ ជាដើម​។​​ស្ត្រី​វ័យ​ចំណាស់​នៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រៃ​អំពក និយាយ​ទាំង​ក្អក​ខ្លាំងៗ​ឲ្យ​ដឹងថា ២០​ថ្ងៃ​ហើយ​ដែល​គាត់​រង​នូវ​ក្លិនស្អុយ​ពី​ការ​ស្លជ័រ​អាគុយ និង​មិនអាច​ប្រើ​ទឹក​អណ្ដូង​បាន ដោយសារតែ​វៀតណាម ចាក់ទឹក​អាស៊ីត​ពី​អាគុយ​ចូលទៅក្នុង​ទឹក ហើយ​ជ្រាបចូល​ទឹក​អណ្ដូង​។ ស្ត្រី​នោះ​បន្តថា ពី​កន្លែង​វៀតណាម ធ្វើ​អាជីវកម្ម​អាគុយ​មក​ផ្ទះ​គាត់​ចម្ងាយ​ប្រមាណ ៣០​ម៉ែត្រ ម្ល៉ោះហើយ​ក្លិនស្អុយ​នៃ​ការ​ស្ល​អាគុយ​ផ្សែង​ជះ​មកលើ​ផ្ទះ​គាត់ ធ្វើ​ឲ្យ​មនុស្ស​ក្នុងផ្ទះ​ឈឺ​ទាំងអស់​។ គាត់​សុំ​ឲ្យ​អាជ្ញាធរ ជួយ​បណ្ដេញ​ពួក​វៀតណាម ចេញពី​ភូមិ​នេះ​ផង ឬ​ឲ្យ​ពួក​នោះ​ប្ដូរ​មុខរបរ​៖ «​ខ្ញុំ មិនដឹង​ក្រុមហ៊ុន​ហ្នឹង​ឈ្មោះ​អី​ទេ ខ្ញុំ​ដឹង​តែ​យួន​។ ខ្ញុំ​ឃើញ​យួន មក​ធ្វើ​យប់ៗ​ឡើង ថ្ងៃ​ក៏​យួន មក​ធ្វើ ញ៉ែ​ញ៉ុ​ក​ទាំងអស់​ពេញ​ហ្នឹង​។ លោក​អើយ​ហត់​ណាស់​សឹង​ដាច់ខ្យល់ ខ្ញុំ​វាន់​ឈឺ​ក​អស់ហើយ ដូច​យើង​ដំបៅ​ក​អ៊ីចឹង​។ ខ្ញុំ ៤ ទៅ ៥​ថ្ងៃ បើ​ដូច​វា​ខាន​ចំហុយ​២​យប់​អ៊ីចឹងទៅ រៀង​ធូរ​បន្តិច​លេបថ្នាំ​ទៅ តែ​ដល់​វាចា​ប់​ចំហុយ​ទៀត​ចាប់​ក្អក ចាប់​ផ្ដាសាយ ចាប់ឈឺ​បំពង់ក ឈឺក្បាល​អស់កម្លាំង រោយ​ដៃ រោយ​ជើង ដូច​យើង​កើត​ជំងឺ​ស្អី​ចឹ​ង​»​។​​កុមារា និង​កុមារី សាលាបឋមសិក្សា​តា​មូង ឲ្យ​ដឹងថា ពួកគេ​ពិបាក​ណាស់​ក្នុងការ​រស់នៅ ខណៈ​វៀតណាម ចំហុយ​ជ័រ​អាគុយ​ស្ទើរ​ពេញ ២៤​ម៉ោង​។ ពួកគេ​មិនអាច​ទទួលទាន​អាហារ​បាន​ស្រួល និង​មិនអាច​ដកដង្ហើម​នៅពេល​យប់​ទេ ព្រោះ​ផ្សែង​ចំហុយ​ជ័រ​ដែល​វៀតណាម ដុត គឺ​១​យប់​រហូត​ភ្លឺ​៖ «​ខ្ញុំ​ឈឺ​ក​ឈឺ​អី​អស់ហើយ ខ្ញុំ​និយាយ​មិន​ចង់​កើត​ផង​។ ក្លិន​រាង​ឆ្ងិតៗ ខ្ញុំ​សុំ​ឲ្យ​អ្នកធ្វើ​អាគុយ​ហ្នឹង​ចេញ ខ្ញុំ​មិន​ចង់​ឲ្យ​នៅទេ​»​។​​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រៃ​អំពក លោក ងាង សង់ ឲ្យ​ដឹងថា អាជ្ញាធរ​ឃុំ​បាន​ប្រជុំ​នៅ​ថ្ងៃទី​១២ ខែសីហា ជាមួយ​អាជ្ញាធរ​ស្រុក ប៉ុន្តែ​អភិបាលស្រុក​គិរីវង់ ទើប​ចូលកាន់​តំណែង​ឈ្មោះ លោក កៅ វគ្គ​សែ​ល ប្រកាសប្រាប់​អាជ្ញាធរ​ឃុំ និង​ពលរដ្ឋ​ថា វៀតណាម ចូល​រកស៊ី​អាជីវកម្ម​ស្ល​អាគុយ​មានច្បាប់​។​​វិទ្យុ​អាស៊ីសេរី មិនអាច​សុំ​ការបំភ្លឺ​ពី​ជនជាតិ​វៀតណាម នៅ​ឃុំ​ព្រៃ​អំពក ក៏​ដូច​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បានទេ នៅ​ថ្ងៃទី​១២ ខែសីហា​។​​ពាក់ព័ន្ធ​បញ្ហា​បង្ខូច​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃ​អំពក ដោយ​អាជីវកម្ម​ស្ល​អាគុយ ដើម្បី​កែច្នៃ​ជាថ្មី​របស់​ក្រុម​ជនជាតិ​វៀតណាម នេះ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព ថ្លែងថា ក្រសួង​មិន​បណ្តោយ​ឲ្យ​អាជីវកម្ម​នោះ​ពង្រីក​ការបំពុល​ទាំង​សុខភាព និង​បរិស្ថាន បាន​តទៅទៀត​ទេ​៖ «​គឺ​ក្រសួង​យើង​ចាត់វិធានការ​ឲ្យ​អ្នក ជំនាញ ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង ក៏ដូចជា​ណែនាំ​គាត់​អំពី​គោលការណ៍​បច្ចេកទេស ព្រោះនេះ​អាស៊ីត និង​ស្ល​អាគុយ​ហ្នឹង វា​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ណាស់​»​។​​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ខេត្តតាកែវ ឲ្យ​ដឹងថា អាជីវកម្ម​កែច្នៃ​អាគុយ​ដោយ​ក្រុម​ជនជាតិ​វៀតណាម នេះ បាន​ប្ដូរ​ទីតាំង​ច្រើនលើក​មកហើយ​។ កាលពី​ខែ​មុន ពួក​នោះបាន​បំផ្លាញ​សុខភាព​អ្នកភូមិ​នៅ​ស្រុក​កោះអណ្ដែត ហើយ​ទើប​ប្ដូរ​មក​លួចលាក់​រកស៊ី​នៅ​ស្រុក​គិរីវង់​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ ។