• គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ថា​ក្រុមហ៊ុន​ស្ករអំពៅ KSL កំពុងតែ​ផលិត​ស្ករ​ឈាម និង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​

    • Issue Date 14-Aug-2014

    ស្នងការ​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ នៅ​ថ្ងៃ​ពុធ​នេះ អៈ​អាង​ថា​ក្រុមហ៊ុន​ស្ករអំពៅ ខុន ខេន ស៊ូ​ហ្គើ​រ កំពុងតែ​ផលិត​ស្ករ​ឈាម (Blood Sugar) ហើយ​ពិតជា​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ នៅ​ទីតាំង​ដែល​ខ្លួន​កំពុង​វិនិយោគ​ក្នុង​ខេត្ត កោះកុង និង ឧត្ដរមានជ័យ ព្រំដែន​កម្ពុជា​-​ថៃ ។​​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ ផ្ទះ​មេត្តា (Meta House) ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ស្នងការ​នៃ​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ​លោក នី​រុន ភី​តាក​វ៉ាត​ឆា​រ៉ា (Dr. Nirun Phitakwatchara) ថ្លែង​តាមរយៈ​អ្នកបកប្រែ​ដោយ​ទទួលស្គាល់ថា ក្រុមហ៊ុន ខុន ខេន ស៊ូ​ហ្គើ​រ KSL (Khon Kaen Sugar Industry Public Company Limited) បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ខេត្តកោះកុង និង​ឧត្ដរមានជ័យ ដោយ​ធ្វើការ​រំលោភ​យក​ដី​ពលរដ្ឋ​ដោយ​មិនមាន​សំណង​សមស្រប​នោះទេ​។​​លោក នី​រុន បន្ថែមថា ក្រោយពី​បាន​តាមដាន និង​ចុះ​ត្រួតពិនិត្យ​ដល់​កន្លែង​ជាក់ស្ដែង​អស់​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ មក​ឃើញថា ក្រុមហ៊ុន​បាន​យក​ដី​ដែល​រំលោភ​ពី​ពលរដ្ឋ​ទៅ​ដាំដំឡូង ដោយ​មិនទាន់បាន​ធ្វើការ​អភិវឌ្ឍ​ន៍​តាម​អ្វីដែល​ខ្លួន​អៈ​អាង​នោះទេ ហើយ​ពលរដ្ឋ​កំពុង​ជួប​នូវ​ផល​ពិបាក​យ៉ាងធ្ងន់ធ្ងរ​។ លោក​សន្យា​នឹងដាក់​របាយការណ៍ ពី​ការរំលោភ​សិទ្ធិមនុស្ស​នេះ​ទៅ​តំណាង​សហគមន៍​អឺរ៉ុប អង្គការ​សហ​ប្រជា​តិ និង​រដ្ឋាភិបាល​ថៃ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជាបន្ទាន់​។​​ដោយឡែក​ប្រធាន​មជ្ឍមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េ​ង វីរៈ មានប្រសាសន៍ថា ពលរដ្ឋ​ក្នុង​តំបន់​ដី​សម្បទាន កំពុង​ទទួលរង​ភាពអយុត្តិធម៌​យ៉ាងខ្លាំង ពី​ការផ្ដល់​ដី​សម្បទាន​របស់​រដ្ឋាភិបាល​ដល់​ក្រុមហ៊ុន​ស្ករអំពៅ​នេះ​។ លោក​សន្យា​នឹង​បន្ត​ការជួយ​ផ្នែក​ផ្លូវច្បាប់ ដល់​ពលរដ្ឋ​រងគ្រោះ​ទាំងអស់ ក្នុងការ​ទាមទារ​យុត្តិធម៌​ពី​សំណាក់​ក្រុមហ៊ុន​មកវិញ​។​​ចំណែក តំណាង​ពលរដ្ឋ​រងគ្រោះ​ខេត្តកោះកុង លោក តេង កៅ ឲ្យ​ដឹងថា ពលរដ្ឋ​ក្នុង​សហគមន៍​របស់លោក កំពុង​ជួប​ទុក​លំបាក​យ៉ាងខ្លាំង ក្រោយពី​ក្រុមហ៊ុន​ស្ករអំពៅ (KSL) បាន​រំលោភ​យក​ដី​ដោយ​មិនមាន​សំណង​។ លោក​បន្តថា ពលរដ្ឋ​ខ្វះខាត​ដី​បង្កបង្កើនផល​សម្រាប់​ចិញ្ចឹមជីវិត ហើយ​បាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ដោយសារ​ខ្វះ​ដី​។​​ដូចគ្នានេះដែរ​តំណាង​ពលរដ្ឋ​រងគ្រោះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ អ្នកស្រី ហួយ មៃ ថ្លែងថា ក្រុមហ៊ុន​បាន​រំលោភ​យក​ដី​ពី​ពលរដ្ឋ​ដោយ​គ្មាន​សំណង ដោយ​គ្មាន​ដំណោះស្រាយ​អ្វី​ទាំងអស់ ស្រប​ពេលដែល​ពលរដ្ឋ​បាន​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជា ច្រើនលើកច្រើនសារ​។ អ្នកស្រី​បន្តថា ពលរដ្ឋ​កំពុង​រស់នៅ​ដោយ​ភាពលំបាក​វេទនា ខ្វះ​ដី​បង្កបង្កើនផល ខ្វះ​ជម្រក ដូចនេះ​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ជួយ​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​កំពុងតែ ប្រឈម​។​​ប្រធាន​អង្គការ​សមធម៌​លោក អៀង វុទ្ធី មានប្រសាសន៍ថា​ដី​សម្បទាន​ទាំងនោះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន ខុន ខេន ស៊ូ​ហ្គើ​រ ដែលជា​ក្រុមហ៊ុន​ធំ​មួយ​មកពី​ប្រទេស​ថៃ​មក​វិនិយោគ​ក្នុងប្រទេស​កម្ពុជា ក្រោម​ឈ្មោះ​ក្រុមហ៊ុន​៣​ផ្សេងគ្នា​គឺ​ក្រុមហ៊ុន អង្គរ​ស៊ូ​ហ្កា (Angkor Sugar Company) ក្រុមហ៊ុន ទន្លេ​ស៊ូ​ហ្កា​ខេន (Tonle Sugar Cane Company) និង​ក្រុមហ៊ុន ខេន អែន ស៊ូ​ហ្ហា វ៉ា​ឡេ (Cane and Sugar Valley Company) ដើម្បី​ទទួលបាន​ទំហំ​ដី​សម្បទាន​ច្រើន ហើយ​ក្រុមហ៊ុន​ទាំងបី​មាន​លោក លី យ៉ុង​ផាត់ ជា​ដៃគូ​នៅ​ស្រុក​ខ្មែរ ៕​ទំនាស់​ដីធ្លី​រវាង ក្រុមហ៊ុន ជាមួយ​ប្រជាពលរដ្ឋ​កើតមានឡើង​នៅ​ឆ្នាំ​២០០៦ នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង លើ​ផ្ទៃដី​១៣៦៥​ហិកតា និង​នៅ​ឆ្នាំ​២០០៧​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លើ​ផ្ទៃដី ៤៥០០​ហិកតា​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៤ ។