• អតីត​អ្នក​បឹងកក់​តវ៉ា​មុខ​រដ្ឋសភា​ដាក់​ញត្តិ​ទាមទារ​សំណង​បន្ថែម​

    • Issue Date 14-Aug-2014

    អតីត​អ្នក​សហគមន៍​បឹងកក់​ប្រមាណ​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមូល​ផ្ដុំគ្នា​នៅមុខ​រដ្ឋសភា​ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ តំណាងរាស្ត្រ​អន្តរាគមន៍ ទៅ​រដ្ឋាភិបាល​ឲ្យ​ផ្តល់​សំណង​បន្ថែម បន្ទាប់ពី​បណ្តេញ​ចេញពី​បឹងកក់​។​​អតីត​សហគមន៍​បឹងកក់ កញ្ញា អ៊ឹម ស្រី​ទូច ឲ្យ​ដឹងថា ពួកគាត់​កំពុង​ជួប​ការលំបាក ដោយសារ​ទទួលបាន​សំណង​តិចតួច « កាលពី​រដ្ឋាភិបាល​អភិ​វ​ឌ្ឍ​នៅ​តំបន់​បឹងកក់ គឺ​គាត់​បណ្តេញ​ពួក​ខ្ញុំ​ដោយ​បង្ខំ ហើយដោយ​ឲ្យ​សំណង​បន្តិចបន្តួច ធ្វើបាប​ពួក​ខ្ញុំ​គ្រប់បែបយ៉ាង គំរាម​គ្រប់​រូបភាព បូម​ខ្សាច់​បន្លិច​ផ្ទះ​ពួក​ខ្ញុំ​។ ពួក​ខ្ញុំ​ចេញទៅ​វេទនា រស់នៅ​បាត់បង់​មុខរបរ បាត់បង់​ទីជម្រក​»​។​​មន្ត្រី​រដ្ឋសភា​បានអនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ទាំងនោះ​ចំនួន​៦​នាក់ ចូល​ពិភាក្សា​លើ​ករណីនេះ តែ​ពុំទាន់​ទទួលបាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ​។​​តំណាង​ម្នាក់ទៀត អ្នកស្រី ស៊ា ណា​រ៉េត ព្រមាន​ថា ពួកគាត់​ទុក​រយៈពេល​ឲ្យ​រដ្ឋសភា ចំនួន​២​សប្តាហ៍ ដើម្បី​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ឲ្យ​ព​ន្លឿ​ន​ដោះស្រាយ​បញ្ហា​ជូន ពួកគាត់​។ អ្នកស្រី​ថា បើ​២​សប្តាហ៍ មិនមាន​លទ្ធផល គឺ​ពួកគាត់​និង​ប្រមូលផ្តុំ​នៅមុខ​រដ្ឋសភា​ជាថ្មីទៀត «​បើ​មិន​ធ្វើ​ទេ ខ្ញុំ​នឹង​មកទៀត នឹងមាន​ជា​ពងមាន់ ពង​ទា យកមក​គប់​នៅ​សភា​តែម្តង​»​។​​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស អង្គការ​លីកាដូ លោក អំ សំអាត យល់ថា រដ្ឋសភា​ត្រូវ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​អតីត​ប្រជា​សហគមន៍​បឹងកក់​ឲ្យ​បាន ឆាប់ បើ​ពុំ​ដូច្នេះ បញ្ហា​ប្រឈម​នៅតែ​បន្ត​កើតមាន ដោយសារ​ពួកគេ​មិន​អស់ចិត្ត​និង​ដំណោះស្រាយ​កន្លងមក «​យើង​បារម្ភ ខ្លាច​ល​នៅពេល​ណាមួយ​ដែល​ប្រើប្រាស់​អំពើហិង្សា ទៅលើ​ពួកគាត់​ទៀត ប៉ះពាល់​ពី​ការអភិវឌ្ឍ ហើយ​រង​ទុក្ខ​ដោយសារ​ការទាមទារ​ត​វ៉ា ដើម្បី​សិទ្ធិ​មាន​លំនៅដ្ឋាន មាន​ដីធ្លី និង​សិទ្ធិ​រស់នៅ​សមរម្យ​ជា​ប្រជាពលរដ្ឋ​»​។​​ក្រុមអ្នកតវ៉ា​ឲ្យ​ដឹង​ទៀតថា ពួកគាត់​ធ្លាប់​ទទួលបាន​សំណង​ពីមុន​ខ្លះ ដោយ​អ្នកខ្លះ​ទទួលបាន​ប្រាក់​សំណង​៥០០​ដុល្លារ អ្នក​ខ្លះទៀត​ទទួលបាន​៨០០០​ដុល្លារ និង​២​លាន​រៀល ហើយ​អ្នក​ខ្លះទៀត​ព្រម​ទទួលយក​ផ្ទះល្វែង​នៅ​បុរី​សន្តិភាព​២ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទំហំ ៤​ម៉ែត្រ​គុណ​១២​ម៉ែត្រ និង​ទឹកប្រាក់​២​លាន​រៀល ។​​ទោះបីជា​យ៉ាងណា ពួកគាត់​ថា សំណង​ទាំងនោះ​មិន​ស្មើនឹង​ផលប៉ះពាល់​ពួកគាត់​ប្រឈម​ទេ ហើយ​កាលដែល​ពួកគាត់​ទទួលយក​សំណង គឺ​ទាំង​បង្ខំ ដោយ​កាលណោះ ខាង​ក្រុមហ៊ុន​បាន​បូម​ខ្សាច់ ធ្វើ​ឲ្យ​លិច​ផ្ទះ​របស់​ពួកគាត់​។​​របាយការណ៍​នានា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ដឹងថា ការដែល​រដ្ឋាភិបាល​ជួល​បឹងកក់​ឲ្យ​ក្រុមហ៊ុន​ស៊ូ​កា​គូ​អ៊ី​ន របស់លោក ឡាវ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​រយៈពេល​៩៩​ឆ្នាំនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជាង​៤០០០​គ្រួសារ ក្នុងនោះ​ជិត​១០០០​គ្រួសារ មិន​ព្រម​ចាកចេញ និង​ជាង​៣០០០​គ្រួសារ​ត្រូវ​អាជ្ញាធ​រាជធានី​ភ្នំពេញ​បណ្តេញចេញ​ទាំង​បង្ខំ ដែល​ធ្វើ​ឲ្យ​ជម្លោះ​បន្ត​អូសបន្លាយ​រហូត​បច្ចុប្បន្ន​នេះ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៤ ។