• លោក​សម រង្ស៊ី​ថា​នឹង​ជួយ​រក​យុត្តិធម៌​ជូន​អ្នកភូមិ​ឡ​ពាង​

    • Issue Date 14-Aug-2014

    ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អះអាងថា លោក​នឹង​ជួយ​ស្វែងរក​យុត្តិធម៌ ជូន​ពលរដ្ឋ​រងគ្រោះ​បញ្ហាដីធ្លី​នៅ​ភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយសារ​ក្រុមហ៊ុន​ភរិយា​លោក​ស៊ុយ​សែម​។​​ការអះអាង​នេះ​ធ្វើឡើង​ក្នុង​សកម្មភាព​របស់លោក ចុះសួរសុខទុក្ខ អ្នកភូមិ​ឡ​ពាង​ប្រមាណ​ជា​៣០​នាក់ ដែល​កំពុង​សម្រាក​នៅក្នុង​សហគមន៍​បឹងកក់​ក្នុងផ្ទះ​របស់​អ្នកស្រី ទេព វ​ន្នី នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤ ខែសីហា​នេះ​។​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា លោក​ធ្លាប់បាន​ចុះទៅពិនិត្យ​ស្ថានភាព​ដី​នៅ​ចំណុច​ភូមិ​ឡ​ពាង ដែលមាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​KDC ហើយ​ថា​ដី​ទាំងនោះ គឺជា​ដី​របស់​ប្រជាពលរដ្ឋ មិនមែនជា​ដី​របស់​ក្រុមហ៊ុន​ទេ​។ លោក​ថា លោក​មានការ​សោកស្តាយ ដែល​ភរិយា​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ធ្វើ​សកម្មភាព​រំលោភបំពាន​សិទ្ធិ​ប្រជាពលរដ្ឋ​បែបនេះ​។ លោក​បន្តថា ក្នុងនាម​លោក​ជា​តំណាងរាស្ត្រ​មួយរូប លោក​មិន​ឈរ​មើល​ទុក្ខលំបាក​របស់​រាស្ត្រ​ទេ គឺ​លោក​នឹង​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ពលរដ្ឋ «​ដី​ទាំង​អស់ហ្នឹង គឺ​ដី​របស់​បងប្អូន ហើយ​មានការ​សោកស្តាយ​ណាស់ ចំពោះ​ក្រុមហ៊ុន​របស់​ភរិយា​រដ្ឋមន្ត្រី ស៊ុយ សែម គឺ​កំសាក​ប្រើ​ឥទ្ធិពល អាង​តែ​ប្តី​ខ្លួន​ធ្វើ​រដ្ឋមន្ត្រី ប្រើ​ឥទ្ធិពល​ប្តី​ខ្លួន​មក​លួច​ប្លន់​ដីធ្លី​ប្រជារាស្ត្រ មក​ធ្វើបាប​ប្រជារាស្ត្រ ជា​អំពើ​កំសាក អំពើ​ថោកទាប​ជាទីបំផុត ដែល​ប្រជារាស្ត្រ​ទាំងមូល​ថ្កោលទោស​។ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ប្រជារាស្ត្រ​អ្នក​ស្រលាញ់​យុត្តិធម៌​ទាំងអស់ យើង​នឹង​រួបរួមគ្នា យើង​នឹង​តស៊ូ​ជាមួយគ្នា​ដើម្បី​ផ្តល់​យុត្តិធម៌ ជូន​បងប្អូន​នៅ​ឡ​ពាង​ឲ្យ​ទាល់តែ​បាន​»​។​​តំណាង​អ្នកភូមិ​ឡ​ពាង អ្នកស្រី អ៊ុំ សុ​ភី រៀបរាប់​ពី​ទុក្ខលំបាក​របស់​ពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង ដែលមាន​ជីវភាព​ក្រីក្រ​លំបាក​វេទ​នា ដោយសារ​ក្រុមហ៊ុន​KDC របស់​អ្នកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល រំលោភបំពាន​យក​ដី​របស់​ពួកគាត់ «​ហើយ​ដំបង គេ​វ៉ៃ​ពួក​ខ្ញុំ​មិន​គិត​ចាស់​ឬ​ក្មេង​ទេ គឺ​គេ​វ៉ៃ​ទាំងអស់ មិន​រើសមុខ​ទេ គេ​វ៉ៃ​សន្លប់​បីនាក់ គេ​អត់​មើល​ទេ គេ​អូស​យកទៅ​បោះចោល គេ​ទាញ​ពួក​ខ្ញុំ​ឲ្យ​ទៅ​មើល​ខ្លួនឯង គេ​មិន​មើល​ទេ សាហាវ​ណាស់​។ ហើយ​មកដល់​តាមផ្លូវ​ម្សិលមិញ​នេះ​ទៀត សមត្ថកិច្ច​គាត់​ហាមឃាត់ មិន​ឲ្យ​យើង​ចូល​ទៀត រហូតដល់​សន្លប់​១០​នាក់​ទៀត ហើយ​យើង​ជា​ខ្មែរ យើង​ឈឺចាប់​ទេ ដែល​គេ​ធ្វើ​មកលើ​ខ្មែរ​គ្នាឯង គ្រាន់តែ​យើង​សម្តែង​មតិ​តស៊ូ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស លោក​យល់ថា ពួក​ខ្ញុំ​បាត់បង់​ដីធ្លី​ពិតប្រាកដ​»​។ ​អ្នកស្រី​អ៊ុំ សុ​ភី អះអាងថា ចាប់ពីពេលនេះ​ទៅ ពលរដ្ឋ​រងគ្រោះ​មកពី​ភូមិ​ឡ​ពាង​ទាំងអស់​នឹង​តស៊ូ​ប្រឆាំង​ក្រុមហ៊ុន​KDC ទាល់តែ​បាន​ដី​មកវិញ និង​មានការ​ដោះលែង​តំណាង​អ្នកភូមិ ដែល​កំពុង​ជាប់ពន្ធនាគា​រទាំង​៥​នាក់ ព្រមទាំង​ទម្លាក់​បទ​ចោទ​លើ​តំណាង​ពួកគាត់​៥​នាក់​ផ្សេងទៀត ទើប​ពួកគាត់​ត្រឡប់​ទៅ​ស្រុកភូមិ​វិញ​។​​គួរ​បញ្ជាក់ថា អ្នកភូមិ​ឡ​ពាង​ប្រមាណ​ជា​៧០​នាក់ បាន​ឡើងមក​ភ្នំពេញ ដើម្បី​ស្វែងរក​ការអន្តរាគមន៍​ឲ្យ​ដោះលែង និង​ទម្លាក់​បទ​ចោទ​លើ​តំណាង​ពួកគេ​៥​នាក់ និង​ទាមទារ​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ ដែល​កើតឡើង​ជិត​១០​ឆ្នាំ​ហើយ ជាមួយ​ក្រុមហ៊ុន​KDC របស់​អ្នកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ​សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ ។