-
ស្ត្រីវ័យចំណាស់ម្នាក់ និងក្មេងតូចម្នាក់សន្លប់នៅក្នុងការរុញច្រានគ្នារវាងអាជ្ញាធរជា មួយអ្នកមានជម្លោះដីធ្លីមកពីខេត្តក្រចេះ
- Issue Date 18-Aug-2014
ស្ត្រីវ័យចំណាស់ម្នាក់ និងក្មេងតូចម្នាក់សន្លប់ក្នុងហេតុការណ៍រុញច្រានគ្នាមួយ នៅពេលអាជ្ញាធររាប់រយនាក់រារាំងអ្នកមានជម្លោះដីធ្លីមកពីខេត្ត ក្រចេះ មិនឲ្យធ្វើដំណើរទៅកាន់ផ្ទះនាយករដ្ឋមន្ត្រី ដើម្បីសាកសួរពីលទ្ធផលនៃការដាក់ញត្តិរបស់ខ្លួនកាលពីថ្ងៃទី៥ ខែសីហា។នៅព្រឹកថ្ងៃចន្ទនេះ ក្រុមអ្នកមានជម្លោះដីធ្លីមកពីខេត្តក្រចេះដែលមានគ្នាប្រមាណជា ១០០នាក់ បានហែញត្តិចេញពីវត្តសាមគ្គីរង្សី តាមផ្លូវខាងមុខព្រះបរមរាជវាំង ឆ្ពោះមកកាន់រដ្ឋសភា ចាប់តាំងពីម៉ោងជាង៧ព្រឹក ដើម្បីសុំអន្តរាគមន៍ពីស្ថាប័នមួយនេះ ករណីជម្លោះដីធ្លី។ក្រោយមក ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមានលោក សុន ឆ័យ លោក ហូរ វ៉ាន់ និងលោក រៀល ខេមរិន្ទ្រ បានចេញមកទទួលញត្តិពីក្រុមអ្នកតវ៉ា ដោយបានសន្យានឹងពិនិត្យលើករណីនេះ ហើយស្វែងរកដំណោះស្រាយដល់ពលរដ្ឋទាំងនោះ។បន្ទាប់ពីបាន ដាក់ញត្តិជូនរដ្ឋសភា ក្រុមអ្នកតវ៉ា បន្តដំណើរទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសាកសួរពីលទ្ធផលនៃការដាក់ញត្តិរបស់ខ្លួនកាលពីថ្ងៃទី៥ ខែសីហាកន្លងទៅ តែត្រូវអាជ្ញារពី៤០០ ទៅ ៥០០នាក់ហាមឃាត់។ការហាមឃាត់នេះបណ្ដាលឲ្យមានការរុញច្រានគ្នា ដែលបណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ និងក្មេងតូចម្នាក់ដួលសន្លប់ ហើយពលរដ្ឋមួយចំនួន បានរងរបួសដោយដំបងឆក់របស់អាជ្ញាធរ។តំណាងពលរដ្ឋ លោក សួន វិច្ឆិកា សម្តែងការសោកស្តាយ និងការឈឺចាប់ចំពោះការរារាំងនេះ។ លោក រិះគន់ចំពោះទង្វើរបស់កម្លាំងសមត្ថកិច្ច ដែលបង្ក្រាបលើក្រុមបាតុករ ដោយហិង្សា។យ៉ាងណាក៏ដោយ អ្នកដែលសន្លប់ទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់អង្គការ សិទ្ធិមនុស្សលីកាដូដើម្បីជួយសង្គ្រោះ ។ ចំណែកក្រុមអ្នកតវ៉ាត្រូវបានសមត្ថកិច្ចកៀងឲ្យទៅប្រមូលផ្ដុំក្រោមដើម ពោធិ៍នៅសួនមុខវត្តបទុម ។ អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ លោក អំ សំអាត ដែលបានតាមដានហេតុការណ៍ ព្រមានថា ទង្វើអាជ្ញាធរដែលនៅតែបន្តបង្ក្រាបបែបនេះ អាចជាការដុះកំហឹងមួយ ដល់ពលរដ្ឋទាំងអស់ក្នុងជម្លោះដីធ្លី ហើយកត្តានេះ អាចនឹងឈានទៅកាន់បដិវត្តដីធ្លីនៅថ្ងៃខាងមុខ។ប្រជាពលរដ្ឋឲ្យដឹងដែរថា ពួកគេជាង៤០០គ្រួសារនេះ គឺសុទ្ធតែមានសាលាកបត្រដីត្រឹមត្រូវ តែអាជ្ញាធរ បែរជាមិនអនុវត្តទៅតាមសារាចរ ០០១ របស់នាយករដ្ឋមន្ត្រីនោះទេ។ ពួកគេចោទថា អភិបាលខេត្តក្រចេះលោក សរ ចំរុង ក្បត់នឹងបទបញ្ហារបស់លោកនាយករដ្ឋមន្ត្រី ឃុបឃិតជាមួយក្រុមហ៊ុន យកដីពលរដ្ឋ។ដោយឡែក អភិបាលខេត្តក្រចេះលោក សរ ចំរុង បដិសេធបកស្រាយជុំវិញរឿងនេះ។ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយយុទ្ធសាស្តជាតិ ស្តីពីសន្តិសុខស្បៀង និង អាហារូបត្ថម្ភ ២០១៤-២០១៨នៅវិមានសន្តិភាពនាថ្ងៃទី១៨ ខែសីហានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានស្តីបន្ទោសដល់អាជ្ញាធរដែនដីមួយចំនួន ជាពិសេស ដូចជាករណីនៅខេត្តក្រចេះ ដែលមិនព្រមដោះស្រាយបញ្ហាដីធ្លីជូនដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងដី វិនិយោគដែលតែងតែឡើងមករកការអន្តរាគមន៍ ពីលោកនៅរាជធានីភ្នំពេញ។លោកនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីម្តងទៀតថា ដីដែលពាក់ព័ន្ធ រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគនោះ គឺត្រូវឱ្យអាទិភាពទៅប្រជាពលរដ្ឋជាមុន។កាលពី ថ្ងៃទី៥ ខែសីហា អ្នកមានជម្លោះដីធ្លីបានហែក្បួនដោយថ្មើរជើងពីវត្តសាមគ្គីរង្សី ដាក់ញត្តិទៅគណៈកម្មការចម្រុះដោះស្រាយវិវាទនៃខុទ្ទកាល័យ នាយករដ្ឋមន្ត្រីដើម្បីស្នើសុំអន្តរាគមន៍ ហើយខាងខុទ្ទកាល័យបានសន្យានឹងពិនិត្យ ហើយកោះហៅមន្ត្រីពាក់ព័ន្ធមកសួរនាំ ដើម្បីចុះត្រួតពិនិត្យនៅទីតាំងជម្លោះផ្ទាល់។កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធា្លប់ប្រកាសកាត់ដីទំហំ៧៥០ហិកតានៅស្រុកស្នួលខេត្តក្រចេះនេះ ទៅក្រុមអ្នកតវ៉ាជាង៤០០គ្រួសារ ដើម្បីបញ្ចប់ជម្លោះ។ ប៉ុន្តែនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៤ សុរិយោដីខេត្ត បែរជាចេញសេចក្តីសម្រេច កាត់ដីអ្នកភូមិនៅតំបន់នោះដាក់ជាដីរដ្ឋទៅវិញ ទើបផ្ទុះការតវ៉ាដល់រាជធានីភ្នំពេញ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៤