• អាជ្ញាធរ​រារាំង​ក្រុមយុវជន​មិន​ឲ្យ​ជិះ​កង់​ផ្សព្វផ្សាយ​ពី​ការថែរក្សា​បរិស្ថាន​

    • Issue Date 18-Aug-2014

    អាជ្ញា​ធរមាន​សមត្ថកិច្ច​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៧ សីហា រារាំង​មិន​ឲ្យ​យុវជន​និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ (Mother Nature) ជិះ​កង់​តាម​ក្រុងភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​ពី​ការលើកកម្ពស់​ថែរក្សា​បរិស្ថាន និង​ការពារ​ធនធានធម្មជាតិ​នៅ​តំបន់​ស្ទឹង​ឆាយ​អា​រ៉ែ​ង ដែល​ក្រុមហ៊ុន​ចិន ស៊ី​ណូ ហាយ​ដ្រូ (Sino Hydro) គ្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នោះឡើយ​។​​អាជ្ញាធរ​លើកឡើងថា ការរារាំង​នេះ​ដោយសារ​ក្រុម​អ្នកជិះ​កង់​មិនបាន​សុំច្បាប់​អាជ្ញាធរ ត្រឹមត្រូវ ប៉ុន្តែ​ខាង​អ្នកជិះ​កង់​វិញ​លើកឡើងថា ពួកគេ​បាន​ជូនដំណឹង​ដល់​សាលា​រាជធានី​ភ្នំពេញ រួចហើយ​។​​កងកម្លាំង​នគរបាល​និង​សន្តិសុខ​ខណ្ឌមានជ័យ និង​សន្តិសុខ​រាជធានី​ភ្នំពេញ ប្រមាណ ១០០​នាក់ ដឹកនាំ​ដោយ​អភិបាលរង​ខណ្ឌមានជ័យ លោក ហៀក ចាន់​លាង ចុះ​បិទ​ខ្ទប់​ច្រកចេញចូល​នៅមុខ​ការិយាល័យ​បណ្ដាញ​យុវជន​ខ្មែរ​មហានគរ ដែល​ឋិត​នៅក្រោយ​វត្ត​សន្សំ​កុសល ក្នុង​សង្កាត់​បឹងទំពុន កន្លែង​ដែល​សកម្មជន​ចលនា​មាតា​ធម្មជាតិ​និង​យុវជន ប្រមូលផ្តុំ​គ្នា​ជិះ​កង់​ដើម្បី​ផ្សព្វផ្សាយ​ពី​ការការពារ​បរិស្ថាន តំបន់​អា​រ៉ែ​ង​។ ក្នុងពេល​ចុះ​រារាំង​នោះ សមត្ថកិច្ច​ក៏បាន​រឹបអូស​កង់​របស់​យុវជន​ប្រមាណ ២០​គ្រឿង​ទៀតផង​។​​ក្រុមយុវជន​ដែលមាន​គ្នា​ប្រមាណ ៥០​នាក់ ពាក់​អាវយឺត​មាន​រូប​សត្វ​ក្រពើ​និង​មាន​សរសេរ​អក្សរ​ការពារ​តំបន់​អា​រ៉ែ​ង ខ្លះ​ពាក់មួក​ស្លឹកត្នោត​មាន​បិទ​រូប​សញ្ញា ចលនា​មាតា ធម្មជាតិ ដែល​សរសេរថា ខ្ញុំ​ជា​សកម្មជន​ព្រៃឈើ ហើយ​ខ្លះទៀត​តុបតែង ដោយ​ពាក់អាវ​ធ្វើជា​រូប​សត្វ​ស្វា​ព្រៃ សត្វ​ខ្លា និង​សត្វ​ក្រពើ​ជាដើម​។ ចំណែក​កង់​របស់​ពួកគេ​វិញ មាន​ដោត​ទង់​ចលនា​មាតា​ធម្មជាតិ ត្រៀម​រួចជាស្រេច​ដើម្បី​ចេញដំណើរ​។ ប៉ុន្តែ​ការតុបតែង​រៀបចំ​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ មិនអាច​ធ្វើ​ឲ្យ​មហាជន​បានឃើញ​ឡើយ​។​​ក្នុងពេលដែល​សមត្ថកិច្ច​បិទ​ខ្ទប់​នោះ យុវជន​នាំគ្នា​ចុច​កណ្ដឹង​ធ្វើជា​សញ្ញា​សុំ​ផ្លូវ​ស្រែក​ឲ្យ​សមត្ថកិច្ច បើកផ្លូវ ព្រមទាំង​សូត្រ​មាត្រា​ច្បាប់​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ឲ្យ​សមត្ថកិច្ច​ស្តាប់ ទៀតផង​។ ទោះជា​យ៉ាងណា ពួកគេ​បានត្រឹមតែ​អាន​ច្បាប់ និង​បានត្រឹមតែ​ស្រែក​ប៉ុណ្ណោះ​។ ក្រោយពី​ប្រឈមមុខ​ដាក់គ្នា​ប្រហែល ១​ម៉ោង និង​ដោយ​មើលឃើញថា មិនអាច​ទៅមុខ​រួច ក្រុមយុវជន​ក៏​សម្រេចចិត្ត​បោះបង់​សកម្មភាព​ជិះ​កង់​នេះ ហើយ​នាំគ្នា​រំសាយ​តែម្ដង​។​​ប្រធាន​ចលនា​មាតា​ធម្មជាតិ លោក អា​ឡិ​ក​ហ្ស​ង់​ដ្រូ ហ្គ​ន់​ហ្សា​ឡេស ដេ​វិត​សឹ​ន (Alejandro Gonzalez Davidson) ដែលមាន​ដើមកំណើត​នៅ​ទីក្រុង​បា​សេ​លូ​ណា (Barcelona) ប្រទេស​អេ​ស្ប៉ា​ញ (Spain) និង​ជា​អ្នកដឹកនាំ​ការ​ជិះ​កង់​នេះ ថ្លែង​មុនពេល​រំសាយ​ថា បើទោះជា​ក្រុម​លោក​មិនបាន​ជិះ​កង់​ដូច​ការគ្រោងទុក​ក៏ដោយ តែ​លោក​ចាត់ទុកថា វា​គឺជា​ជោគជ័យ​មួយ​ដែរ ព្រោះថា ព័ត៌មាន​ដែល​ពួកលោក​កំពុង​ធ្វើ​នេះ នឹង​ត្រូវបាន​ផ្សព្វផ្សាយ​ទៅគ្រប់​ទីកន្លែង​។​​លោក​បន្តថា ក្រុម​លោក​នឹងធ្វើ​ការផ្សព្វផ្សាយ​នៅ​ថ្ងៃ​ខាងមុខ​ទៀត​ទៅតាម​រូបភាព​ផ្សេងៗ​ទៀត​៖ «​ព្រោះ ប្រសិនបើ​យើង​ទៅមុខ​បុក​គេ ប្រសិនបើ​យើង​ទៅខាង​ណោះ ក៏​បុក​គេ​ដែរ ហើយ​អ៊ីចឹង​យើង​មិន​អាចធ្វើ​សកម្មភាព​ណាមួយ​ដែល​រំខាន​ដល់​បងប្អូន សន្តិសុខ​បានទេ អ៊ីចឹង​យើង​សម្រេចចិត្ត​រំសាយ ហើយ​និង​ជោគជ័យ​ហើយៗ ដោយសារ​មាន​មនុស្ស​រាប់ម៉ឺន​រាប់សែន​នាក់​ដែល​បានឮ​ពី​អា​រ៉ែ​ង ដែលជា​ព្រៃឈើ​ចុងក្រោយ ដែល​ក្រុម ស៊ី​ណូ ហាយ​ដ្រូ ចង់​បំផ្លាញ​ក្នុងពេល​ឆាប់ៗ​យើង​ធ្វើ​សកម្មភាព​បន្តបន្ទាប់ ប៉ុន្តែ​យើង​ច្នៃប្រឌិត​បន្តបន្ទាប់​រហូត​ទេ យើង​មិនមែន​ធ្វើ​ដដែលៗ​ទេ លើក​ក្រោយ​ប្រហែលជា​អាចមាន​សកម្មភាព ដើរ​តាមផ្លូវ ឬក៏​អាចមាន​សកម្មភាព​ច្នៃប្រឌិត​ផ្សេងៗ​»​។​​ជុំវិញ​ការរារាំង​របស់​សមត្ថ​កិច្ច​នេះ អភិបាលរង​ខណ្ឌមានជ័យ លោក ហៀក ចាន់​លាង មានប្រសាសន៍ថា ប្រសិនបើ​ក្រុម​អ្នកជិះ​កង់​សុំច្បាប់​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ នោះអាជ្ញាធរ​មិន​ហាមឃាត់​ឡើយ​។ ចំពោះ​កង់​ដែល​រឹបអូស​នោះ លោក​ថា អាជ្ញាធរ​នឹង​ប្រគល់​ឲ្យ​ពួកគេ​វិញ​៖ «​ខ្ញុំ​ជឿថា ប្រសិនជា​គាត់​ធ្វើ​មក​ដើម្បី​ផលប្រយោជន៍​ការពារ​ធនធានធម្មជាតិ ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​ឲ្យ​គាត់​សុំច្បាប់​ពី​សាលា​រាជធានី​ភ្នំពេញ​។ ខ្ញុំ​ជឿថា សាលា​រាជធានី​ភ្នំពេញ នឹង​អនុញ្ញាត​ជូន​គាត់​បាន ហើយ​ពេលដែល​គាត់​ស្នើ​ហ្នឹង សូម​ឲ្យ​បញ្ជាក់​ពី​កម្មវត្ថុ ឲ្យ​បានច្បាស់លាស់ ហើយនឹង​តម្រាយ​ផ្លូវ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ខាង​អាជ្ញាធរ​យើង​សហ​ការជួយ​តម្រាយ​ផ្លូវ​ជូន​គាត់ សុំ​ឲ្យ​មាន​លិខិតអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ ជាមុន​»​។​​យ៉ាងណាក៏ដោយ លោក អា​ឡិ​ក​ហ្ស​ង់​ដ្រូ មានប្រសាសន៍ថា ក្រុម​លោក​បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ រួច​ហើយពី​ការ​ជិះ​កង់​នេះ ព្រោះ​លោក​ថា នៅក្នុង​ច្បាប់​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​មិន​តម្រូវ​ឲ្យ​សុំច្បាប់ នោះទេ​។ ម្យ៉ាង​លោក​ថា សកម្មភាព​នេះ​វា​មិនមែនជា​រឿង​នយោបាយ​នោះទេ គ្រាន់តែ​ជា​រឿង​ការការពារ​បរិស្ថាន​ធនធានធម្មជាតិ​ប៉ុណ្ណោះ​។​​ចំណែក​ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿ​ន តុលា ដែល​ចូលរួម​អង្កេត​មើល​សកម្មភាព​ជិះ​កង់​ដែរនោះ កត់សម្គាល់ថា អាជ្ញាធរ​មិនគួរ​រារាំង​សកម្មភាព​ស្រឡាញ់​បរិស្ថាន​របស់​យុវជន​ឡើយ ព្រោះថា សកម្មភាព​ជិះ​កង់​របស់​ពួកគេ​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ សាធារណៈ​នោះឡើយ​។​​លោក មឿ​ន តុលា​៖ «​នៅ​ប្រទេស​មួយចំនួន ពិសេស​នៅ​ប្រទេស​ឥ​ណ្តូ​នេ​ស៊ី នៅក្នុង​តំបន់​អាស៊ាន ដូចគ្នា​ផង គេ​កំណត់​យក​ថ្ងៃមួយ ជា​ថ្ងៃ​បាយ​ឃី​ង (biking) ជា​ថ្ងៃ​ដែល​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​ជិះ​កង់ អ៊ីចឹង​រឿង​២​ដែល​សំខាន់ គឺ​រឿង​មួយ​រឿង​បរិស្ថាន វា​ជា​អាយុជីវិត​យើងទាំងអស់គ្នា ធនធានធម្មជាតិ​ជា​អាយុជីវិត​របស់​យើងទាំងអស់គ្នា​។អស់លោក​ឥឡូវនេះ​គាត់​នៅក្នុង​តំណែង​ធំៗ​នេះ អាច​ថា មិនទាន់​ព្រួយបារម្ភ​ខ្លាំង​ពី​ផលប៉ះពាល់​លើ​គាត់ ក៏ប៉ុន្តែ​កូនចៅ​របស់គាត់​ក្រោយៗ​ទៅ គាត់​នឹង​បាត់បង់​ធនធានធម្មជាតិ​ដែល​សំខាន់ៗ​»​។​​ក្រុមហ៊ុន​ចិន ស៊ី​ណូ ហាយ​ដ្រូ មាន​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​ឆាយ​អា​រ៉ែ​ង ដែល​ត្រូវ​ចោទប្រកាន់ថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធានធម្មជាតិ និង​សត្វ​កម្រ​ជាច្រើន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ ព្រៃ​អារក្ស ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង​ជាច្រើន ពិសេស​គឺ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាជន​ជនជាតិដើម​ជង​តែម្តង​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១៧​ ខែសីហា ឆ្នាំ ២០១៤ ។