• ហេង សំរិន សន្យា​ជាមួយ​រដ្ឋាភិបាល​វៀតណាម ចាត់វិធានការ​ផ្លូវច្បាប់​លើ​ក្រុម​ជ្រុលនិយម​ញុះញង់​បាតុកម្ម​ប្រឆាំង​វៀតណាម​

    • Issue Date 19-Aug-2014

    ប្រធានរដ្ឋសភា កម្ពុជា លោក ហេង សំរិន សន្យា​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​ថា កម្ពុជា​នឹង​ប​ញ្ច្រៀ​សកម្មភាព​តវ៉ា និង​ដុត​ទង់ជាតិ​វៀតណាម មិន​ឲ្យ​កើតឡើង​សាជាថ្មី ដោយ​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ជន​ណា​ដែល​បង្ក​សកម្មភាព​បែបនេះ​។​​ការសន្យា​នេះ​ធ្វើឡើង​នៅពេល​ហេង សំរិន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ហាណូយ រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែសីហា ដែលជា​ទស្សនកិច្ច​ថ្មី​មួយទៀត បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ការធ្វើ​ពហិការ​ចូលប្រជុំ​សភា និង​ការធ្វើ​បាតុកម្ម​ប្រឆាំង​វៀតណាម​ថ្មីៗ រហូតដល់​មានការ​ដុត​ទង់ជាតិ​វៀតណាម​។​លោក ហេង សំរិន បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម​លោក ង្វៀន តាំង​យុង​(Nguyen Tan Dung)​កាលពី​ថ្ងៃ​ចន្ទ​។​​សារព័ត៌មាន​របស់​វៀ​ត​ណា​ម​www.en.nhandan.org.vn ចុះផ្សាយ​នៅ​ថ្ងៃទី​១៨​ខែសីហា​ថា​« ទាក់ទង​នឹង​សកម្មភាព​ថ្មីៗ​របស់​ពួក​ជ្រុលនិយម​ខ្មែរ​កម្ពុជា​ក្រោម​មួយ ចំនួន ដូច​ជាការ​ការធ្វើ​បាតុកម្ម​ខុសច្បាប់​ប្រឆាំងនឹង​វៀតណាម ការដុត​ទង់ជាតិ​ប្រទេស ដែល​ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​ឈឺចាប់ នាយករដ្ឋមន្ត្រី​លោក Dung ស្នើ​រដ្ឋសភា​កម្ពុជា និង​រដ្ឋាភិបាល​ចាត់វិធានការ​សមរម្យ ដើម្បី​ប​ញ្ច្រៀ​ស​ករណី​ស្រដៀង​គ្នា​នេះ​»​។​​ជាការ​ឆ្លើយតប លោក ហេង សំរិន មានប្រសាសន៍ថា លោក​សោកស្តាយ​ដែលមាន​បាតុកម្ម​ប្រឆាំងនឹង​វៀតណាម ជាពិសេស​ការដុត​ទង់ជាតិ​ប្រទេស​វៀតណាម​។ លោក​ចាត់ទុកថា​សកម្ម​ភាព​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​ជ្រុលនិយម​មួយក្រុម ដែល​ត្រូវបាន​ញុះញង់​ដោយ​កត្តា​មួយចំនួន និង​មិន​បានដឹង​ពី​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​។ លោក​បន្តថា រដ្ឋសភា​ប្រទេស​កម្ពុជា និង​រូបលោក​ផ្ទាល់​ខឹង​ចំពោះ​សកម្មភាព​ទាំងនេះ ហើយ​ប្រទេស​កម្ពុជា​បាន​ចាត់វិធានការ​ក្តៅ ដើម្បី​ដោះស្រាយ​ឧបទ្ទវ​ហេតុនេះ និង​ផ្តន្ទាទោស​អ្នករំលោភ ហើយ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព ប្រើប្រាស់​ច្បាប់ ប​ញ្ច្រៀ​ស​សកម្មភាព​បែបនេះ​កើតឡើង​សាជាថ្មី​ទៀត​។​​លោក ហេង សំរិន ក៏បាន​អរគុណ​គណបក្ស ប្រទេស រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម​សម្រាប់​ការ​គាំ​ត​ទ្រ​ជាពិសេស​កាលពី​អតីតកាល ក្នុងការ​ព្យាយាម​រំដោះ​កម្ពុជា និង​ជួយ​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម ក៏ដូចជា​ជួយ​ស្តារ និង​អភិវឌ្ឍ​កម្ពុជា​ឡើងវិញ​។ លោក​សង្ឃឹមថា វៀតណាម នឹង​បន្ត​ជួយ​អភិវឌ្ឍ​កម្ពុជា តាមរយៈ​ការពង្រឹង​ភាពជា​ដៃគូ​នៅក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​។​​កាលពី​ចុង​សប្តាហ៍​មុន សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ប្រកាស​ផ្អាក​ធ្វើបាតុកម្ម​ទាមទារ​ការ​សុំទោស​ពី​មន្ត្រី​នាំពាក្យ ស្ថានទូត​វៀតណាម ជា​បណ្តោះអាសន្ន​ដល់​ដំណាច់​ខែសីហា ដោយ​រង់ចាំ​លទ្ធផល​ពី​ក្រសួងការបរទេស​ខ្មែរ ជុំវិញ​ញត្តិ​ស្នើសុំ​របស់ខ្លួន​។​​កាលពី​ថ្ងៃទី​១៤ ខែសីហា ក្រសួងការបរទេស​វៀ​ត​ណា​ម ប្រកាស​ថ្កោលទោស​យ៉ាងខ្លាំង​បាតុករ​ខ្មែរ​កម្ពុជា​ក្រោម និង​ហៅ​ការធ្វើ​បាតុកម្ម​នោះ ជា​រឿង​ខុសច្បាប់​ហើយ​ការដុត​ទង់ជាតិ​វៀតណាម គឺជា​ចេតនា​បញ្ឆេះ​នូវ​អារម្មណ៍​របស់​ប្រជាជន​វៀតណាម ដែល​ទង្វើ​នេះ​មិន​ស្របទៅតាម​ស្មារតី​នៃ​ទំនាក់ទំនង​ប្រទេសជិតខាង មិត្តភាព​ប្រពៃណី រវាង​វៀតណាម​-​កម្ពុជា​នោះទេ​។​​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ហេង សំរិន ដែលជា​អតីត​ប្រមុខរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា ធ្វើឡើង​ស្របពេល​ដែល​ប្រជាជន​កម្ពុជា​កំពុងធ្វើការ​តវ៉ា​នៅមុខ​ស្ថានទូត វៀតណាម ករណី​ដែល​មន្ត្រី​ទូត​វៀតណាម​ម្នាក់​និយាយថា​"​ទឹកដី​កម្ពុជា​ជា​របស់ខ្លួន តាំងពី​ដូនតា​មក​" ហើយ​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​ការតវ៉ា​ឲ្យ​មន្ត្រី​នោះ​សុំទោស​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៤ ។