• អ្នកមាន​ជម្លោះដីធ្លី​ថា តំណាងរាស្ត្រ CPP នៅ​កំពង់ឆ្នាំង​ឡើងមក​ចរចា​ជាមួយ​ពួកគាត់​ដោយសារ​សម្តី​នាយករដ្ឋមន្ត្រី​

    • Issue Date 21-Aug-2014

    អ្នកមាន​ជម្លោះដីធ្លី​មកពី​ភូមិ​ចំនួន​៥​នៅ​ខេត្តកំពង់ឆ្នាំង រួម​នឹង​សង្គម​ស៊ីវិល​លើកឡើងថា ការចេញមុខ​មក​ចរ​ចា​រក​ដំណោះស្រាយ​របស់​តំណាងរាស្ត្រ​ខេត្តកំពង់ឆ្នាំង គឺ​ដោយសារតែ​ខ្លាច​បាត់បង់​តំណែង​របស់ខ្លួន ក្រោយពី​មានការ​ប្រកាស​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទ​មុនី ឡើង​មកជួប​ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​ដល់​រាជធានី​ភ្នំពេញ​តាមរយៈ​ការសម្រួល ពី​អភិបាលរង​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​អភិបាលរង​ខណ្ឌដូនពេញ លោក សុខ ពេញ​វុ​ធ​។ ក្នុង​ការឡើង​មកជួប​នេះ លោកស្រី កែ​ច័ន្ទ មុនី បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រលប់​ទៅវិញ ជាមួយនឹង​ការសន្យា​ថា​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំងអស់គ្នា​។​​ក្រោយពី​ការស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រលប់​ទៅវិញ​មិនបាន​សម្រេច លោកស្រី កែ ច័ន្ទ​មុនី បាន​សន្យា​ចំពោះ​ការទាមទារ​ចំនួន​៣​ចំណុច​របស់​ប្រជាពលរដ្ឋ ថា​នឹង​ព្យាយាម​ដោះស្រាយ​តាមរយៈ​ការពិភាក្សា​ម្តង​មួយ​ចំណុច «​ខ្ញុំ ជម្រាប​មកវិញ​ថា​យើង​មិន​អាចធ្វើ​អ្វី​ឲ្យ​តាមចិត្ត​យើង​បាន ប៉ុន្តែ​យើង​នឹងធ្វើ ឧទាហរណ៍​អំបាញ់មិញ បង​សុំ​ថា​ធ្វើ​ម៉េច​ឲ្យ​៥​នាក់​បាន​ចេញពី​ពន្ធនាគារ យើង​នឹងត្រូវ​ពិភាក្សាគ្នា ក្រោម​តុលាការ យើង​ត្រូវ​ពិភាក្សា​គួរ​ធ្វើ​ម៉េច ដើម្បី​ឲ្យ​ចេញ​បាន​»​។​​ដំណោះស្រាយ​បី​ចំណុច​ដែល​ក្រុម​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​មាន រួមមាន ទី​១​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នកតំណាង​ទាំង​៥​នាក់​ដែល​ត្រូវបាន ចាប់ខ្លួន ទី​២​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី និង​ទី​៣​បញ្ចប់​ការធ្វើ​របង​លើដី​របស់​ពួកគាត់​និង​បញ្ឈប់​ការចោទប្រកាន់ លើ​ពលរដ្ឋ​ទាំងអស់ ។​​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​តំណាងរាស្ត្រ​នេះ តំណាង​ពលរដ្ឋ​មកពី​ឃុំ​តា​ជេស អ្នកស្រី អ៊ុំ សុ​ភី ប្រាប់ថា ប្រជាពលរដ្ឋ​ធ្លាប់​បានដាក់​ញត្តិ និង​ជូនដំណឹង​ទៅ​លោកស្រី កែ ច័ន្ទ​មុនី រួចមកហើយ តែ​លោកស្រី​មិនដែល​បាន​អើពើ​នឹង​ពួកគាត់​ទេ​។ អ្នកស្រី​បន្តថា ថ្ងៃនេះ​លោកស្រី​តំណាងរាស្ត្រ​ឡើងមក​ជួប​ប្រជាពលរដ្ឋ​ដោយផ្ទាល់ ហើយ​ព្យាយាម​ចរចា​ស្វែងរក​ដំណោះស្រាយ​ជូន​ពួកគាត់ គឺ​ដោយសារតែ​ខ្លាច​ធ្លាក់​ពី​តំណែង ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​មន្ត្រី​ដោះស្រាយ​បញ្ហាដីធ្លី​តាម​តំបន់​របស់ខ្លួន​នោះ​«​រយៈពេល ដែល​ពួក​ខ្ញុំ​ដើរមក​ដល់ទី​នេះ គឺ​ជិត​មួយអាទិត្យ​ហើយ ប៉ុន្តែ​ហេតុ​អី​បានជា​យូរណាស់​ហើយ មិនឃើញ​គាត់​មក បែរជា​បន្ទាប់ពី​ឮ​អនុសាសន៍ និង​សម្តី​របស់​នាយករដ្ឋមន្ត្រី បែរជា​លេចមុខ​ឃើញ​តំណាងរាស្ត្រ​មកពី​ទីនេះ​។ អ៊ីចឹង​ខ្ញុំ​គិត​ឃើញ​ដូច្នេះ​ថា គាត់​ខ្លាច​ធ្លាក់​តំណែង​របស់គាត់​ជា​តំណាងរាស្ត្រ​ហើយ​»​។​​ទោះបីជា​យ៉ាងណា កាលពី​ព្រឹក​មិញ​នេះ លោកស្រី កែ ច័ន្ទ​មុនី មានប្រសាសន៍ថា កន្លងមក​លោកស្រី​ធ្លាប់​ចុះទៅ​ភូមិ​ឡ​ពាង​ក្នុងនាម​ជា​វាគ្មិន តំណាងរាស្ត្រ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ផងដែរ ។​​អ្នកស្រី អ៊ុំ សុ​ភី សង្ឃឹមថា តំណាងរាស្ត្រ​រូបនោះ​នឹង​អាចជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ដែល​អូសបន្លាយ​នេះ បាន​ឆាប់​។ បើទោះជា​យ៉ាងណា អ្នកស្រី រួម​នឹង​ប្រជាពលរដ្ឋ​រងគ្រោះ​ផ្សេងទៀត​អះអាងថា នៅតែ​បន្តធ្វើ​ការតវ៉ា​នៅ​ភ្នំពេញ រហូតដល់​ការដោះស្រាយ​ចប់សព្វគ្រប់​ទើប​ត្រលប់​ទៅវិញ​។​​ក្នុងនោះ ប្រធាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារ​ម្យ ក៏​យល់​ដូចគ្នា​ទៅនឹង​ប្រជាពលរដ្ឋ​រងគ្រោះ​ដែរ​ថា ការ​ចេញមក​ចរចា​នេះ ដោយសារតែ​មានការ​ប្រកាស​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​មានការ​យកចិត្តទុកដាក់ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ពី​សំណាក់​មន្ត្រី​តាម​មូលដ្ឋាន​របស់ ខ្លួន​។ ទោះជា​យ៉ាងណា លោក​ក៏​មិន​សង្ឃឹមថា​ការសន្យា​របស់​ថ្នាក់ដឹកនាំ​នេះ​អាច​ទទួលបាន​ជោគជ័យ ដែរ «​យើង​ពិបាក​ជឿ​ដែរ ព្រោះ​គាត់​ធ្លាប់តែ​និយាយ​បាត់​ដៃ ខ្នងដៃ​ច្រើនលើក ច្រើនសា​ពេក ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​អង្គការ​សង្គម​ស៊ីវិល​ពិបាក​ជឿជាក់​មកលើ​ការប្តេជ្ញាចិត្ត​របស់ គាត់​»​។​​លោក សៀ ភារ​ម្យ បាន​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ទម្លាប់​ការនិយាយ​ភូតភរ និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​តា​ម​ការសន្យា​។​​គួរ​បញ្ជាក់ថា អ្នកមាន​ជម្លោះដីធ្លី​មកពី​ប្រាំ​ភូមិ​គឺ​ភូមិ ឡ​ពាង សូរ​វង្ស បឹងកក់ បន្ទាយមាស និង​ភូមិ​សំរោង ក្នុង​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ប្រមាណ​ជា​៧០​នាក់ បាន​ឡើងមក​ភ្នំពេញ ដើម្បី​ស្វែងរក​ការអន្តរាគមន៍​ឲ្យ​ដោះលែង និង​ទម្លាក់​បទ​ចោទ​លើ​តំណាង​ពួកគេ​៥​នាក់ និង​ទាមទារ​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ ដែល​កើតឡើង​ជិត​១០​ឆ្នាំ​ហើយ ជាមួយ​ក្រុមហ៊ុន​KDC របស់​អ្នកស្រី​ជា ខេង ភរិយា​លោក​ស៊ុយ​សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​៕ដកស្រងចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៤ ។​