-
អ្នកបឹងកក់បីនាក់ ត្រូវបានចាប់ខ្លួននៅមុខទីស្តីការគណៈរដ្ឋមន្ត្រី
- Issue Date 22-Aug-2014
អ្នកបឹងកក់៣នាក់ នៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានសន្តិសុខខណ្ឌដូនពេញ ចាប់ដាក់រថយន្ត ក្រោយពីពួក គេបានបង្ហាញមុខនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តវ៉ាទាមទារដំណោះស្រាយដីធ្លី។នៅម៉ោងជាង៨ព្រឹកថ្ងៃសុក្រនេះ អ្នកមានជម្លោះដីធ្លីមួយចំនួនបានប្រមូលផ្តុំនៅមុខ ទីស្តីការគណៈរដ្ឋមន្ត្រី ។តាមគម្រោង អ្នកមានជម្លោះដីធ្លី រួមមានអ្នកបឹងកក់ បុរីកីឡា ថ្មគោល និងអ្នកឡពាង នឹងប្រមូលផ្តុំដើម្បីសុំដំណោះស្រាយដីធ្លីពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ការប្រមូលផ្តុំនេះ ត្រូវបានសន្តិសុខខណ្ឌរាប់សិបនាក់ បំបែកដោយមានការប្រទុស្តសារាយដោយហិង្សា ក្នុងនោះស្ត្រីពីរនាក់ និងបុរសម្នាក់ ដែលជាប្រជាពលរដ្ឋមកពីតំបន់បឹងកក់ត្រូវបានចាប់ខ្លួន។ស្ត្រីម្នាក់ ក្នុងចំណោមពីរនាក់នោះ មានម្នាក់ឈ្មោះ បូ ឆវី។សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ ឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានបញ្ជាឲ្យបំបែកអ្នកតវ៉ាទាំងនោះ នៅពេលពួកគេលើកបដាសុំដំណោះស្រាយដីធ្លី។នៅព្រឹកថ្ងៃសុក្រនេះ មានសេចក្តីរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបើកកិច្ចប្រជុំនៅវិមានសន្តិភាព។អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកមិនទាន់បានដឹងពីការចាប់ខ្លួននេះទេ ហើយលោកថាលោកនឹងតាមដានករណីនេះ។កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា នៅថ្ងៃនេះអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នឹងចូលប្រជុំដើម្បីកំណត់ថាតើមេទាហាន មេប៉ូលិស មេប៉េអឹម នឹងត្រូវគ្រប់គ្រង ដោះស្រាយរបៀបម៉េច ហើយត្រូវទទួលញត្តិយកទៅណា ពេលប្រជាពលរដ្ឋមានជម្លោះដីធ្លីតវ៉ា៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៤ ។