• អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ និង​បាត់ដំបង មករក​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​

    • Issue Date 25-Aug-2014

    អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រមាណ​២០០​នាក់ ឋិត​នៅ​ព្រំប្រទល់​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ចន្ទ​នេះ ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​អន្តរាគមន៍​ពី​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​ការពិភាក្សា​នៅ​សាលាខេត្ត​បាត់ដំបង​កាល​ពី​ព្រឹក​មិញ​មិន ទទួលបាន​លទ្ធផល​។​​តំណាង​ប្រជាពលរដ្ឋ​ម្នាក់ លោក ក្រុម សំ​អយ មកពី​ភូមិ​ប្រាសាទ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ប្រាប់​VOD​ថា កាលពី​ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​មកពី​៣​ភូមិ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្រោម​ដើម​ពោធិ​ក្នុង វត្ត​ដំរី​ស រង់ចាំ​លទ្ធផល​នៃ​ការចូល​ចរចា​អ្នកតំណាង​៦​នាក់​នៅ​សាលាខេត្ត​បាត់ដំបង ។​​លោក​បន្តថា ការចរចា​នេះ​មិន​ទទួលបាន​លទ្ធផល​ទេ ដោយ​លោក​អភិបាលរង​ខេត្ត​បាត់ដំបង​លោក ងួន រតនៈ ថា​មិនមែន​ជា​សមត្ថកិច្ច​របស់ខ្លួន ពីព្រោះ​មាន​ពាក់ព័ន្ធ​នឹង​ដីកា​សម្រេច​របស់​តុលាការ ដូចនេះ​ប្រជាពលរដ្ឋ​បានសម្រេច​គ្នា​ឡើង​មក​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។​​លោក ក្រុម សំ​អយ ឲ្យដឹងថា នៅក្នុង​ឆ្នាំ​២០០៦ លោក សន ថន លោក ស៊ុន ប៊ុនធឿន និង​លោក ប៉ែន កិ ដែល​ជា​អ្នកពាក់ព័ន្ធ​នឹង​ជម្លោះ​នេះ បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ និង​ជីក​ប្រឡាយ​ជុំវិញ​ដី​ជម្លោះ​នោះ ហេតុដូចនេះ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការតវ៉ា​ទៅ​អភិបាលខេត្ត ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​​លោក​បន្តថា អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អន ស៊ុំ និង​អភិបាលខេត្ត​បាត់ដំបង​នាពេល​នោះ​គឺ​លោក ប្រាជ្ញ ច័ន្ទ បាន​សម្រេច​ដក​ហូត​គ្រឿងចក្រ និង​ដកហូត​ដី​នោះ​ជា​សម្បត្តិ​រដ្ឋ ដោយ​មិន​បាន​បញ្ជាក់ថា​ប្រជាពលរដ្ឋ​មិន​អាច​អាស្រ័យ​នៅ​លើ​ដី​នោះបានទេ​។​​លោក ក្រុម សំ​អយ បន្ត​ថា​ជម្លោះ​នេះ​បាន​ស្ងប់ស្ងាត់​រយៈពេល​ជាច្រើន​ឆ្នាំ​ទើប​តែ​ក្នុង​ឆ្នាំ ២០១២ សាលាដំបូង​បានសម្រេច​ចេញ​ដីកា​រក្សា​ការពារ​លើ​ដី​ជម្លោះ​នោះ ដោយ​មិន​អនុញ្ញាតិឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យផលលើ​ដី​ទៀតឡើយ ដោយ​ប្រគល់​សិទិ្ធ​កាន់កាប់​ទៅ​ឲ្យ​លោក សន ថន លោក ស៊ុន ប៊ុនធឿន និង​លោក ប៉ែន កិ ទៅវិញ​។​​លោក​បន្ថែមថា បុគ្គល​ទាំងបី​នេះ ធ្លាប់បាន​គំរាម​គំហែង​ប្រជាពលរដ្ឋ និង​បាន​ចាប់​កូនប្រុស​របស់​អ្នកតំណាង​ជម្លោះ​ដី​ម្នាក់​ដាក់​ពន្ធនាគារ​រយៈ ពេល​៣​ខែ នៅពេល​ប្រជាពលរដ្ឋ​ព្រមទាំង​កូនប្រុស​អ្នកតំណាង​ជម្លោះ​ដី នាំគ្នា​រារាំង​មិន​ឲ្យ​គ្រឿងចក្រ​ឈូសឆាយ​លើ​ដី​ជម្លោះ​។​​អនុប្រធាន​ភូមិ​ប្រាសាទ​រ៉ា​ង លោក ប៊ុន ថន អះអាងថា ប្រជាពលរដ្ឋ​បាន​រស់នៅ និង​អាស្រ័យ​ផល​នៅ​ដី​ជម្លោះ​នោះ​តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ និង​មាន​ប័ណ្ណ​កាន់កាប់​បញ្ជាក់​ពី​ឃុំ​ផងដែរ​។ លោក​បន្តថា ប្រជាពលរដ្ឋ​បាន​ដាក់​ញ្ញត្តិ​ជា​បន្តបន្ទាប់​ទៅ​តាម​ស្ថាប័ន​នានា ដើម្បី​រក​ដំណោះស្រាយ ប៉ុន្តែ​មិន​ទទួលលទ្ធផល ហើយ​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នា​២០១៤ តំណាង​ប្រជាពលរដ្ឋ​២​រូប បាន​ទៅ​បំភ្លឺ​នៅ​សាលាឧទ្ធរណ៍ ពី​ករណី​ពាក់ព័ន្ធ​នឹង​ការដក​ហួត​នូវ​ដីកា​រក្សា​ការពារ ហើយក៏​មិន​ទទួល​លទ្ធផល​ដែរ ដោយ​ចៅក្រម​មិន​បាន​សុំ​ការបំភ្លឺ និង​សាកសួរ​ប្រជាពលរដ្ឋ​ពី​បញ្ហា​នេះ​។​​មន្ត្រី​សម្របសម្រួល​នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េង​លី មានប្រសាសន៍ថា តុលាការ​កំពុង​ធ្វើ​ខុស​នីតិវិធី​ច្បាប់ ហើយ​អាជ្ញា​ខេត្ត​មិន​យកចិត្តទុកដាក់ និង​ធ្វេសប្រហែស​ពី​បញ្ហា​នេះ ដោយសារ​តែ​ដី​ជម្លោះ​នេះ​ជា​ដី​គម្រប​ព្រៃឈើ​ដែល​ជា​ដី​សាធារណៈ ដែល​មិន​អាច​សុំ​ដីកា​រក្សា​ការពារ​លើដី​សាធារណៈ​របស់​រដ្ឋ​បានទេ ហើយ​ដី​នោះ​មិន​ទាន់​អនុប្រយោគ​ទៅជា​ដីឯកជន​របស់​រដ្ឋ​នៅឡើយ​ទេ ដូចនេះ​មិនអាច​ប្រគល់​សិទិ្ធ​កាន់កាប់​ឲ្យ​ឯកជន​ណាមួយ​ឡើយ​។​​លោក​បន្តថា កាល​ពី​អភិបាលខេត្ត​ទាំងពីរ​បាន​ដកហូត​ដី​នោះ​ជាស​ម្ប​តិ្ត​រដ្ឋ គឺ​លោក​មិន​បាន​ដេញ​ប្រជាពលរដ្ឋ​ចេញ​ទេ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ និង​អាស្រ័យ​ផល​នោះ​ប្រមាណ​ជា​១០​ឆ្នាំ​ហើយ ហេតុ​នេះ​អ្នក​ដែល​មាន​សិទិ្ធ​កាន់កាប់​លើ​ដី​ជម្លោះ​នោះ​គួរតែ​ប្រជាពលរដ្ឋ ។​VOD មិនអាច​សុំ​ការអធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ពី​អនុ​អភិបាលរង​ខេត្ត​បាត់ដំបង​លោក ងួន រតនៈ បាន​ទេ​ដោយ​លោក​ថា​ជាប់រវល់​ប្រជុំ​។​​ប្រជាពលរដ្ឋ​ឲ្យដឹងថា ជម្លោះ​ដី​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៣០០​គ្រួសារ​នៅ​ព្រំប្រទល់​ខេត្ត បាត់ដំបង និង​បន្ទាយមានជ័យ ដែល​ស្ថិតនៅ​ភូមិ​ប្រាសាទ​រ៉ា​ង ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​នៅ​ភូមិ​ក្រពើ​សែ​សិប ឃុំ​បឹង​២ ស្រុក​ប​វេល ខេត្ត​បាត់ដំបង លើ​ទំហំ​ដី​៦១២​ហិកតា​។ ចំណែក​អ្នកភូមិ​អូរ​វល្លិ​ព្រេង ឃុំ​ខ្នាចរមាស ស្រុក​ប​វេល ខេត្ត​បាត់ដំបង កើត​មាន​ជម្លោះ​តាំងពី​ឆ្នាំ​១៩៩៩ ដែល​កន្លងមក​ប្រជាពលរដ្ឋ​រង​ការចោទប្រកាន់​ពី​សិទិ្ធ​កាន់​កាប់ខុសច្បាប់ និង​ជាប់​ពន្ធនាគារ​។​​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៤។