-
អ្នកមានជម្លោះដីធ្លីឡពាង និងសហគមន៍ដីធ្លីភ្នំពេញ តវ៉ាសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងរដ្ឋសភា
- Issue Date 26-Aug-2014
ប្រជាសហគមន៍មានជម្លោះដីធ្លីប្រមាណជា៨០នាក់ ក្នុងនោះរួមមានអ្នកឡពាង បឹងកក់ បុរីកីឡា ថ្មគោល នៅព្រឹកថ្ងៃចន្ទនេះ ចេញមុខតវ៉ាជាថ្មី ដើម្បីសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ និងស្ថាប័នរដ្ឋសភា ករណីចាប់ខ្លួនតំណាង៥នាក់ និងសុំអន្តរាគមន៍ដំណោះស្រាយដីធ្លី ដែលកើតឡើងជាច្រើនឆ្នាំមកហើយ។ប្រជាពលរដ្ឋរួមមានទាំងក្មេងផងនោះ បានលើកបដា និងស្រែកទាមទាររកយុត្តិធម៌នៅខាងមុខក្រសួងយុត្តិធម៌។ ពួកគេបានទាមទារឲ្យទម្លាក់បទចោទលើអ្នកទាំង៥ និងដោះលែងតំណាងរបស់ខ្លួន។ ប្រជាសហគមន៍ទាំងនោះ ក៏បានទាមទារឲ្យស្ថាប័នពាក់ព័ន្ធរកដំណោះស្រាយបញ្ហាដីធ្លីជូនពួកគេ ។ក្នុងការតវ៉ានោះ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចមួយចំនួន បានយាមកាម។អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សំ ប្រជាមានិត បានទទួលយកញត្តិរបស់ប្រជាពលរដ្ឋ។ អ្នកតវ៉ាបានបន្តការហែក្បួនទៅរដ្ឋសភា ដើម្បីសុំអន្តរាគមន៍។ទំនាស់ដីធ្លីរវាងក្រុមហ៊ុនKDC របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាមួយអ្នកភូមិឡពាង ភូមិសូរវង្ស ភូមិបឹងកក់ និងភូមិសំរោង បានចាប់ផ្តើមតាំងពីឆ្នាំ២០០៦មកម្លេះ។ពលរដ្ឋអះអាងថា ពួកគាត់បានស្វែងរកដំណោះស្រាយទៅអាជ្ញាធរគ្រប់ថ្នាក់ និងតុលាការផងដែរ តែរហូតមកទល់ពេលនេះនៅតែមិនមានដំណោះស្រាយ។ ចំណែកប្រជាសហគមន៍បឹងកក់ បុរីកីឡា និងថ្មគោល បានចេញមុខតវ៉ាស្ទើរតែរៀងរាល់ថ្ងៃ តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយណាមួយ ដើម្បីបញ្ចប់ការតវ៉ានៅឡើយទេ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៤។