• យុវជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​តុលាការ​ដាក់ឱ្យ​ស្ថិតក្រោម​ការតាមដាន​

    • Issue Date 28-Aug-2014

    យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ គឺ​លោក សាន សី​ហៈ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​ឱ្យ​ស្ថិតនៅក្រោម​ការតាមដាន បន្ទាប់​ពី​តុលាការ​បាន​សាកសួរ​រយៈពេល ២​ម៉ោង នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៧ សីហា​។​​លោក សាន សី​ហៈ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម​ប្រឆាំងនឹង មន្ត្រីរាជការ​សាធារណៈ និង​ហិង្សា​ដោយ​ចេតនា ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​​តាមរយៈ ការសម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ មុនី សកម្មជន​ជា​យុវជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់នេះ នឹង​ត្រូវ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ២​ដង​ក្នុង ១​ខែ គឺ​នៅ​ថ្ងៃទី​១ និង​ទី​១៥​។ លើសពីនេះទៅទៀត លោក សាន សី​ហៈ ត្រូវ​សុំ​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ បើសិនជា​លោក​ចង់​ផ្លាស់ប្តូរ​ទីលំនៅ ឬ​ធ្វើ​ដំណើរ​ទៅ​បរទេស​។​​លោក សាន សី​ហៈ មាន​អាយុ ២៦​ឆ្នាំ ជា​លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ និង​ជា​ជំនួយការ​លោក ចេប គឹម​អ៊ាង សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី​។​​កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា តុលាការ​បាន​កោះហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ គឺ លោក អ៊ុក ពេជ្រ​សំណាង ឱ្យ​មក​បំភ្លឺ​ករណី​ដូចគ្នានេះដែរ ហើយ​នៅ​ថ្ងៃទី​២៨ និង ២៩ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ២​នាក់​ទៀត គឺ​លោក អាន បឋម និង​លោក ទេព ណារិន ក៏​នឹង​ត្រូវ​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​របស់​តុលាការ​ដែរ ចំពោះ​សំណុំរឿង​ដូចគ្នានេះ​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤។