-
រដ្ឋាភិបាលសិង្ហបុរី ប្រកាសមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនទិញដីតំបន់បឹងកក់
- Issue Date 28-Aug-2014
រដ្ឋាភិបាល សិង្ហបុរីតាមរយៈស្ថានទូតប្រចាំប្រទេសកម្ពុជា ប្រកាសថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន DLotus របស់ HLH Group ដែលទិញដីតំបន់បឹងកក់ និងថាខ្លួនក៏មិនអាចអន្តរាគមន៍តាមការស្នើសុំរបស់ប្រជាពលរដ្ឋមាន ជម្លោះដីធ្លីបានទេ។ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីប្រជាសហគមន៍បឹងកក់ កាលពីថ្ងៃពុធ បានមកតវ៉ា និងសុំអន្តរាគមន៍ជាថ្មីពីស្ថានទូតសិង្ហបុរីប្រចាំនៅភ្នំពេញ។ប្រជាពលរដ្ឋបានចោទប្រកាន់ថាប្រសិនបើស្ថានទូតមួយនេះ មិនឆ្លើយតបនឹងញត្តិរបស់ពួកគេ ដែលបានដាក់ជូនកាលពីថ្ងៃទី០៤ខែសីហា មានន័យថាស្ថានទូតជាអ្នកឃុបឃិតជាមួយក្រុមហ៊ុន។ ប្រជាពលរដ្ឋខ្លះទៀតបានចោទប្រកាន់ថា ស្ថានទូតបានប្រព្រឹត្តអំពើពុករលួយដូចរដ្ឋាភិបាកម្ពុជាដែរ។សេចក្តីថ្លែងការណ៍របស់ស្ថានទូតសិង្ហបុរី ចេញផ្សាយកាលពីថ្ងៃទី២៧ខែសីហា ឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៧ខែសីហា ក្រុមអ្នកមានជម្លោះដីធ្លី បានប្រមូលផ្តុំតវ៉ានៅមុខស្ថានទូតពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ពី ការទិញលក់ដីដែលមានជម្លោះរវាងក្រុមហ៊ុនអភិវឌ្ឍន៍DLotusរបស់HLH Group និងក្រុមហ៊ុន Shukaku Inc. ដែលពាក់ព័ន្ធនឹងជម្លោះដីជាមួយអ្នកបឹងកក់។សេចក្តីថ្លែងការណ៍បញ្ជា ក់ថា«ស្ថានទូតចង់បកស្រាយថា ក្រុមហ៊ុនHLH Group ជាក្រុមហ៊ុនឯកជន ដែលមិនមានទំនាក់ទំនងជាមួយរដ្ឋាភិបាលសិង្ហបុរីទេ។ ករណីនេះ រដ្ឋាភិបាលសិង្ហបុរី មិនអាចអន្តរាគមន៍ទៅក្នុងកិច្ចការជំនួញរវាងក្រុមហ៊ុនDLotus Development Company/HLH Group និង Shukaku Incបានទេ»។ស្ថានទូតសិង្ហបុរីប្រកាសថាខ្លួនក៏មិនអាចផ្តល់ការអត្ថាធិប្បាយ ទៅលើការអនុវត្តតាមច្បាប់នៃជម្លោះដីដែលបានធ្វើជំនួញនេះដែរ។ ស្ថានទូតបញ្ជាក់ទៀតថា«ទោះជាយ៉ាងណា ជំហររដ្ឋាភិបាលសិង្ហបុរីគឺថាក្រុមហ៊ុនរបស់សិង្ហបុរីទាំងអស់ និងបុគ្គលផ្សេងៗដែលធ្វើជំនួញក្រៅប្រទេស គួរតែគោរពតាមច្បាប់នៃប្រទេសទាំងនោះ ដែលពួកគេប្រតិបត្តិការជាមួយ»។ស្ថានទូតក៏បានលើកឡើងចំណុចមិនសមរម្យមួយដែលអ្នកតវ៉ាម្នាក់បាន ចោលពងមាន់ប្រហែលជាមួយឡូទៅលើរបងស្ថានទូត ដែលស្ថានទូតចាត់ទុកថាអំពើបំផ្លាញទ្រព្យសម្បត្តិឯកជន និងមិនអាចទទួលយកបាន។ ស្ថានទូតនឹងយកករណីនេះទៅប្រាប់អាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា។សារព័ត៌មានក្នុងស្រុករាយការណ៍ថា ក្រុមហ៊ុនHLH Groupដែលមានបុត្រសម្ព័ន្ធរបស់ខ្លួនគឺ DLotus Development បានព្រមព្រៀងទិញដីទំហំ១,៣៥ហិកតាពីក្រុមហ៊ុនShukaku កាលពីប៉ុន្មានខែមុន។ កាលពីថ្ងៃទី០៤ខែសីហា ប្រជាសហគមន៍មានជម្លោះដីធ្លី បានយកញត្តិជូនមន្ត្រីស្ថានទូតប្រទេសសិង្ហបុរី ប្រចាំកម្ពុជា ដើម្បីស្នើឲ្យក្រុមហ៊ុនមួយដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនសិង្ហ បុរី ផ្អាកទិញដីដើម្បីអភិវឌ្ឍន៍នៅតំបន់បឹងកក់។មន្ត្រីស្ថានទូតបាន ចេញមកទទួលយកញត្តិ ដោយសន្យាថានឹងពិនិត្យសំណើទាំងនោះ ហើយឆ្លើយតបពេលក្រោយ។កាលពីឆ្នាំ២០០៧ រដ្ឋាភិបាលកម្ពុជា បានជួលដីនៅក្នុងបរិវេណតំបន់បឹងកក់ រយៈពេល៩៩ឆ្នាំ ក្នុងតម្លៃប្រមាណ៧៩លានដុល្លារសហរដ្ឋអាមេរិក ទៅឲ្យក្រុមហ៊ុនShukaku Incរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍផ្ទៃដីនៅតំបន់បឹងកក់ចំនួន១៣៣ហិកតា។មន្ត្រីសិទ្ធិមនុស្សលើកឡើងថាការអភិវឌ្ឍនេះនាំឲ្យប៉ះពាល់ប្រជាពលរដ្ឋ ក្នុងតំបន់បឹងកក់ជាង៤ពាន់គ្រួសារ។ប្រជាពលរដ្ឋបានលើកឡើងថា កាលពីឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយកាត់ផ្ទៃដីទំហំ១២,៤៤ហិកតាចេញពី តំបន់គម្រោងអភិវឌ្ឍន៍បឹងកក់នេះ ដើម្បីទុកឲ្យប្រជាពលរដ្ឋប្រមាណ៦៥០គ្រួសារ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៤។