• ប្រជា​សហគមន៍​ជម្លោះដីធ្លី​ចំនួន​បី​ខេត្ត​នឹង​ដង្ហែ​ញត្តិ​ទៅ​រដ្ឋសភា​និង​ខុទ្ទកាល័យ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​

    • Issue Date 01-Sep-2014

    ប្រជា​សហគមន៍​មាន​ជម្លោះដីធ្លី​មកពី​ខេត្ត បាត់ដំបង បន្ទាយមានជ័យ និង​ប៉ៃលិន នឹង​ដង្ហែ​ញត្តិ​ទៅ​រដ្ឋសភា និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​នៅ​ថ្ងៃស្អែក​ដើម្បី​សុំ​ការធ្វើអន្ដរាគមន៍​ដោះស្រាយ​បញ្ហា​របស់ ពួកគាត់​ឲ្យ​បាន​ឆាប់​។​​អ្នកស្រី សំ អាត ជា​អ្នករងគ្រោះ​ពី​ការរំលោភ​ដីធ្លី​មកពី​ខេត្ត ប៉ៃលិន​បាន​ប្រាប់​VOD​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា អ្នក​តវ៉ា​ដែល​មកពី​ខេត្ត​ទាំងបី កំពុងស្នាក់នៅ​ក្នុង​វត្ត​ចាស់ ដែលមាន​គ្នា​ប្រមាណ​ជាង​១៣០​នាក់ នឹង​ដង្ហែ​ញត្តិ​នៅ​ថ្ងៃ​ចន្ទ​ទី​០១​ខែកញ្ញា​ឆ្នាំ​២០១៤​ខាងមុខនេះ​។​​អ្នកស្រី សំ អាត បន្តថា តាម​ការគ្រោងទុក​នៅ​ថ្ងៃស្អែក​នេះ​ពួកគាត់​នឹង​ដង្ហែ​ញត្តិ​ចេញពី​ទីតាំង វត្ត​ចាស់​ទៅ​ដា​ក់នៅ​វិមាន​រដ្ឋសភា​មុន ហើយ​បន្ទាប់មកទៀត​ទើប​យកទៅដាក់​នៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន​។ អ្នកស្រី​បញ្ជាក់ថា ក្នុង​ញត្តិ​នោះ ពួកគាត់ ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី និង រដ្ឋសភា ជួយ​ដោះស្រាយ​បញ្ហាដីធ្លី​ឲ្យ​បាន​ឆាប់ និង ដោះលែង​អ្នក​ជាប់ឃុំ​ករណី​ដីធ្លី​ទាំងអស់​។​​ចំណែកឯ​អ្នកស្រី ឌី​ណា ជា​ជនរងគ្រោះ​ដីធ្លី​មកពី​ខេត្តបាត់ដំបង​វិញ​ក៏បាន​លើក​ពី​ករណីនេះ ប្រហែល​គ្នា​ដែរ ដោយ​អ្នកស្រី​ថា បើសិន​ជាការ​ដង្ហែ​ញត្តិ​លើក​នេះ​បានសម្រេច ហើយ​មាន​អន្ដរាគមន៍​នោះ អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​ចុះ​វាស់វែង​ភ្លាមៗ​តែម្ដង​។ អ្នកស្រី​បន្តថា ប្រសិនបើ​នៅតែ​គ្មាន​ដំណោះស្រាយ​ទៀត​នោះ​ក្រុម​អ្នកស្រី​នឹង​បន្ដ​ការតស៊ូ តវ៉ា​ទាមទារ​ទាល់តែ​ដល់ទី​បញ្ចប់​។​​ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ដែល​គ្រោង​នឹង​ដង្ហែ​ញត្តិ​ក៏បាន​អំពាវនាវ សុំ​ឲ្យ​អាជ្ញាធរ​មេត្តាជួយ​សម្រួល​ដល់​ការ​ដង្ហែ​ញត្តិ​នៅ​ថ្ងៃស្អែក​ផង​។​​កាលពី​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៤​កន្លងទៅ អាជ្ញាធរ​បានធ្វើ​ការរារាំង​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំងនោះ ដែលមាន​បំណង​ហែ​ញត្តិ​មិន​ឲ្យ​ចេញពី​បរិវេណ​វត្ត​ចាស់​ឡើយ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិតេយ្យ ចេញផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០១៤ ។