-
គ្រួសារខ្មែររងគ្រោះដោយសារជនជាតិវៀតណាមកាប់ ចោទសមត្ថកិច្ចខណ្ឌច្បារអំពៅថារើសអើងលើជនជាតិខ្មែរ
- Issue Date 02-Sep-2014
គ្រួសារជនរងគ្រោះដែលត្រូវក្រុមជនជាតិវៀតណាម កាប់ឲ្យរងរបួសធ្ងន់ធ្ងរកាលពីសប្តាហ៍មុន នៅថ្ងៃអង្គារនេះ ចោទសមត្ថកិច្ចខណ្ឌច្បារអំពៅថា ធ្វើការមិនយុត្តិធម៌ ព្យាយាមការពារជនជាតិវៀតណាម។អ្នកស្រី គង់ សុធី អាយុ៤៤ឆ្នាំ ជាម្តាយជនរងគ្រោះឈ្មោះ កែវ សុធារ៉ា អាយុ១៧ឆ្នាំ មានប្រសាសន៍ នៅព្រឹកថ្ងៃអង្គារនេះថា សមត្ថកិច្ចមានចេតនាការពារជនជាតិវៀតណាម ដែលបានកាប់កូនអ្នកស្រី ដោយផ្តល់ឱកាសឲ្យជនជាតិវៀតណាមជាសាច់ញាតិជនល្មើស បានចូលទៅមើលជនល្មើសទាំង៧នាក់នៅក្នុងប៉ុស្តិ៍នគរបាល ផ្ទុយទៅវិញ ជនរងគ្រោះ ដែលជាកូនរបស់អ្នកស្រី មិនត្រូវបាននគរបាលយកចិត្តទុកដាក់ទេ សូម្បីតែក្រុមគ្រួសារចូលមើលក៏មិនអនុញ្ញាតដែរ។ អ្នកស្រីបន្តថា កាលពីម្សិលមិញ នគរបាលលើកឡើងថា កាំបិតដែលជាវត្ថុតាង ជនជាតិវៀតណាមកាប់មកលើកូនគាត់នោះ គឺគេទុកគ្រាន់ការពារខ្លួនប៉ុណ្ណោះ ព្រោះមិនមានស្នាមឈាម។ អ្នកស្រីបន្តថា «នៅខណ្ឌ មានយកក្រដាសដាក់ពាក្យបណ្តឹង ហើយសរសេរក្រដាសហ្នឹងសុទ្ធតែវ៉ៃគ្នាទៅវិញទៅមក ហើយកាំបិទហ្នឹងចាប់បានទៀត ហើយថា កាំបិទហ្នឹងគេទុកការពារខ្លួន។ ខ្ញុំចង់សួរលោកពូថា កាប់កូនខ្ញុំហើយគេថាទុកការពារខ្លួន»។អ្នកជិតខាងដែលនៅក្នុងហេតុការណ៍នោះលើកឡើងថា ជនជាតិវៀតណាមនោះ បានស្រែកមុននឹងកាប់ជនរងគ្រោះថា «អញចង់កាប់អាខ្មែរហ្នឹង»។អ្នកជិតខាងម្នាក់ អ្នកស្រីសោម ថាវី មានប្រសាសន៍ថា សមត្ថកិច្ចមានចេតនាគាបសង្កត់គ្រួសារជនរងគ្រោះ ដោយសមត្ថកិច្ចទាមទាររកសាក្សី តែនៅពេលដែលមានសាក្សីសុំចូលខ្លួន បែរជាខាងសមត្ថកិច្ចមិនឲ្យចូល។ អ្នកស្រីបន្តថា សមត្ថកិច្ចធ្វើការមិនសុក្រឹត មិនព្រមរកយុត្តិធម៌ជូនជនរងគ្រោះ។ អ្នកស្រីបញ្ជាក់ថា «អត់យុត្តិធម៌ចំពោះអ្នកដែលគ្នាអត់សូវមាន លុយ ក្រ វាអយុត្តិធម៌ចំពោះគាត់។ ខ្ញុំគិតមើលទៅថា ប៉ូលីសកាត់ក្តីមិនឲ្យគាត់ត្រឹមត្រូវ អ្នកណាត្រូវដាក់ថាត្រូវ ខុសថាខុស គាត់អត់មានគិតអ៊ីចឹងផង»។ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា មានប្រសាសន៍ថា ករណីឃុំខ្លួនជនរងគ្រោះគឺជារឿងខុសច្បាប់មួយទៅហើយ ម្យ៉ាងវិញទៀត ប្រសិនបើមានករណីដូចគ្រួសារជនរងគ្រោះលើកឡើងមែន គឺសមត្ថកិច្ចកំពុងធ្វើខុសច្បាប់ទាំងស្រុង ព្រោះក្នុងច្បាប់មិនត្រូវរើសអើងជាតិសាសន៍ទេ ហើយថាទង្វើបែបនេះបញ្ជាក់ឲ្យឃើញ សមត្ថកិច្ចកំពុងតែខ្លាចអំណាចរបស់ជនជាតិវៀតណាម ដែលមករស់នៅលើកទឹកដីកម្ពុជា។ លោកបន្តថា «ប្រសិនបើអ៊ីចឹងមែន គឺជាចំនុចដែលបង្ហាញថា ប៉ូលីសកំពុងតែបម្រើឲ្យនិន្នាការ បានន័យថា កំពុងតែមានការភ័យខ្លាចទៅលើជនជាតិវៀតណាម មិនភ័យទៅរឿងការអនុវត្តខុសច្បាប់ មានការភ័យខ្លាចលើអំណាចជនជាតិវៀតណាម»។ អធិការនគរបាលខណ្ឌច្បារអំពៅ លោក នេត ស៊ីថុន មិនអធិប្បាយទេ នៅពេលដែលអ្នកយកព័ត៌មានVODសួរ លោកថាជាប់រវល់។កាលពីខែមីនា ឆ្នាំ២០១៤ ជនជាតិវៀតណាមម្នាក់បានផឹកស្រវឹង ដើររករឿងគេពេញផ្លូវ នៅម្តុំវត្តចាក់អង្រែលើ ហើយត្រូវបានសង្ស័យថាពលរដ្ឋខ្មែរព្រួតគ្នាវាយសម្លាប់ ពេលនោះរដ្ឋាភិបាលវៀតណាមថ្កោលទោសភ្លាមៗ មកលើពលរដ្ឋខ្មែរ ប៉ុន្តែករណីជនជាតិវៀតណាមកំពុងរស់នៅកម្ពុជាដោយខុសច្បាប់ កាប់មកលើជនជាតិខ្មែរនេះ នៅមិនទាន់មានប្រតិកម្មពីរដ្ឋាភិបាលខ្មែរនៅឡើយទេ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០១៤ ។