-
សហរដ្ឋអាមេរិកស្វាគមន៍អ្នកមានជម្លោះដីធ្លី ក្នុងការជំរុញឲ្យកម្ពុជាគោរពសិទ្ធិមនុស្ស
- Issue Date 03-Sep-2014
ប្រជាសហគមន៍ជាង១០០នាក់ មកពីរាជធានីខេត្ត នៅថ្ងៃពុធនេះ សម្រុកទៅរកកិច្ចអន្តរាគមន៍ពីស្ថានទូតសហរដ្ឋអាមេរិក ជំរុញឲ្យពន្លឿនរកដំណោះស្រាយ រឿងជម្លោះដីធ្លី ដើម្បីធានាថា ការអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា មិនរំលោភសិទ្ធិមនុស្ស។សហគមន៍មានជម្លោះដីធ្លីទាំងនោះ មកពីតំបន់បឹងកក់ បុរីកីឡា ថ្មគោល ក្នុងរាជធានីភ្នំពេញ និងសហគមន៍ឡពាង មកពីខេត្តកំពង់ឆ្នាំង។តំណាងអ្នកភូមិមកពីខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ុំ សុភី ប្រាប់អ្នកសារព័ត៌មាននៅមុខស្ថានទូតអាមេរិក មុនពេលដាក់ញត្តិថា ពួកគេ៨២គ្រួសារ មានជម្លោះដីធ្លីជិត១០ឆ្នាំហើយ ជាមួយក្រុមហ៊ុន KDC របស់លោកស្រីជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ស្ត្រីរូបនោះបន្តថា ជម្លោះអូសបន្លាយនេះ ធ្វើឲ្យអ្នកភូមិជាម្ចាស់ដី១០នាក់ ត្រូវក្រុមហ៊ុនចាប់ដាក់ពន្ធនាគារ ដោយសារចេញមុខការពារដីរបស់ខ្លួន។អ្នកស្រី អ៊ុំ សុភី បន្ថែមថា ការណ៍នេះបញ្ជាក់ច្បាស់ថា ពលរដ្ឋក្រីក្រជាម្ចាស់ដីកំពុងរងនូវការរំលោភសិទ្ធិមនុស្ស ដែលនាំឲ្យមានចលនាហែក្បួន ដាក់ញត្តិនៅស្ថានទូតប្រទេសមហាអំណាច ដែលគោរពលទ្ធិប្រជាធិបតេយ្យមួយនេះ។តំណាងអ្នកតតវ៉ានៅបឹងកក់ អ្នកស្រីទេព វន្នី ប្រកាសមុខស្ថានទូតថា នៅដើមឆ្នាំ២០១៤ ព្រឹទ្ធសភាអាមេរិក ធ្លាប់ជំរុញទៅធនាគារពិភពលោក ឲ្យតាមឃ្លាំមើលពីការផ្តល់សំណងរបស់រដ្ឋាភិបាល ដល់ប្រជាពលរដ្ឋនៅតំបន់បឹងកក់ ឲ្យបានសមរម្យ ទាំងអ្នកមិនព្រមចាកចេញ និងទាំងអ្នកដែលបានបណ្តេញចេញ មុននឹងធនាគារនេះបន្តផ្តល់ជំនួយ ដល់រាជរដ្ឋាភិបាលកម្ពុជា។ស្ត្រីរូបនោះបន្តថា មកដល់ពេលនេះ ធនាគារខ្នាតអន្តរជាតិមួយនេះ មិនទាន់បានបំពេញកាតព្វកិច្ចនេះទេ។ ដូចនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ត្រូវពិនិត្យករណីនេះឡើងវិញ ដើម្បីធានាថា ជំនួយនានាពីប្រទេសលោកខាងលិច មិនជំរុញឲ្យមានព្រឹត្តិការណ៍បណ្តេញចេញទាំងបង្ខំ។ក្រោយពីមានការប្រមូលផ្តុំប្រមាណ៥នាទី ស្ត្រីជាតំណាងអ្នកតវ៉ាពីររូប ត្រូវស្ថានទូតអនុញ្ញាតឲ្យចូលដាក់ញត្តិ។ ក្រោយពីដាក់ញត្តិ ស្ត្រីទាំងនោះប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក រីករាយ នឹងសហការជាមួយអ្នកភូមិរងគ្រោះ ដែលមកស្វែងរកកិច្ចអន្តរាគមន៍នេះ។អ្នកភូមិបឹងកក់ឲ្យដឹងដែរថា ពួកគេ៤០គ្រួសារ កំពុងប្រឈមនឹងការបណ្តេញចេញ ដោយមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដី តាមកិច្ចអន្តរាគមន៍របស់រដ្ឋាភិបាល។ ហើយថា ប្រជាពលរដ្ឋជាង៣០០០គ្រួសារទៀត ដែលបានបណ្តេញចេញរួចហើយ កំពុងទារសំណងបន្ថែមពីសាលារាជធានីភ្នំពេញ ដើម្បីរស់នៅបានសមរម្យ។តាមញត្តិអ្នកភូមិឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ស្តីពីកញ្ចប់ថវិកាឲ្យ ធនាគារពិភពលោក តម្រូវឲ្យនាយកប្រតិបត្តិតំណាងសហរដ្ឋអាមេរិកប្រចាំធនាគារនេះ ធ្វើរបាយការណ៍៤៥ថ្ងៃម្តង ទៅរដ្ឋាភិបាលអាមេរិក ពីដំណើរការនៃការដោះស្រាយដីធ្លី នៅតំបន់បឹងកក់ ទាំងអ្នកកំពុងរស់នៅ ទាំងអ្នកដែលបានបណ្តេញចេញ។ញត្តិដដែលបញ្ជាក់ថា មកដល់ពេលនេះ រយៈពេលនៃការកំណត់៩ខែ របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ ជិតដល់ពេលកំណត់ហើយ ចំណែកភាគីពាក់ព័ន្ធ ពុំទាន់បានបំពេញកិច្ចការនេះនៅឡើយ។យ៉ាងនេះក្តីទាំងរដ្ឋសភាកម្ពុជា ទាំងសាលារាជធានាភ្នំពេញ បានសន្យាថា នឹងពន្លឿនរកដំណោះស្រាយករណីជម្លោះដីធ្លីនេះ បន្ទាប់ពីអ្នកមានជម្លោះដីធ្លីបង្កើនកម្ដៅ ដើរហែក្បួនតាមដងផ្លូវស្ទើររាល់ថ្ងៃ ស្វែងរកដំណោះស្រាយ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៤ ។