• ក្រុម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​បាតុកម្ម​តវ៉ា​មុខ​ផ្សារ AEON

    • Issue Date 04-Sep-2014

    ​ក្រុម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​ជិត​១០០​នាក់ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រមូលផ្ដុំ​បាតុកម្ម​តវ៉ា​ដោយមាន​លើក​បដា នៅមុខ​ផ្សារ AEON តាម​ដងផ្លូវ​សុធារស ដើម្បី​ប្រឆាំង​មិន​ចូលក្នុង​សមាគម​ដែល​ទើប​បង្កើត​ថ្មី​ដោយ​អះអាងថា​មិន មានលទ្ធភាព​បង់ប្រាក់​ចូល​សមាគម ។​​តំណាង​ក្រុមអ្នកតវ៉ា​លោក វ៉ាត ភិ​រុណ ប្រាប់​VOD​នៅ​ព្រឹក​នេះ​ថា ក្រុម​អ្នករត់​រ៉ឺម៉ក​ម៉ូតូ​របស់គាត់​មាន​គ្នា​១១៥​នាក់​ធ្វើ​ការតវ៉ា ដោយសារ​ពួកគាត់​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​មក​រត់​រ៉ឺម៉ក​មុខ​ផ្សារ​នេះ​ទេ ប្រសិនបើ​មិន​ចូល​សមាគម​។ លោក​ឲ្យ​ដឹង​ទៀតថា ក្រុម​របស់លោក​មិន​ចង់​ចូលក្នុង​សមាគម​រួបរួម​ដើម្បី​អភិវឌ្ឍ​ដើម្បី កម្ពុជា ព្រោះ​លក្ខខណ្ឌ​ក្នុងការ​ចូលរួម​គឺ​តម្រូវ​ឲ្យ​បង់ប្រាក់​៣៥០​ដុល្លារ និង​ពាក់​ឯកសណ្ឋាន​របស់​ស​មា​គម ។​​លោក វ៉ាត ភិ​រុណ បន្តថា ពួកគាត់​រកចំណូលបាន​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​តែ ប៉ុណ្ណោះ ដូច្នេះ​មិនមាន​លទ្ធភាព​បង់ប្រាក់​ដើម្បី​ចូល​សមាគម​ទេ ហើយ​ម្យ៉ាងវិញទៀត បើ​ចូល​សមាគម​គឺ​តម្រូវ​ឲ្យ​មានការ​ដាក់​វេន​គ្នា​ក្នុង​ការដឹក​ភ្ញៀវ ដូច្នេះ ពួកគាត់​បារម្ភ​ថា​ចំណូល​នឹងមាន​ការធ្លាក់ចុះ ។​​ក្រោយ​ការចរចា រវាង​តំណាង​ពីរ​នាក់​របស់​ក្រុមអ្នកតវ៉ា​ជាមួយ​ភាគី​ផ្សារ​AEON នា​ម៉ោង​ប្រមាណ​១១​កន្លះ ក្រុមអ្នកតវ៉ា​សម្រេច​ផ្អាក​ការតវ៉ា​ជា​បណ្ដោះអាសន្ន​សិន​ដើម្បី​ពិគ្រោះគ្នា ដោយ​ខាង​ផ្សារ​បាន​ប្រាប់ថា វា​ជាគោលការណ៍​របស់​ផ្សារ​ក្នុងការ​ចងក្រង​ជា​សមាគម​ដើម្បី​ចៀសវាង ភាពអនាធិបតេយ្យ ហើយ​ខាង​ផ្សារ​នឹង​ពិភាក្សា​បន្តទៀតថា​តើ​ត្រូវ​ឲ្យ​ពួកគាត់​បង្កើតជា សមាគម​ថ្មី ឬ​ចូល​ជាមួយ​សមាគម​ដែល​បាន​បង្កើត​រួចហើយ​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ ២០១៤ ។