-
សមត្ថកិច្ច បំបែកអ្នកតវ៉ានៅជិតស្ថានទូតចិន ដែលទាមទារឲ្យបញ្ឈប់សាងសង់ទំនប់វារីអគ្គិសនីអារ៉ែង
- Issue Date 15-Sep-2014
សមត្ថកិច្ចជាង ១០០នាក់ នៅព្រឹកថ្ងៃសៅរ៍នេះ បំបែកក្រុមប្រជាពលរដ្ឋ និងព្រះសង្ឃដែលឈរតវ៉ានៅជិតស្ថានទូតចិន ឲ្យបញ្ឈប់ការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់ឆាយអារ៉ែង ខេត្តកោះកុង ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិនSinohydro។នៅព្រឹកថ្ងៃសៅរ៍នេះ ប្រជាពលរដ្ឋនិង ព្រះសង្ឃប្រមាណ៥០អង្គនាក់ គ្រោងប្រមូលផ្តុំនៅមុខស្ថានទូតចិនស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងរាជធានីភ្នំពេញ រៀបចំការតវ៉ាអត់អាហារ និង ចង្ហាន់ ប្រឆាំងចំពោះការសាងសង់ទំនប់វារីអគ្គិសនីឆាយអារ៉ែងក្នុងខេត្ត កោះកុង។ ប៉ុន្តែសមត្ថកិច្ចប្រមាណជាង១០០នាក់ បានរារាំងព្រះសង្ឃ និងប្រជាពលរដ្ឋមិនឲ្យចូលទៅជិតស្ថានទូចចិនទេ ក្រោយមកបន្ទាប់ពីមានការជជែកគ្នាមួយសន្ទុះ បាតុករក៏បានរំសាយវិញ។ព្រះសង្ឃដែលចូលរួមការតវ៉ានេះ ព្រះតេជគុណ សុំ សុវណ្ណនី ចាត់ទុកការបំបែកនេះថា ជាការបំបិទសេរីភាពនៃការប្រមូលផ្តុំបញ្ចេញមតិ ដែលឈានទៅរបបផ្តាច់ការ។ ទោះជាយ៉ាងណា ការបំបែកនេះ មិនមានការប៉ះទង្គិចហិង្សារវាងសមត្ថកិច្ច និងអ្នកតវ៉ាឡើយ។ព្រះតេជគុណ សុំ សុវណ្ណនី មានថេរដីកាថា ការតវ៉ានេះ ទាមទារឲ្យស្ថានទូតចិនបញ្ឈប់សកម្មភាពសាងសង់ទំនប់វារីអគ្គីសនីអា រ៉ែង សំណូមពររក្សាស្ទឹងអារ៉ែងឲ្យនៅប្រក្រតីវិញ និងសុំឲ្យប្រជាពលរដ្ឋមានសិទ្ធជ្រកកោននៅតំបន់នោះ។ ព្រះតេជគុណ មានថេរដីកា បន្តថា តំបន់អារ៉ែងជាកន្លែងសំបូរធនធានធម្មជាតិ មច្ឆជាតិ និងសត្វចម្រុះជាង៣០ប្រភេទ ដូចនេះរដ្ឋាភិបាលត្រូវអភិរក្សតំបន់នោះ ដើម្បីប្រយោជន៍ជាតិ មិនត្រូវបំផ្លាញក្នុងបំណងបំរើប្រយោជន៍បុគ្គលឡើយ។កន្លងទៅ ប្រជាសហគមន៍អារ៉ែងចលនាមាតាធម្មជាតិ បណ្តាញព្រះសង្ឃឯករាជ្យ សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា និងយុវជនខ្មែរមហានគរ ធ្លាប់ប្រកាសជំហរប្តេជ្ញារួមគ្នាទប់ស្កាត់ការសាងសង់ទំនប់វា រីអគ្គិសនីអារ៉ែង។ ពួកគេលើកឡើងថាព្រៃឈើរបស់ប្រទេសកម្ពុជាត្រូវបានបំផ្លាញស្ទើរ គ្មានសល់ និងមានផលប៉ះពាល់ដោយប្រយោលជាច្រើនរួមទាំងធនធានធម្មជាតិ និងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ។អារ៉ែងជាតំបន់ដែលនៅសេសសល់ធនធានធម្មជាតិ និងសត្វកម្រយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាព្រៃឈើដ៏សំខាន់ចុងក្រោយដែរ។ ប្រសិនបើគម្រោងនេះត្រូវបានអនុម័តមែន ព្រៃឈើ ព្រៃអារក្ស ដីស្រែចម្ការ និងផ្ទះសម្បែងចំនួន២ម៉ឺនហិកតា នឹងត្រូវបានបំផ្លាញ៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១៤។