• តុលាការ​ខេត្ត​កំពង់ឆ្នាំង​សម្រេច​ឲ្យ​អ្នកកាសែត​៥​នាក់​រួច​ពី​បទ​ចោទ​កំហែង​យក​

    • Issue Date 17-Sep-2014

    ​ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង ប្រកាស​សាលក្រម​សម្រេច​ឲ្យ​អ្នកកាសែត​ចំនួន ៥​នាក់​រួចខ្លួន​ពី​បទ​ចោទ​កំហែង​យក នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា​។ មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ និង​អ្នកកាសែត​ដែល​ត្រូវ​តុលាការ​ចោទ​នោះ បាន​សាទរ​ចំពោះ​សាលក្រម ហើយ​ពុំ​មាន​គម្រោង​ប្ដឹង​សាទុក្ខ​ជុំវិញ​ករណី​នេះ​ឡើយ​។​​ចៅក្រម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង លោក សុទ្ធ សំ​អោក ប្រកាស​សាលក្រម​នៅ​ចំពោះមុខ​ភ្នាក់ងារ​កាសែត​ដើមអម្ពិល​ម្នាក់ និង​កំបាំងមុខ​អ្នកយក​ព័ត៌មាន​ចំនួន ៤​នាក់​ផ្សេង​ទៀត​។​​សាលក្រម បាន​លើក​សំអាង​ហេតុថា ចម្លើយ​ដែល​ផ្ដល់​ដោយ​សាក្សី​ដាក់បន្ទុក​ចំនួន ៣​នាក់ គឺ​ពុំ​មាន​ភាពច្បាស់លាស់ ស្ថិតនៅ​ក្នុង​វិមតិសង្ស័យ ដែល​មិន​អាច​ដាក់ឲ្យ​ជនជាប់ចោ​ទទាំង ៥​នាក់ ឲ្យទទួល​ខុស​ត្រូវលើ​បទ​ល្មើស​ព្រហ្មទណ្ឌ​បាន​ឡើយ​។ ភាគី​ជនរងគ្រោះ ឬ​សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​អ្នកកាសែត គឺ​មាន​ទី​១​ឈ្មោះ ទិ​ត្យ ស្រឿ ទី​២​ឈ្មោះ អោ ម៉ៅ និង​ទី​៣​ឈ្មោះ ពៅ ម៉ុន​។​​អតីត​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ឆ្នាំង បាន​តាំងខ្លួន​ជា​ដើមបណ្ដឹង​ក្នុង​សំណុំរឿង​នេះ ដោយ​ដាក់​ឲ្យ​អ្នកដឹកឈើ ឬ​ជន​រងគ្រោះ​ធ្វើ​ជា​សាក្សី​វិញ​។ លោក ពេញ វិបុល ដែល​កាលណោះ​នៅ​ជា​ព្រះរាជអាជ្ញា បាន​ចោទ​អ្នកកាសែត​ចំនួន ៦​នាក់ ជុំវិញ​រឿង​កំហែង​យកប្រាក់​ចំនួន ៦០០​ដុល្លារ​ពី​អ្នក​បរ​រទេះក្របី​ដឹកឈើ ប្រព្រឹត្ត​នៅ​ភូមិ​តា​នៃ ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១០​។ បច្ចុប្បន្ន​នៅ​ក្នុង​ចំណោម​អ្នកកាសែត​ទាំង ៦​នាក់​នោះ មាន​ម្នាក់​ឈ្មោះ ជា ខេន បាន​ស្លាប់​ដោយសារ​ជំងឺ​ក្រោយពី​ទទួលបាន​ដីកា​កោះហៅ​ទៅ​ចូលរួម​ជំនុំ ជម្រះ​រឿងក្ដី​ពី​តុលាការ​។​​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោ​ទទាំ​ង ៥​នាក់ លោក ឈឹម​ច័ន្ទ សត្យា​ន​ន្ទ ថ្លែង​សាទរ​ចំពោះ​សេចក្ដីសម្រេច​របស់​ចៅក្រម​នាពេលនេះ ដោយ​លោក​មាន​ជំនឿ​ថា កូនក្ដី​របស់​លោក​នឹង​ត្រូវ​រួចផុត​ពី​ការចោទប្រកាន់ តាំង​ពី​សវនាការ​សួរដេញដោល​មកម្ល៉េះ ពីព្រោះ​គ្រប់​ភស្តុតាង​ដាក់បន្ទុក​លើ​កូនក្ដី​របស់​លោក គឺ​មាន​ភាពស្រពេចស្រពិល​ទាំងអស់​៖ «​ថ្ងៃនេះ​សាលាដំបូង​ខេត្ត កំពង់ឆ្នាំង បាន​ផ្ដល់​នូវ​ភាពយុត្តិធម៌​ជូន​កូនក្ដី​របស់​ខ្ញុំបាទ​ទាំង ៦​នាក់​។ អ៊ីចឹង​ការចោទប្រកាន់​កន្លងមក មិនមែន​ជា​ការពិត​ទេ ដូច​លោក​ចៅក្រម​ជំនុំជម្រះ​គាត់​បាន​អាន​ខ្លឹមសារ នៃ​សាលក្រម​អំបាញ់មិញ​អ៊ីចឹង ភស្តុតាង​ទាំងឡាយ​ដែល​ដាក់បន្ទុក គឺ​ស្ថិតនៅលើ​វិមតិ​សង្ស័យ ហើយ​ចំណុច​វិមតិសង្ស័យ​នេះ ដូច​ខ្ញុំ​បាន​លើកឡើង​រួចមកហើយ តាំង​ពី​សវនាការ​ដេញ​ដោ​ល​»​។​​ភ្នាក់ងារ​កាសែត​ដើមអម្ពិល លោក ចាន់ ធី ថ្លែង​កោតសរសើរ​ចំពោះ​តុលាការ ក្នុង​ការផ្ដល់​យុត្តិធម៌​ដល់​ខ្លួន និង​ករណី​មួយ​ចំនួន​ទៀត បន្ទាប់​ពី​មាន​ការផ្លាស់ប្ដូរ​ចៅក្រម ឬ​ព្រះរាជអាជ្ញា​អាណត្តិ​ថ្មី​នេះ​។ លោក​ពុំ​មាន​គម្រោង​ប្ដឹង​សាទុក្ខ​លើ​ករណី​នេះ​ឡើយ ប៉ុន្តែ​លោក​ថា​នៅតែ​បន្តសកម្មភាព​យក​ព័ត៌មាន​ដូចដើម ត្បិត​លោក​ចាត់​ទុក​ការចោទប្រកាន់​កន្លងមក​នេះ គឺជា​ការគំរាមកំហែង​ដល់​រូបលោក និង​អ្នកកាសែត​ដទៃទៀត​៖ «​ក្នុង​រឿង ក្ដី​នោះ គឺ​ថា​ពួក​ខ្ញុំ​អត់​បាន​មនោសញ្ចេតនា​ជាមួយ​ជនរងគ្រោះ​ទេ គឺ​ប្រមាញ់​ព័ត៌មាន​យកមក​ចុះផ្សាយ​តែម្ដង ហើយ​ធ្វើឲ្យប៉ះពាល់​ដល់​មន្ត្រី​នៅក្នុង​តុលាការ ជាពិសេស​លោក​អតីត​ព្រះរាជអាជ្ញា ពេញ វិបុល ពីមុន​មក​ហ្នឹង​ឃើញថា គាត់​មាន​ការ​ខឹងសម្បា​ប្ដឹង​មក​លើ​ពួកយើងខ្ញុំ​តែម្ដង​»​។​​អ្នកយក​ព័ត៌មាន​ទាំង ៥​នាក់ គឺជា​ភ្នាក់ងារ​សារព័ត៌មាន​ចំនួន ៥​ស្ថាប័ន គឺ​មាន​កាសែត​ដើមអម្ពិល ទូរទស្សន៍​អប្សរា កាសែត​នគរវត្ត កាសែត​ប្រជាធិបតេយ្យ និង​កាសែត​ថ្ងៃនេះ​។ អ្នក​ទាំង ៥​នាក់ អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ពី​ពីរ​ឆ្នាំ ដល់​ប្រាំ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន​រៀល ទៅ ១០​លាន​រៀល ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ដូច​ការ​ចោទ​តាម​មាត្រា​៣៦៣ នៃ​ក្រម​ព្រហ្មទណ្ឌ​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៤។