-
តំណាងកម្មករសហជីពស៊ីខាវឌូ២នាក់នៅព្រៃវែងត្រូវបានអាជ្ញាធរស្រុកកំចាយមារចាប់ខ្លួន
- Issue Date 17-Sep-2014
យ៉ាងហោចណាស់តំណាងកម្មករមកពីសហជីពស៊ីខាវឌូ២នាក់ ដែលដឹកនាំការតវ៉ានៅរោងចក្រមួយនៅស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវបានចាប់ខ្លួនខណៈពួកគាត់បន្តដឹកនាំការតវ៉ាជាថ្មីម្ដងទៀតនៅ ថ្ងៃនេះ។មន្ត្រីសហជីពស៊ីខាវឌូទាំងពីរនាក់នោះ គឺម្នាក់ឈ្មោះ សុត សៀង និងម្នាក់ទៀតឈ្មោះ ឃុន សុខុម ជាមន្ត្រីជំនួយផ្នែកច្បាប់នៃសហជីពស៊ីខោវឌូ។មន្ត្រីសហជីពស៊ីខោវឌូ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន លោក សុត សៀង ប្រាប់VODនៅព្រឹក ថ្ងៃពុធនេះថា នៅប្រមាណជាម៉ោងជាង៦ព្រឹក លោកនិងមន្ត្រីសហជីពស៊ីខោវឌូម្នាក់ទៀត បានចុះទៅជួបកម្មករតាមការស្នើសុំរបស់កម្មករដើម្បីពិភាក្សា និងជួយដោះស្រាយក្នុងការទាមទាររបស់កម្មករ ខណៈនោះអាជ្ញាធរក៏បានចាប់ខ្លួនលោកយកមកសាលាស្រុក។ លោកយល់ថាការចាប់ខ្លួនរបស់លោក គឺអាចពាក់ព័ន្ធនឹងការធ្វើបាតុកម្មរបស់កម្មករ នៅរោងចក្រត្រេឌីងកំចាយមារ។លោក សុត សៀង បន្ថែមថាក្រោយពីការចាប់ខ្លួន អាជ្ញាធរបានសាកសួរលោកពាក់ព័ន្ធនឹងការធ្វើបាតុកម្មកន្លងមករបស់កម្មករ។ខណៈពេលនោះកម្មករប្រហែលជា៤០០ ទៅ៥០០នាក់ បានបិទផ្លូវជាតិលេខ៨ ដែលជាកំណាត់ផ្លូវខាងមុខសាលាស្រុកកំចាយមារ ដើម្បីទាមទារឲ្យដោះលែងតំណាងរបស់ខ្លួនពីររូបនេះ។អធិការស្រុកលោក សៀវ សុខុម បដិសេធថាវាមិនមែនជាការចាប់ខ្លួនតំណាងមកពីសហជីពស៊ីខាវឌូនោះទេ។ លោកថាគ្រាន់តែជាការនាំខ្លួនមកសាកសួរតែប៉ុណ្ណោះ។VOD មិនអាចទាក់ទងមន្ទីរក្រសួងការងារខេត្តព្រៃវែង ពាក់ព័ន្ធនឹងបញ្ហានេះបាននៅឡើយទេនៅព្រឹកថ្ងៃពុធនេះ។ប្រធានសហជីពស៊ីខាវឌូ លោក អាត់ ធន់ មានប្រសាសន៍ថា ការចាប់ខ្លួនមន្ត្រីរបស់ខ្លួនគឺជាការរំលោភសិទ្ធិមនុស្ស ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។កម្មករជាង២០០០នាក់ នៅរោងចក្រត្រេឌីងកំចាយមារ ក្នុងខេត្តព្រៃវេង បានធ្វើកូដកម្មតាំងពីថ្ងៃទី១២ ខែកញ្ញា ទាមទារលក្ខខណ្ឌការងារចំនួន២៥ចំណុច ប៉ុន្តែរហូតមកទល់ពេលនេះ លទ្ធផលទាំងនោះមិនទាន់ទទួលបានតាមការទាមទាររបស់កម្មករនៅឡើយទេ៕ដងស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។