• តំណាង​អ្នក​ឡ​ពាង​ប្ដឹង​តំណាងរាស្ត្រ​បក្ស​ប្រជាជន​ថា​ចេញ​មូលប្បទានប័ត្រ​មិន​អាច​បើក​លុយ​

    • Issue Date 17-Sep-2014

    ​ជម្លោះ​ដី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ក្លាយទៅជា​មាន​បណ្ដឹង​ពី​តំណាង​អ្នក​ភូមិ​ឡ​ពាង ប្ដឹងទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ អ្នកស្រី ឡោក ខេង តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​សមាជិក​គណៈកម្មកា​រ​ទី​១​នៃ​រដ្ឋសភា ថា​បាន​ផ្តល់​មូលប្បទានប័ត្រ (Check) មិន​អាច​បើក​យកប្រាក់ ដើម្បី​ឲ្យ​តំណាង​តវ៉ា​ក្នុងភូមិ​ឡ​ពាង ឈប់​ទាមទារ​ដី​ពី​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី (KDC)​។​​ចំណែក​តំណាងរាស្ត្រ អ្នកស្រី ឡោក ខេង បំភ្លឺថា មូលប្បទានប័ត្រ ២​ម៉ឺន​ដុល្លារ​នេះ គឺ​ផ្តល់​ឲ្យ​ដើម្បី​ទិញ​រឿង​ជម្លោះ​ដី​បោះចោល​បញ្ចប់​ជម្លោះ​។​​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤ កោះហៅ លោក រាជ សី​ម៉ា ជា​ដើមបណ្ដឹង និង​ជា​តំណាង​អ្នក​ភូមិ​ឡ​ពាង ទៅ​សាកសួរ បន្ទាប់ពី​បុរស​រូប​នោះ ប្ដឹង​ចោទ អ្នកស្រី ឡោក ខេង តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ពី​បទ​ចេញ​មូលប្បទានប័ត្រ​មិនអាច​បើក​លុយ​បាន​។​​ក្រោយ​ពី​បំភ្លឺ​នៅ​តុលាការ លោក រាជ សីមា អាយុ ៣៤​ឆ្នាំ តំណាង​អ្នក​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ឲ្យដឹងថា គាត់​បាន​ប្រាប់​ទៅ​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ថា​មូលប្បទានប័ត្រ​ដែល​អ្នក​ស្រី ឡោក ខេង ផ្ដល់​ឲ្យ​គាត់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៤ មាន​ស្នាម​លុប និង​ដាក់ថា លោក រាជ សីមា ជា​អ្នក​ខ្ចីលុយ ចំនួន ១​ម៉ឺន​ដុល្លារ​ទៅវិញ​។ ក៏ប៉ុន្តែ​ការចរចា​រវាង​អ្នកស្រី ឡោក ខេង តំណាង​ឲ្យ​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី គឺ​ឲ្យ​លុយគាត់ ២​ម៉ឺន​ដុល្លារ ព្រោះ​ក្រុមហ៊ុន​មិន​អាច​ទិញ​ដី​ទំហំ ៤.០០០​ម៉ែត្រការ៉េ និង​សង់ផ្ទះ ៥ គុណ ៦​ម៉ែត្រ បញ្ចប់​ការប្ដឹង​ទាមទារ​ដី​ពី​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី ទេ​។​​លោក រាជ សីមា បន្តថា ក្នុង​មូលប្បទានប័ត្រ​ដែល​អ្នក​ស្រី ឡោក ខេង ផ្តល់​ឲ្យ​គាត់​មាន ២​សន្លឹក គឺ​មួយ​សន្លឹក​របស់​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី មាន​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ និង​មួយ​សន្លឹក​ទៀត​ជា​របស់​អ្នកស្រី ឡោក ខេង មាន​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​។ ក្នុង​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​របស់​អ្នកស្រី ឡោក ខេង មាន​ស្នាម​គូស​លុប​មិន​អាច​បើក​ពី​ធនាគារពាណិជ្ជ​ទីមួយ​បាន​។​​លោក​បន្តថា ប្រាក់​គាត់​បាន​ទទួល​បាន​ជាក់​ស្តែង​ពី​អ្នកស្រី ឡោក ខេង ចំនួន ៣.០០០​ដុល្លារ ក្នុងពេល​ចរចា​៖ «​សែ​ក មួយ​គេ​ដាក់ឈ្មោះថា ជា ខេង និង​សែក​មួយទៀត​ដាក់ឈ្មោះថា ឡោក ខេង​។ ២​សន្លឹក​នេះ​ស្រាប់តែ​ខ្ញុំ​ទៅ​បើក សែក​របស់ ឡោក ខេង បែរ​ជា​អត់​បាន​ប្រាក់ ហើយ​នៅក្នុង​ហ្នឹង ករណី​ដោះ (​ដោះដូរ​) នៅ ភូមិ​ឡ​ពាង ខ្ញុំ​ចាត់ទុកថា ជា​ករណី​ដែល​បោក​ខ្ញុំ អ៊ីចឹង​ហើយ​បានជា​ខ្ញុំ​ប្ដឹង​អំពី​លោកជំទាវ ឡោក ខេង ពី​បទ​ឆបោក និង​ចេញ​សែក​ស្អុយ​ឲ្យ​ខ្ញុំ​»​។​​ឆ្លើយតប​នឹង​ការប្តឹង​នោះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ឡោក ខេង សមាជិកា​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា (​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​) ថ្លែង ថា អ្នកស្រី​ទៅ​បញ្ឈប់​ធនាគារពាណិជ្ជ​ទី​មួយ​មិន​ឲ្យ​បើកប្រាក់​ឲ្យ មូលប្បទានប័ត្រ ដែល​គាត់​បាន​ចេញ​ឲ្យឈ្មោះ រាជ សីមា នោះទេ​។​​នៅពេល​ផ្ដល់​សំណួរ​ថា ហេតុ​អ្វី​អ្នកស្រី​ជា​សមាជិក​រដ្ឋសភា​ម្ដេចក៏​ធ្វើការ​ជំនួស​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី ? អ្នកស្រី​ឆ្លើយថា មក​ពី​គាត់​ជំពាក់​គុណ​អ្នកស្រី ជា ខេង តំណាង​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី ទើប​អ្នកស្រី​ផ្ដល់​លុយ​ទៅ​លោក រាជ សីមា​។ គាត់​ធ្វើ​នេះ ដើម្បី​ទិញ​រឿង​ជម្លោះ​ដី​បោះចោល បញ្ចប់​ជម្លោះ​។ អ្នកស្រី​បន្ត​ថា ក្រោយពី​បាន​មូលប្បទានប័ត្រ លោក រាជ សីមា មិន​ព្រម​គោរព​តាម​ការសន្យា បញ្ឈប់​ការតវ៉ា​ទេ បែរ​ជា​ចូលរួម​សកម្មភាព​ជា​មួយ​អ្នកភូមិ ទើប​អ្នកស្រី​ប្រាប់​ទៅ​ធនាគារពាណិជ្ជ​ទីមួយ មិន​ឲ្យ​បើក​ប្រាក់តាម​មូលប្បទានប័ត្រ​នោះ​។​​អ្នកស្រី ឡោក ខេង​៖ «​គឺ​ថា​យើង​២​នាក់​សហការ​គ្នា ជួយ​ប្រជាពលរដ្ឋ​នៅ​ឡ​ពាង គាត់​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ ខ្ញុំ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​។ ហើយ​ខ្ញុំ​បាន​ស៊ីញ៉េ​សែក​ឲ្យ​គាត់​ថា បើ​ឯង​អត់​ទុកចិត្ត​ខ្ញុំ ខ្ញុំ​ស៊ីញ៉េ​សែក​ឲ្យ តែ​ខ្ញុំ​ដាក់​ថ្ងៃ​២១ ខែ​៨ ឲ្យ​ឯង​ទៅ​បើក​ចុះ ហើយ​ខ្ញុំ​ដាក់​ក្នុង​សែក​ហ្នឹង គឺ​ខ្ញុំ​ឲ្យ​ខ្ចី​។ មូលហេតុ​អី​ខ្ញុំ​ដាក់​ថា​ខ្ញុំ​ឲ្យ​ខ្ចី​? មក​ពី​ខ្ញុំ​ជា ម្ចាស់​លុយ ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​រឿង​ដីធ្លី​ទេ ក៏ប៉ុន្តែ​ជា​មនោសញ្ចេតនា​របស់ខ្ញុំ​ជាមួយ​គាត់ ខ្ញុំ​ដាក់​ឲ្យ​ខ្ចី ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​»​។​​មន្ត្រី​សមាគម​អាដហុក (ADHOC) លោក ឡាត់ គី ឲ្យដឹងថា ជា​អ្នកអនុម័ត​ច្បាប់​ក្នុង​រដ្ឋសភា តែ​បាន​រំលោភ​ច្បាប់​ដោយ​ផ្ដល់​មូលប្បទានប័ត្រ​មាន​ស្នាម​លុប គ្មាន​ទឹកប្រាក់ ទៅ​ជនណាម្នាក់​ដែល​មិន​ចេះ​ដឹង​ច្បាប់ អ្នកផ្ដល់​មូលប្បទានប័ត្រ​នោះ បាន​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ ដែល​តុលាការ​អាច​ចោទ​ពី​បទឧក្រិដ្ឋ ហើយ​ដាក់ទោស​ជន​នោះ អាច​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ទៀត​ផង​។​​ទោះជា​យ៉ាងណា អ្នកស្រី ឡោក ខេង ឲ្យដឹងថា គាត់​ជួប​លោក រាជ សីមា រាល់ពេល ហើយ​គាត់​ដឹងថា លោក រាជ សីមា ប្ដឹង​គាត់ ប៉ុន្តែ​តុលាការ​មិន​ទាន់​កោះហៅ​គាត់​ទៅ​សាកសួរ​ទេ​។ អ្នកស្រី​បន្ត​ថា ប្រាក់​នឹង​ប្រគល់ឲ្យ​លោក រាជ សីមា គ្រប់​ចំនួន ដរាបណា​អ្នកទទួល​លុយ​គោរព​តាម​ការសន្យា​ពេល​ចរចា គឺ​បញ្ឈប់​ប្ដឹង​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី ទាមទារ​ដី​៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៤។