-
អ្នកភូមិនៅមណ្ឌលគិរីបន្តធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនសម្បទាន
- Issue Date 18-Sep-2014
សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ធ្វើបាតុកម្មតវ៉ាបន្តទៀតនៅមុខសាលាស្រុកពេជ្រាដា ដោយសារតែអាជ្ញាធរមិនព្រមធ្វើលិខិតកំណត់ពេលវេលាជាក់លាក់ ដោះស្រាយលក្ខខណ្ឌទាមទាររបស់ប្រជាពលរដ្ឋ។សំឡេងប្រកែកតវ៉ារវាងក្រុមបាតុករនិងមន្ត្រីអាជ្ញាធរកើតមានជា ថ្មីទៀតនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ខណៈដែលអ្នកភូមិជិត ៣០០នាក់ បានលើកគ្នាមកធ្វើបាតុកម្មនៅមុខបរិវេណសាលាស្រុកពេជ្រាដា៖ «ទាមទារ សិទ្ធិសម្រាប់ដើរហើរៗៗៗៗ។ ទាមទារសិទ្ធិដើរហើរ អ្នកណាចាប់បងប្អូន។ ផ្លូវយើងឲ្យលប់ដើម្បីឲ្យប្រជាជនធ្វើដំណើរបាន។ អាហ្នឹងហើយយើងចង់បានមិនមែនចង់បានសន្យាបបូរមាត់ សន្យាលាយលក្ខណ៍អក្សរ។ ធ្វើភ្លាមៗបានអត់? អាហ្នឹងទាល់តែធ្វើមានក្រដាសស្នាមចរចាទាំងអស់គ្នា»។ចាប់ពីម៉ោងប្រមាណ៩ រហូតដល់ម៉ោងជិត ៣រសៀល មិនមានដំណោះស្រាយណាមួយរវាងអ្នកតវ៉ា និងមន្ត្រីអាជ្ញាធរស្រុកបានឯកភាពនោះទេ។ ក្រុមអ្នកតវ៉ាទាមទារឲ្យអាជ្ញាធរស្រុកធ្វើលិខិតសន្យាជាក់លាក់ពី ការដោះស្រាយការទាមទាររបស់ពលរដ្ឋ។ចំណែកអភិបាលស្រុកបានប្រកែកថា ការទាមទារមួយចំនួនអាជ្ញាធរស្រុកបានដោះស្រាយរួចហើយ ចំណែកការទាមទារឲ្យដកគ្រឿងចក្រក្រុមហ៊ុនសម្បទាន និងដីសម្បទានសង្គមកិច្ចមិនមែនជាសមត្ថកិច្ចរបស់អាជ្ញាធរស្រុក ក៏ប៉ុន្តែអាជ្ញាធរស្រុកនឹងរាយការណ៍ការតវ៉ានេះទៅអាជ្ញាធរខេត្ត ដោះស្រាយបន្ត៖ «ខ្ញុំបានជម្រាបជូនបងប្អូនហើយ ក្រុមហ៊ុន អិល.ខេ.អិល បានសិទ្ធិសម្បទានពីរាជរដ្ឋាភិបាល អ៊ីចឹងវាហួសសមត្ថភាពខ្ញុំ។ ខ្ញុំបានជម្រាបជូនបងប្អូនថា ខ្ញុំនឹងគោរព រាយការណ៍ជូនឯកឧត្ដមអភិបាលខេត្ត»។កម្លាំងនគរបាលនិងអាវុធហត្ថប្រមាណជិត ៣០នាក់ បានដាក់ពង្រាយឃ្លាំមើលសុវត្ថិភាពនៅកន្លែងតវ៉ា ក៏ប៉ុន្តែមិនមានបាតុភាពអហិង្សាអ្វីកើតឡើងក្នុងការប៉ះទង្គិច ពាក្យសម្ដីក្នុងបាតុកម្មតវ៉ានោះទេ។ ក្រុមបាតុករបដិសេធមិនចាត់តំណាងចូលជួបពិភាក្សាក្នុងការិយាល័យ អភិបាលស្រុកតាមការស្នើសុំរបស់មន្ត្រីស្រុកនោះឡើយ។ ពួកគេបានក្រាលផ្ទាំងសំពត់កៅស៊ូអង្គុយខ្ទប់ខ្លោងទ្វារចូលសាលា ស្រុកដើម្បីធ្វើការតវ៉ា។អ្នកតវ៉ាមួយរូប គឺលោក ឃុត ចាន់រ៉ា រៀបរាប់ថា អ្នកភូមិលែងជឿលើការសន្យាផ្ទាល់មាត់របស់មន្ត្រីស្រុកទៀតហើយ ពីព្រោះពាក្យប្ដឹង និងការតវ៉ាច្រើនករណីមិនឃើញអាជ្ញាធរដោះស្រាយជូនប្រជាពលរដ្ឋ៖ «ឥឡូវ ចង់ឲ្យគាត់ធានា គាត់មិនព្រមធានាផង គាត់ថាដោះស្រាយៗ ដល់ពេលអ៊ីចឹងគាត់មិនដោះស្រាយ។ របាយការណ៍ស្អីគាត់កប់នៅស្រុកទាំងអស់ អត់មានដល់ថ្នាក់លើផង»។កាលពីថ្ងៃទី១៥ ខែកញ្ញា សហគមន៍ជនជាតិដើមភាគតិចព្នង ៧ភូមិ នៅឃុំប៊ូស្រា លើកគ្នាធ្វើបាតុកម្មនៅមុខសាលាឃុំ ទាមទារឲ្យអាជ្ញាធរដោះស្រាយការរំលោភសិទ្ធិដីធ្លី ព្រៃឈើ ធនធានធម្មជាតិ ការប្រើប្រាស់កងសន្តិសុខក្រុមហ៊ុនប្រដាប់អាវុធបាញ់គំរាមកំហែង ពលរដ្ឋ និងជីកប្រឡាយបិទផ្លូវធ្វើដំណើរពលរដ្ឋចូលព្រៃរកអនុផលព្រៃឈើ រួមទាំងទាមទារឲ្យរាជរដ្ឋាភិបាលដកគ្រឿងចក្រ និងបញ្ឈប់អាជ្ញាប័ណ្ណក្រុមហ៊ុនបង្កផលប៉ះពាល់ប្រជាពលរដ្ឋជាដើម។រហូតមកទល់នឹងម៉ោងជាងបីរសៀលថ្ងៃដដែល អភិបាលរងខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង បានចុះដោះស្រាយផ្ទាល់ជាមួយក្រុមអ្នកតវ៉ាលើការទាមទារ ១២ចំណុច ក្នុងនោះចំណុចទាក់ទិនសមត្ថកិច្ចរបស់អាជ្ញាធរខេត្តលោកបានសន្យា ដោះស្រាយជូនប្រជាពលរដ្ឋ។ ចំណែកការទាមទារទាក់ទិនសមត្ថកិច្ចរបស់ថ្នាក់ជាតិ លោកបញ្ជាក់ថា នឹងរាយការណ៍ទៅថ្នាក់ជាតិដោះស្រាយបន្ត។លោក ស្វាយ សំអៀង៖ «សំដែងការសោកស្ដាយដែលក្រុមហ៊ុនមួយចំនួនប្រើ អំពើហិង្សាលើពលរដ្ឋ។ ជាគោលការណ៍យើងអត់ឲ្យក្រុមហ៊ុនណាទៅប៉ះពាល់ប្រជាពលរដ្ឋ ទោះបីគាត់ដើររកអ្វីនៅក្នុងក្រុមហ៊ុនគាត់មួយត្រូវអនុគ្រោះ»។យ៉ាងនេះក្តី មកទល់នឹងម៉ោងជាង ៥រសៀល ក្រុមអ្នកតវ៉ាខ្លះទទូរសំពត់កៅស៊ូក្រោមដំណក់ទឹកភ្លៀង បន្តបញ្ជាក់ហេតុផលពីការរំលោភសិទ្ធិជនជាតិដើមភាគតិចជូនមន្ត្រី អាជ្ញាធរដោះស្រាយ។រហូតម៉ោងជិត ៦យប់ ក្រុមអ្នកតវ៉ាបានរំសាយទៅលំនៅឋានវិញ ដោយមិនមានដំណោះស្រាយអ្វីឲ្យអ្នកភូមិទទួលយកបាន។ តាមការគ្រោងទុកអ្នកភូមិនឹងធ្វើបាតុកម្មបិទផ្លូវតំបន់ទេសចរណ៍ ទឹកជ្រោះប៊ូស្រា ប្រសិនការតវ៉ាមិនមានលទ្ធផល៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។