• ក្រុម​សហជីព​កម្មករ​គ្រោង​ដាក់​ញត្តិ​តាម​បណ្ដា​ស្ថានទូត​និង​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ខោអាវ​

    • Issue Date 19-Sep-2014

    ​សហជីព និង​សមាគម​តំណាង​កម្មករ ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ មាន​គម្រោង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ចូលរួម​ដាក់​ការគាបសង្កត់​ជួយ​ទាមទារ​ឡើង​ប្រាក់ខែ​ឲ្យ​កម្មករ​។​​ក្រុម​សហជីព មានជំនឿថា ការចូលរួម​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ មាន​ប្រសិទ្ធភាព​អាច​ជួយ​កម្មករ​បាន​។ ការត្រៀម​ធ្វើ​សកម្មភាព​បន្ត​នេះ កើត​មាន​ក្រោយ​ពី​សហជីព និង​សមាគម​ទាំង ១៩ បាន​ប្រកាស​បើក​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ ១៧៧​ដុល្លារ កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា កន្លងទៅ​។​​ក្រុម​សហជីព និង​សមាគម​ទាំង ១៩ ដែល​ទាមទារ​ឡើង​ប្រាក់ខែ​គោល​កម្មករ​ចំនួន ១៧៧​ដុល្លារ មាន​គម្រោង​ដាក់​ញត្តិ​តាម​បណ្ដា​ស្ថានទូត និង​ការិយាល័យ​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ខោអាវ​បរទេស​ប្រចាំ​នៅ​កម្ពុជា​។​​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ និង​ជា​អ្នករៀបចំ​មួយរូប​ក្នុង​សកម្មភាព​ទាមទារ មានប្រសាសន៍​នៅ​ថ្ងៃទី​១៨ កញ្ញា ឲ្យដឹងថា សកម្មភាព​បន្ត​ក្រោយ​ប្រកាស​ធ្វើ​យុទ្ធនាការ គឺ​ការជំរុញឲ្យ​ចេញ​ជា​លទ្ធផល​ដូច​ការទាមទារ​៖ «​ទី​១ មាន​ការដាក់​ញត្តិ​ទៅកាន់​ការិយាល័យ Branch ដែល​នៅ​ស្រុក​ខ្មែរ រួម​ទាំង​ស្ថានទូត​មួយចំនួន​ដែល​មាន​វិនិយោគិន​មកពី​ប្រទេស​គាត់ មក​រកស៊ី​ស្រុក​ខ្មែរ ហើយ​នាំ​ទំនិញ​ពី​ខ្មែរ​ទៅ​កាន់​ប្រទេស​គាត់​នោះ​។ ទី​២ រៀបចំ​ក្រុម​ការងារ​ទាំងអស់ គ្រោង​ចុះ​ទៅ​តាម​តំបន់​ខេត្ត​មួយចំនួន ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​សហជីព ដូចជា​មាន​នៅ​ខេត្ត​ស្វាយរៀង កំពង់សោម កំពង់ឆ្នាំង និង​កំពង់ស្ពឺ​។ អា​នេះ​ជា​សកម្មភាព​យើង​ប្រុង​ធ្វើ​មុន​ភ្ជុំ​»​។​​លោក ប៉ាវ ស៊ីណា ឲ្យដឹង​បន្ថែម​ថា ការទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​មាន​កម្មករ​ប្រមាណ ២០​ម៉ឺន​នាក់​ចូលរួម​។ លោក​មានប្រសាសន៍ថា តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ ដែល​សហជីព និង​សមាគម​ទាំង​១៩ ទាមទារ​នេះ គឺជា​តួលេខ​គោល ហើយ​ថៅកែ​រោងចក្រ យល់ព្រម​ផ្តល់​ឲ្យ​កម្មក​រតែ ១១០​ដុល្លារ​ប៉ុណ្ណោះ និង​ក្រោយមក ក្រុម​សហជីព​យល់ព្រម​ទាមទារ​ត្រឹម ១៥០​ដុល្លារ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​ម្ចាស់​រោងចក្រ​មិន​យល់ព្រម​ទេ​។​​ទាក់ទង​ជាមួយ​សកម្មភាព​ចាប់ផ្តើម​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល ១៧៧​ដុល្លារ នេះ លោក ប៉ាវ ស៊ីណា ឲ្យដឹងថា អាជ្ញាធរ​បាន​រាយ​កម្លាំង​ប៉ូលិស​ឃ្លាំមើល និង​រារាំង​នៅ​ខេត្ត​មួយចំនួន​ដែរ ប៉ុន្តែ​គ្មាន​ការប៉ះទង្គិច​កើតឡើង​ទេ​។​​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ នេះ មាន​ក្រុម​សហជីព​មួយ​ចំនួន​មិន​ចូលរួម​ទេ​។​​លោក ជួន មុំ​ថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា (CCTU) មានប្រសាសន៍ថា ក្រុម​សហជីព​លោក​មិន​ចូលរួម​សកម្មភាព​ទាមទារ​នោះទេ ព្រោះ​តួលេខ ១៧៧​ដុល្លារ​នោះ សហជីព​តំណាង​កម្មករ​ដែល​ចូលរួម​ចរចា​កន្លងមក បាន​បោះបង់​ចោល​ហើយ និង​ព្រមព្រៀងគ្នា​ទាមទារ​តែ ១៥០​ដុល្លារ​ប៉ុណ្ណោះ​។ ដូច្នេះ ការប្រើ​តួលេខ​ទាមទារ​មិន​ត្រឹមត្រូវ​នេះហើយ ដែល​ក្រុម​លោក​យល់ថា មិន​គោរព​ពាក្យសន្យា​ព្រមព្រៀង​គ្នា​កន្លងមក​៖ «​បានន័យថា អា​នេះ​ប្រជាភិថុតិ មិនមែន​ការពិត យើង​យក​តួលេខ​នេះ​ទៅ​កុហក​គេ​»​។​​ចំពោះ​ការទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ​នេះ លោក ជាតិ ខេមរា មន្ត្រីជាន់ខ្ពស់​សមាគម​និយោជក​រោងចក្រ​កាត់ដេរ ហៅ​កាត់​ថា ជី​ម៉ាក់ (GMAC) មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៧ ថា ជំហរ​របស់​និយោជក គឺ​គោរព​ទៅ​តាម​ការសម្រេច​របស់​ក្រុមប្រឹក្សា​ការងារ​ត្រីភាគី ដែល​មាន​តំណាង​សហជីព តំណាង​រដ្ឋាភិបាល និង​តំណាង​និយោជក ចូលរួម​ប្រជុំ​ជាមួយគ្នា ហើយ​អនុម័ត​សម្រេច​ជាមួយ​គ្នា​៖ «​ហើយ​ឥឡូវ គាត់​ធ្វើ​សកម្មភាព​ក្នុង​គោលដៅ​មួយ មុន​ការពិភាក្សា​ទាក់ទង​ប្រាក់​ឈ្នួល​អប្បបរមា​។ តែ​ចំពោះ​យើង យន្តការ​អី​ក៏ដោយ ទោះបី​មាន​ការជជែក​អី​ក៏ដោយ ក៏​យើង​នៅតែ​ដើរ​តាម​យន្តការ​មួយ​ហៅថា ថ្នាក់​ជាតិ​ក្រុមប្រឹក្សា​ការងារ គឺមាន​តែ​យន្តការ​ក្រុមប្រឹក្សា​ការងារ​នេះ​ទេ ដែល​មាន​សិទ្ធិ​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​»​។​​ក្រុមប្រឹក្សា​ការងារ​ត្រីភាគី មាន​គម្រោង​កោះ​ប្រជុំ​ពិភាក្សា​លើ​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ខាងមុខ​។​​កាលពីដើម​ខែ​មករា ឆ្នាំ​២០១៤ សហជីព​កម្មករ បានធ្វើ​សកម្មភាព​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៦០​ដុល្លារ​ម្តង​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ​។ មិនតែប៉ុណ្ណោះ ត្រូវ​ទទួលរង​ការបង្ក្រាប​យ៉ាងខ្លាំង​ពី​សំណាក់​អាជ្ញាធរ​ទៀតផង​។ ចុងក្រោយ មាន​ការសម្រេច​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា ឲ្យ​កម្មករ​ត្រឹម​ចំនួន ១០០​ដុល្លារ​ប៉ុណ្ណោះ​៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។