• តុលាការ​ភ្នំពេញ​សម្រេច​ដាក់​លោក អាត់ ធន់ ឋិត​ក្រោម​ការត្រួតពិនិត្យ​បន្ថែមទៀត​

    • Issue Date 19-Sep-2014

    ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​មេដឹកនាំ​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឱ្យ​ឋិត​នៅក្រោម​ការត្រួតពិនិត្យរ​បស់​តុលាការ​បន្ថែមទៀត បន្ទាប់ពី​លោក​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ចំពោះមុខ​ចៅក្រម​នៃ​ស្ថាប័ន​នេះ នៅ​ព្រឹក​ថ្ងៃទី​១៨ កញ្ញា​។ ការ​ចូល​ខ្លួន​របស់ លោក អាត់ ធន់ គឺ​តាម​ដីកា​កោះហៅ​កាល​ថ្ងៃទី​២ កញ្ញា​។​​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​សម្រេច​ឱ្យ​នៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ៨​ចំណុច និង​ហាម​មិន​ឱ្យ​ជួបជុំ​បង្កើត​ក្រុម និង​ធ្វើ​សកម្មភាព​នៅ​កន្លែង​សាធារណៈ ដែលនាំឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​។​​លោក អាត់ ធន់ ថ្លែង​បន្ទាប់ពី​ការសាកសួរ​របស់​ចៅក្រម​ស៊ើបសួរ ជា សុខ​ហៀ​ង ថា សេចក្ដីសម្រេច ៨​ចំណុច​នេះ គឺជា​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ និង​សម្ពាធ​លើ​ការងារ​របស់​លោក​បន្ថែ​ម​ទៀត​៖ «​ដាក់​សម្ពាធមក​លើ​ខ្ញុំ បន្ថែមទៀត ដោយសារ​លើក​មុន​ហាម​ខ្ញុំ ៩​ចំណុច ឥឡូវ ៨​ចំណុច​ទៀត​។ អ៊ីចឹង ខ្ញុំ​គិតថា ជីវិត​ការងារ​យើង​ក្នុង​នាម​ជា​ប្រធាន​សហជីព យើង​ត្រូវ​បាន​ដីកា​ម្ដង​ហើយ​ម្ដងទៀត ហាម​សិទ្ធិ ហើយ​បើ​សិន​យើង​ធ្វើ​ត្រូវបាន​គេ​ចាប់​។ អ៊ីចឹង​បានន័យថា សិទ្ធិ​របស់​យើង​ត្រូវបាន​ដក ដោយសារ​អាជ្ញាធរ​រដ្ឋ​ដែល​រំលោភ​ទៅលើ​សិទ្ធិ​ថ្នាក់ដឹកនាំ​សហជីព ដែល​ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ដកសិទ្ធិ​ហ្នឹង​ទេ​»​។​​ក្នុង​ដីកា​សម្រេច​នៅ​ព្រឹក​ថ្ងៃទី​១៨ កញ្ញា ចៅក្រម​ស៊ើបសួរ ជា សុខ​ហៀ​ង សាលាដំបូង​រាជធានី​ភ្នំពេញ ដាក់ លោក អាត់ ធន់ ឱ្យ​នៅក្រោម​ការត្រួតពិនិត្យ ៨​ចំណុច ដូចជា មិន​ឱ្យ​ផ្លាស់ប្ដូរ​លំនៅឋាន ត្រូវ​ឆ្លើយតប​ការកោះហៅ​របស់​ចៅក្រម​ស៊ើបសួរ មិន​ត្រូវ​ជួប​បុគ្គល​មួយចំនួន បង្កើត​ជា​ក្រុម ធ្វើ​សកម្មភាព​នៅ​ទី​សាធារណៈ​នាំឱ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ មិន​ត្រូវ​ទៅ​កាន់​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង និង​មិន​ត្រូវ​ជួប​កម្មករ​រោងចក្រ​នៅ​ទីនោះ ចៀសវាង​ការកើតមាន​អំពើហិង្សា ឬ​ហេតុការណ៍​ផ្សេងៗ មិន​ត្រូវ​បង្ក​ឱ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ជុំវិញ​ទីធ្លា​សាលាដំបូង រាជធានី​ភ្នំពេញ មិន​ត្រូវ​យក​អាវុធ​តាម​ខ្លួន និង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹងទំពន់ មួយ​ខែម្ដង​។​​លោក​ចៅក្រម ជា សុខ​ហៀ​ង សំអាង​ហេតុថា ការសម្រេច​ដាក់​ជន​ត្រូវ​ចោទ អាត់ ធន់ ឱ្យ​ជាប់​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ គឺ​ដើម្បី​ធានា​ជន​ត្រូវ​ចោទ​មាន​វត្តមាន​ចំពោះមុខ​តុលាការ និង​ដើម្បី​ចៀសវាង​ការរាំងស្ទះ​ក្នុង​ដំណើរ​នៃ​នីតិវិធី​ស៊ើបសួរ​។​​លោក អាត់ ធន់ ថ្លែងថា លោក​មិន​ជំទាស់​នឹង​ដីកា​នេះ​ទេ ប៉ុន្តែ​អនុវត្ត​តែ​លើ​អ្វី​ដែល​អនុវត្ត​៖ «​យើង សូមបញ្ជាក់​ថា ចំពោះ​ដីកា​ហាម​មក​យើងៗ មិន​ជំទាស់​ទេ​។ បានន័យថា អ្វី​អនុវត្តបាន​យើង​អនុវត្ត អ្វី​អនុវត្ត​មិនបាន យើង​មិន​អនុវត្ត​។ ប៉ុន្តែ យើង​មិន​ជំទាស់​ទៅ​នឹង​ដីកា​ហ្នឹង​ទេ គ្រាន់តែ​នៅក្នុង​ច្បាប់ សិទ្ធិ​ឯកជន​របស់​សហជីព​យើង គឺមាន​។ អ៊ីចឹង ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ដក​ទេ​។ អ៊ីចឹង​នៅក្នុង​ហ្នឹង​ក៏​យើង​បាន​បញ្ជាក់​ដែរ ការងារ​សហជីព​មួយចំនួន បើសិនជា​ដកសិទ្ធិ​ទាំងអស់​អ៊ីចឹង តើ​យើង​ធ្វើការ​យ៉ាង​ម៉េច​បាន ហើយ​ចៅក្រម​អម្បាញ់មិញ ក៏​បាន​បញ្ជាក់​ដែរ​ថា គេ​ដក​តែ​សិទ្ធិ​មួយចំនួន ដែល​ជួបជុំគ្នា​នៅ​សាធារណៈ​។ ខ្ញុំ​បាន​សួរ ចុះ​ខ្ញុំ​ជួប​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​ក៏​ខ្ញុំ​ជួប​គ្នា​នៅ​កន្លែង​សាធារណៈ ប៉ុន្តែ​មាន​ការឯកភាព​ពី​អាជ្ញាធរ​យ៉ាងម៉េច​? តែ​គាត់​អត់​បាន​ឆ្លើយ​ប្រាប់​យើង​ឱ្យ​ច្បាស់​នៅ​កន្លែង​ហ្នឹង​ទេ​»​។​​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់ លោក អាត់ ធន់ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ការគំរាមកំហែង​ថា នឹង​ធ្វើឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤​។​​លោក អាត់ ធន់ បញ្ជាក់ថា ការចោទប្រកាន់​ទាំងនេះ ត្រូវ​បាន​ប្ដឹង​ដោយ​សមាគម​និយោជក និង​អាជ្ញាធរ​នគរបាល ៣​ខណ្ឌ​។ លោក​បដិសេធ​ទៅនឹង​ការចោទប្រកាន់​ទាំងនេះ​ថា លោក​មិន​បាន​បញ្ជា​គំរាមកំហែង ឬ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ បង្ក​ហិង្សា ឬ​វាយតប់​នរណា​នោះទេ​។ ទោះជា​យ៉ាងនេះ​ក្ដី លោក​ឱ្យដឹងថា លោក​នៅ​ជាប់​បណ្ដឹង​ជាច្រើន​ទៀត ទាក់ទង​ទៅនឹង​សកម្មភាព​សហជីព​របស់លោក​៕​ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។​