• កម្មករ​រោងចក្រ​ជិត​១​ពាន់​នាក់​ហែ​ក្បួន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​សុំ​អន្តរាគមន៍​

    • Issue Date 28-Sep-2014

    កម្មករ​រោងចក្រ​ដែល​ទើប​ប្តូរ​ឈ្មោះ​ថ្មី​ពី \"​ហ៊ុយ ចៀន​\"" ទៅជា \""​ចៀន ឡឹ​\"" ប្រមាណ​ជិត​១​ពាន់​នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដង្ហែ​ក្បួន​តវ៉ា និង​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ ដើម្បី​សុំ​អន្តរាគមន៍ បន្ទាប់ពី​ការតវ៉ា​កន្លងមក​មិនទាន់​ទទួលបាន​ដំណោះស្រាយ​។​​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា គោលបំណង​នៃ​ការដាក់​ញត្តិ និង​ប្រមូលផ្ដុំ​តវ៉ា​មុខក្រសួង​ការងារ​ព្រឹក​ន​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​ខាង​ក្រសួង​រក​ដំណោះស្រាយ​ឲ្យ​កម្មករ ព្រោះ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ចំណាត់ការ​ច្បាស់លាស់​ណាមួយ​នៅឡើយ​ទេ​។​​កម្មករ​រោងចក្រ​ហ៊ុយ ចៀន ដែល​ប្តូរ​ឈ្មោះ​ទៅជា ជៀន ឡឹ ស្ថិតក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ បានធ្វើ​បាតុកម្ម​តវ៉ា​ជាច្រើនលើក​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា មក ដើម្បី​ទាមទារ​លក្ខខណ្ឌ​ពីរ​ចំណុច គឺ​ទី​១​ឲ្យ​ទទួលយក​តំណាង​កម្មករ លោក ហេង ស៊ី​ហឿន ឲ្យ​ចូលធ្វើការ​វិញ និង​ទី​២​ទាមទារ​បើកប្រាក់​ឈ្នួល​អតីតភាព​ការងារ​ដល់​ពួកគេ ដោយសារ​រោងចក្រ​បាន​ប្ដូរ​ឈ្មោះ​ពី​រោងចក្រ ហ៊ុយ ចៀន ទៅជា​រោងចក្រ ចៀន ឡឹ​។​​លោក ហ្វា សាលី សំណូមពរ​ដល់​ក្រសួង​ការងារ​ឲ្យ​រៀបចំ​ការពិភាក្សាគ្នា​រវាង​កម្មករ និង​ភាគី​រោងចក្រ​ដើម្បី​រក​ដំណោះស្រាយ​សមរម្យ​ណាមួយ​ដល់ក​ម្មករ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​កម្មករ​ធ្វើបាតុកម្ម​ដ៏​រ៉ាំរ៉ៃ​នោះទេ​។​​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួ ធ្លាប់​មានប្រសាសន៍ប្រាប់​VOD​ថា កាលពី​ថ្ងៃទី​១៥​ខែកញ្ញា ក្រុមការងារ​របស់​ក្រសួង​ធ្លាប់បាន​ចុះ​ផ្ទាល់​ដល់ទី​តាំង​រោងចក្រ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​មិន​ទទួលបាន​លទ្ធផល​។​​លោក ហ្វា សាលី ឲ្យ​ដឹង​ដែរ​ថា កម្មករ​អាច​នឹង​បន្តទៅ​ធ្វើការ​តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ ចំពោះ​ការចេញ​ដីកា​ការពារ​ចុះ​ថ្ងៃទី​១៩ ខែកញ្ញា ឲ្យ​កម្មករ​ចូលធ្វើការ​វិញ​ក្នុង​រយៈពេល​៤៨​ម៉ោង ដែល​ភាគី​រោងចក្រ​បាន​បិទ​ផ្សាយ​។ លោក​ឲ្យ​ដឹង​ទៀតថា នៅ​ថ្ងៃស្អែក​នេះ កម្មករ​នឹងធ្វើ​ការ​ហែ​ញត្តិ​ដើម្បី​សុំ​ង​អន្តរាគមន៍​ពី​រដ្ឋសភា​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០១៤។"