• ពលរដ្ឋ​មានទំនាស់​ដីធ្លី​នៅ​កំពង់ស្ពឺ មក​ទាមទារ​រក​ដំណោះស្រាយ​ពី​ធនាគារ ANZ

    • Issue Date 30-Sep-2014

    ពលរដ្ឋ​ឃុំ​អម​លាំង ខេត្តកំពង់ស្ពឺ​ប្រមាណ​៣០០​នាក់ មានទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ​របស់លោក លី យ៉ុង​ផាត់ នៅ​ថ្ងៃ​អង្គារ​នេះ​ធ្វើដំណើរ​ឡើងមក​រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា​នៅ​ធនាគារ ANZ ឲ្យ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ដោយសារ​ធនាគារ​នេះ​ធ្លាប់​ផ្ដល់​ហិរញ្ញប្បទាន​ទៅ​ក្រុមហ៊ុន​។​​បណ្តាញ​សហគមន៍​កសាង​សន្តិភាព លោក លីវ សា​រ៉ុ​ម ឲ្យ VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែកញ្ញា​នេះ​ថា នៅ​ម៉ោង​បី​ទៀបភ្លឺ​ថ្ងៃនេះ ប្រជាពលរដ្ឋ​មាន​បញ្ហាដីធ្លី​នៅ​ឃុំ​អម​លាំង បាន​ដឹក​កូន​ជញ្ជូន​ចៅ​មក​ភ្នំពេញ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ដំណើរ​នៅ​ស្រុក​ថ្ពង​ត្រង់ចំណុច​រទេះ​ភ្លូក ដើម្បី​សួរនាំ​។លោក លីវ សា​រ៉ុ​ម បន្តថា​ក្រោយពី​ការសួរនាំ​យ៉ាងយូរ នៅ​ម៉ោងជាង​៨​ព្រឹក សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បន្ត​មក​រាជធានី ភ្នំពេញ​។​​គួររំឭកថា កាលពី​ពាក់កណ្ដាល​ខែសីហា​ឆ្នាំ​២០១៤​នេះ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​ឃុំ​អម​លាំង​ប្រមាណ​១០០​នាក់ បាន​ឡើងមក​តវ៉ា​នៅ​ធនាគារ ANZ ម្ដង​ហើយដោយ​ភាគី​ធនាគារ​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​៣​នាក់​ចូលជួប​ពិភាក្សា ក្នុង​ធនាគារ ប៉ុន្តែ​ការពិភាក្សា​នោះ​មិនបាន​ទទួលលទ្ធផល​អ្វី​នោះទេ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤។