• ពលរដ្ឋ​មាន​បញ្ហាដីធ្លី​ក្នុង​ខេត្តស្វាយរៀង​ហែ​ញត្តិ​ទៅ​សាលាខេត្ត​ទាមទារ​ការចេញ​ប្លង់​កម្មសិទ្ធិ​

    • Issue Date 02-Oct-2014

    ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ធ្វើ​ការហែក្បួន​ដាក់​ញត្តិ​ទៅកាន់​សាលាខេត្ត និង​កា​រិ​យារ​បស់​អ្នកតំណាងរាស្ត្រ​ខេត្តស្វាយរៀង ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​ជួយ​ជំរុញ​ឲ្យ​មាន​ការចេញ​ប្លង់​កម្មសិទ្ធិ ស្របច្បាប់​។​​មន្ត្រី​តស៊ូ​មតិ និង​ចងក្រង​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា​លោក ស៊ុម ម៉ា​ណែ​ត ដែល​ចូលរួម​ក្នុងការ​តវ៉ា​នេះ​មានប្រសាសន៍ប្រាប់​VOD​ថា ការដើរ​ហែ​ញាតិ​នៅ​ព្រឹក​នេះ ធ្វើឡើង​នៅ​ម៉ោង​ជិត​៩​ព្រឹក​នេះ ដោយ​ផ្តើម​ដើរ​ចេញពី​អង្គការ​លីកាដូ​ខេត្តស្វាយរៀង ទៅកាន់​សាលាខេត្ត​។ ក្នុងករណី​សាលាខេត្ត​មិន​ទទួល​ញាតិ ប្រជាពលរដ្ឋ​នឹង​បន្តធ្វើ​ការទាមទារ​នៅ​សាលាខេត្ត ប៉ុន្តែ​បើ​សាលាខេត្ត​ទទួល​ញា​ត្តិ ប្រជាពលរដ្ឋ​នឹង​បន្ត​ដាក់​ញាតិ​ទៅ​ការិយាល័យ​របស់​អ្នកតំណាងរាស្ត្រ​ខេត្ត ស្វាយរៀង​បន្តទៀត ដើម្បី​ព​ន្លឿ​ន​នូវ​ប្រសិទ្ធភាព​ដំណោះស្រាយ​។​​លោក ស៊ុម ម៉ា​ណែ​ត ឲ្យ​ដឹងថា​ថា កន្លងមក​អាជ្ញាធរខេត្ត​ស្វាយរៀង និង​ក្រុមហ៊ុន​ឯកជន​បាន​ជីក​ប្រឡាយ​មួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ ដោយ​មិន​ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ​ឡើយ ហើយ​ថែមទាំង​រំលោភ​យក​ដី​ពួកគាត់​ថែមទៀត​លើ​ទំហំ​ដី​ប្រមាណ​៣៩​ហិច​តា​។​​យោងតាម​ញត្តិ​ចុះ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៤ ធ្វើ​ដោយ​ក្រុម​ប្រជាពលរដ្ឋ ដើម្បី​ដាក់ជូន​អភិបាលខេត្ត​ស្វាយរៀង ឲ្យ​ដឹងថា ប្រជាកសិករ​ប្រមាណ​ជា​១៥០​គ្រួសារ ក្នុងភូមិ​ចេក ភូមិ​ពោន​កក និង​ភូមិ​សំរោង ក្នុង​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រុំ កំពុងមាន​បញ្ហាដីធ្លី​មួយកន្លែង​នៅជាប់​មាត់​ប្រឡាយ ដែល​ប្រជាពលរដ្ឋ​កាន់កាប់​តាំងពី​ឆ្នាំ​១៩៧៩​មក ដោយ​ដី​នោះ​ត្រូវបាន​អាជ្ញាធរ និង​ក្រុមហ៊ុន​មួយ​បាន​ឃុបឃិត​គ្នា​ដើម្បី​កាយ​ជា​ប្រឡាយ​តាំងពី​ឆ្នាំ​២០១១ ។​​ញត្តិ​ដដែល​នេះ​បន្តថា ការកាយ​ប្រឡាយ​នេះ​បាន​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ ហើយ​មិនមាន​ការផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ​ឡើយ ហើយ​លោក​មេឃុំ​ឈើទាល ក្នុងស្រុក​ស្វាយជ្រុំ មិនបាន​ជួយ​ដោះស្រាយ គឺ​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែលមាន​ផលប៉ះពាល់​ឡើយ​។​VOD​មិនទាន់​អាចទាក់ទង​មេឃុំ​ឈើទាល​ដើម្បី​សុំ​ការបំភ្លឺ​បាន​ភ្លាមៗ​នៅឡើយ​ទេ​។​​ញត្តិ​ដដែល​បន្ថែមទៀតថា ការមិន​វាស់ដី និង​មិន​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មិនមាន​ដីស្រែ​ចម្ការ​បង្កបង្កើនផល​ដំណាំ ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ទៅកាន់​រាជធានី ភ្នំពេញ ប្រទេស​ថៃ កូរ៉េ ចិន និង​ម៉ាឡេស៊ី​ជាដើម​។​​នៅ​ម៉ោង​ប្រមាណ​៩​និង​៣០​នាទី តំណាង​ប្រជាពលរដ្ឋ​៤​នាក់​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចូលទៅក្នុង​សាលាខេត្ត ដើម្បី​សួរនាំ តែ​មិនទាន់​ដឹងថា​បាន​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០២​ ខែតុលា ឆ្នាំ២០១៤។​