• ជនរងគ្រោះ​ដីធ្លី​កម្ពុជា​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​

    • Issue Date 07-Oct-2014

    មេធាវី​អន្តរជាតិ​តំណាង​ឲ្យ​ពលរដ្ឋ​កម្ពុជា​រងគ្រោះ​ដោយ​ការរំលោភ ដីធ្លី ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ឲ្យ​ស៊ើបអង្កេត​ករណី​អ្នកមានអំណាច​ក្នុងប្រទេស​នេះ បណ្ដេញ​ពលរដ្ឋ​ខ្លួន​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ ថា​ជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​​តាម​ប្រភពព័ត៌មាន​របស់ Channel NewsAsia ពី​ទី​ក្រុងឡាអេ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៧ ខែតុលា ជនរងគ្រោះ​ដោយសារ​ការ​រឹបអូស​ដីធ្លី បាន​អំពាវនាវ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ស៊ើបអង្កេត​ការបណ្ដេញ​ពួកគេ​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ​។​​មេធាវី​តំណាង​ឲ្យ​ជនរងគ្រោះ​ដែល​បានដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ICC លោក Richard Rogers បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ពលរដ្ឋ​កម្ពុជា​រាប់ពាន់នាក់ បាន​រង​នូវ​ផលប៉ះពាល់​ពី “​ការវាយប្រហារ​ជា​ប្រព័ន្ធ និង​យ៉ាង​ទូលំទូលាយ​ប្រឆាំងនឹង​ជន​ស៊ីវិល អនុលោម​តាម​គោលនយោបាយ​ជាតិ​” លោក​បាន​ថ្លែង​បែបនេះ ខណៈ​លោក​ដាក់​ពាក្យបណ្ដឹង​ទៅ ICC នៅ​ទី​ក្រុងឡាអេ​។ លោក​បន្តថា « មន្ត្រីជាន់ខ្ពស់​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល​បាន​រឹបអូស​ដីធ្លី​ដោយ ខុសច្បាប់ និង​បាន​ប្ដូរ​ទីតាំង​ដី​មានតម្លៃ​រាប់លាន​ហិកតា​ពី​ពលរដ្ឋ​កម្ពុជា ក្រីក្រ ដើម្បី​បើកផ្លូវ​ឲ្យ​សមាជិក​ក្នុង​បក្ស​ខ្លួន និង​ក្រុមហ៊ុន​វិនិយោគ​បរទេស​ធ្វើការ​អភិវឌ្ឍ​»​។​​ក្រុម​ប្រទេស​អ្នកផ្ដល់ជំនួយ​បាន​ប៉ាន់ប្រមាណ​ថា ពលរដ្ឋ​កម្ពុជា​ប្រមាណ ៧៧០ ០០០​នាក់ ឬ​ស្មើនឹង​៦ នៃ​ពលរដ្ឋ​សរុប​ត្រូវបាន​បណ្ដេញ​ចេញពី​លំនៅដ្ឋាន ចាប់តាំងពី​ឆ្នាំ​២០០០​មក ហើយ​នៅ​រយៈពេល​៣ ខែ​ដើមឆ្នាំ​២០១៤​នេះ មានការ​បណ្ដេញចេញ​២​ម៉ឺន​នាក់​បន្ថែមទៀត​។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថា យ៉ាងហោចណាស់​ផ្ទៃដី​៤​លាន​ហិកតា ស្មើនឹង​២២% នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា ត្រូវបាន​រឹបអូស​ដើម្បី​យកទៅ​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ ឬ​អំពៅ​៕​ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិបតេយ្យ ចេញផ្សាយថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤។