• ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ក្នុង​ខេត្តកោះកុង​ស្វែងរក​អន្តរាគមន៍​ជាថ្មី

    • Issue Date 09-Oct-2014

    ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២០០​នាក់​មកពី​៣​សហគមន៍ ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្វែងរក​អន្តរាគមន៍​ជាថ្មី​ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​របស់ខ្លួន​ដែល​បាន អូសបន្លាយ​រយៈពេល​៨​ឆ្នាំ​មកនេះ​។​​តំណាង​សហគមន៍​ជម្លោះដីធ្លី​នៅ​ឃុំ​ជីខ​លើ លោក តេ​ញ កៅ ប្រាប់ VOD ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សមាជិក​ទាំង​៣​សហគមន៍ បាន​ហែ​ញត្តិ​ទៅ​ដាក់​នៅ​សាលាឃុំ​ជីខ​លើ​ហើយ និង​គ្រោង​បន្ត​ហែ​ញត្តិ​ទៅ​សាលាស្រុក​ស្រែអំបិល ព្រមទាំង​ក្រុមហ៊ុន​ស្ករស​ឈ្មោះ KSI របស់លោក លី យ៉ុង​ផាត់ បន្តទៀត​។ លោក​ថា កា​រហែ​ញត្តិ​នេះ​គឺ​ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​ទាំងនេះ ជួយ​អន្តរាគមន៍​ផ្តល់​ដី​ឲ្យ​ពួកគេ​វិញ​។ លោក​ថា «​គោលបំណង​គឺ​ឲ្យ​ក្រុម ហ៊ុន​កោះកុង​ស្ករស​អ៊ី​ន​ដា​ស្ត្រ៊ី​ខូ​អិ​ល​ធី​ឌី លី​មី​ធី​ត ត្រូវ​កាត់​ដី​ឲ្យ​ពួក​ខ្ញុំ​ដើម្បី​មកប្រើប្រាស់​ដូចដើម​វិញ ទី​១​។ ទី​២ គោលបំណង​របស់​យើងខ្ញុំ ឲ្យ​ក្រុមហ៊ុន​ត្រូវ​សង​ដំណាំ​ដាំ​របស់​យើងខ្ញុំ​ទាំងអស់ ដែល​ខូចខាត​»​។​​លោក តេ​ញ កៅ ឲ្យ​ដឹង​ទៀតថា ការហែក្បួន​នេះ​ធ្វើឡើង​ដោយ​ការ​ជិះ​គោយន្ត ឬ​ម៉ូតូ​តាម​លទ្ធភាព​របស់​ប្រជាពលរដ្ឋ ដោយសារ​រយៈពេល​ខ្លី និង​ចម្ងាយ​ផ្លូវ​ឆ្ងាយ​។ លោក​ថា កា​រហែ​ញត្តិ​នៅ​ព្រឹក​នេះ មិនមាន​ការប៉ះទង្គិច ឬ​ការរារាំង​ណាមួយ​ពី​អាជ្ញាធរ​នោះទេ​។​​មេឃុំ​ជីខ​លើ លោក ឆាយ វុ​ធ មានប្រសាសន៍ថា លោក​បានទទួល​ញត្តិ ពី​ប្រជាពលរដ្ឋ​ទាំង​៣​សហគមន៍​ហើយ តែ​លោក​មិនមាន​តួនាទី​ក្នុងការ​ដោះស្រាយ​ករណីនេះ​ទេ ដោយ​លោក​បាន​បង្វែរ​ករណីនេះ​ទៅ​សាលាស្រុក​វិញ​។ លោក​បញ្ជាក់ថា «​ទាក់ទង ចៅហ្វាយស្រុក ព្រោះ​ខ្ញុំ​មិនមែន​តួនាទី​ស្រុក​ទេ​បង​។ អត់​អី​ទេ​បង គាត់​គ្រាន់តែ​ដាក់​ទៅតាម​នីតិវិធី យើង​ក៏​ទទួល​គាត់ គាត់​ក៏​ចេញទៅ​វិញ​បង អត់​មានអី​ផង​បង​»​។​VOD មិនទាន់​អាចទាក់ទង​អភិបាលរង​ស្រុកស្រែ​អំបិល លោក ម៉ាស វិជ្ជា និង​ក្រុមហ៊ុន​ស្ករស​ឈ្មោះ KSI បាន​នៅឡើយ​ទេ​ក្នុងករណីនេះ​។​​អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូរ ប្រចាំខេត្ត​កោះកុង ដែល​បាន​ចុះ​ឃ្លាំមើល​កា​រហែ​ញត្តិ​នេះ លោក ហ៊ួ​រ ហ៊ី​ន មានប្រសាសន៍ថា កា​រហែ​ញត្តិ​របស់​ប្រជាពលរដ្ឋ​នៅថ្ងៃនេះ គឺជា​ការតស៊ូ​ជាថ្មី​មួយទៀត បន្ទាប់ពី​ការតវ៉ា​ជា​បន្តបន្ទាប់ មិនមាន​ដំណោះស្រាយ​ជូន​ពួកគាត់​។ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ក៏​ដូច​ក្រុមហ៊ុន​ស្ករស KSI ព​ន្លឿ​ន​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ស្ថានភាព​លំបាក បន្ទាប់ពី​បាត់បង់​ដីធ្លី​របស់ខ្លួន​។ លោក​មានប្រសាសន៍ថា «​ចុងក្រោយ មានតែ​ការ​សំនូមពរ ដូចជា​អាជ្ញាធរ​ខាង​ក្រសួង​ដែល​ពាក់ព័ន្ធ សូមព​ន្លឿ​ន​ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី​ដែល​អូសបន្លាយ​រយៈពេល​៨ ឆ្នាំ​មកនេះ គួរ​មានការ​ដោះស្រាយ​ឲ្យ​ពួកគាត់​ទៅ​។ ពី​មុនពេល​ក្រុមហ៊ុន​មិនទាន់​មក ជីវភាព​របស់​ពួកគាត់​រស់នៅ​ល្អប្រសើរ​ណាស់ មិន​ដែលមាន​កង្វះខាត​ទេ​។ តាំងពី​ក្រុមហ៊ុន​ចូលមក ដែល​ធ្វើ​ឲ្យ​គាត់​បាត់បង់​ដីស្រែ​ទៅ ជីវភាព​របស់​ពួកគាត់​កាន់តែ​ក្រលំបាក ដូច​ជាករ​ព្រាត់ប្រាស​បងប្អូន ឬក៏​ប្តី​ត្រូវ​ចំណាកស្រុក​ទៅធ្វើ​ការ​កន្លែង​ផ្សេង ក្រៅពី​ដីស្រែ​ចម្ការ​»​។​​បើតាម​លោក តេ​ញ កៅ បញ្ជាក់ថា បញ្ហាដីធ្លី​រវាង​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ឈូក ភូមិ​ជីខ និង​ភូមិ​ត្រពាំង​កណ្ដោល ក្នុង​ឃុំ​ជីខ​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង កើតឡើង​ជាមួយ​ក្រុមហ៊ុន​ស្ករស KSI របស់លោក លី យ៉ុង​ផាត់ អូសបន្លាយ​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​២០០​គ្រួសារ លើ​ផ្ទៃដី​ទំហំ​១៣៦៥​ហិកតា​៕ដកស្រង់ចេញពី វិទ្យុសម្លេងប្រជាធិតេយ្យ ចេញផ្សាយថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។​