-
អ្នកកាសែតម្នាក់ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅខេត្តក្រចេះ
- Issue Date 13-Oct-2014
អ្នកយកព័ត៌មានឲ្យកាសែតក្នុងស្រុកមួយរូប ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់កាលពីយប់ថ្ងៃទី១១ ឈានចូល ១២ តុលា នៅភូមិទួលពន្លៃ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ការស្លាប់នេះបន្ទាប់ពីអ្នកកាសែតរូបនោះ និងមិត្តរួមការងារចុះទៅយកព័ត៌មានទាក់ទងការដឹកឈើប្រណីតឆ្លង កាត់ឃុំឃ្សឹម។ សមត្ថកិច្ចបញ្ជាក់ថា ករណីនេះពួកគាត់កំពុងធ្វើស៊ើបអង្កេតដោយដឹងមុខសញ្ញាខ្លះៗហើយ។អ្នកយកព័ត៌មានឲ្យកាសែត “ថ្ងៃនេះ” គឺលោក តាំង ទ្រី ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់ ហើយរត់គេចខ្លួនបាត់ក្នុងពេលលោកទៅយកព័ត៌មានទាក់ទងការដឹកឈើ ប្រណីតប្រភេទធ្នង់ នាងនួន ដែលបានដឹកពីខេត្តមណ្ឌលគិរី ឆ្លងកាត់ស្រុកស្នួល ឆ្ពោះមកកាន់ខេត្តកំពង់ចាម ប្រមាណជាង ២០រទេះគោ។អ្នកសារព័ត៌មានក្នុងស្រុកមួយដែលបានដឹងហេតុការណ៍នេះ សុំមិនឱ្យបញ្ចេញឈ្មោះ ឱ្យដឹងថា ក្រុមលោកប្រមាណ ៥ ទៅ ៦នាក់ បានចុះទៅយកព័ត៌មានទាក់ទងនឹងរឿងឈើប្រណីតនេះ ប៉ុន្តែនៅពេលត្រឡប់មកវិញនៅម៉ោងប្រមាណ ១២អធ្រាត្រ ថ្ងៃទី១១ ឈានចូលថ្ងៃទី១២ តុលា ស្រាប់តែរថយន្តរបស់លោក តាំង ទ្រី ជាប់ផុង ប៉ុន្តែពួកលោកមកមុនហួសទៅហើយ ក៏នាំគ្នាចូលសម្រាកអស់ទៅ ស្រាប់តែព្រឹកឡើងដឹងថា លោក តាំង ទ្រី បានស្លាប់។លោកយល់ថា ការស្លាប់នេះ គឺពាក់ព័ន្ធនឹងឈ្មួញឈើនោះហើយ ពីព្រោះនៅក្បែរកន្លែងកើតហេតុមានបន្សល់ទុករថយន្តម៉ាក ឡិចស៊ីស ៤៧០ (LUXES 470) ពណ៌ខ្មៅ ហើយកន្លងមកឈ្មួញឈើក៏ធ្លាប់បានគំរាមពួកលោកថែមទៀតផង៖ «កន្លង មកតែងតែមានដែរ ពាក់ព័ន្ធនឹងការគំរាមកំហែងប្រើពាក្យអសុរោះ ការប្រមាថជារៀងរហូត ប៉ុន្តែគ្រាន់តែមិនករណីដល់បាញ់ មានតែការប្រមាថថា ប្រយ័ត្នធ្វើអ៊ីចេះ ប្រយ័ត្នធ្វើអ៊ីចុះ។ បាទ! ហើយអ្នកដែលធ្វើហ្នឹងមានតែឈ្មោះល្បីៗ មានតែពីរបី ប៉ុន្មាននាក់ទេល្បីៗ ជើងខ្លាំង។ មានមួយទៀតឈ្មោះ ហៀង ធ្លាប់ជាប៉ូលិសនៅក្នុងទឹកដីស្រុកយើងនេះ ប៉ុន្តែមិនមែន ហ៊ាង អធិការស្រុកចិត្របូរី ទេ! ហៀង ផ្សេង ហើយមួយទៀតឈ្មោះ រស់ សុទ្ធតែអ្នកល្បីដែលចូលចិត្តប្រើកាំភ្លើងបាញ់បោះអ៊ីចឹង»។លោកបន្តថា បញ្ហានេះហើយបានធ្វើឱ្យលោកនិងអ្នកសារព័ត៌មានដទៃមានការបារម្ភ ចំពោះសុវត្ថិភាពរបស់ខ្លួន នៅពេលចុះយកព័ត៌មានទាក់ទងនឹងបទល្មើសឈើប្រណីតនោះ រួមនឹងករណីខុសច្បាប់ផ្សេងៗទៀត។ទាក់ទងបញ្ហានេះ ស្នងការរងខេត្តក្រចេះ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ លោក អ៊ុំ ភី មានប្រសាសន៍ថា ខាងសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះ ដោយលោកបញ្ជាក់ថា មានតម្រុយខ្លះៗ។ លោកមិនទាន់អាចសន្និដ្ឋានថាយ៉ាងណាទេ ប៉ុន្តែវាអាចពាក់ព័ន្ធនឹងឈើប្រណីតនោះហើយ៖ «អាហ្នឹងកុំអាល សន្និដ្ឋាន ព្រោះមិនដឹងយ៉ាងណាទេ គ្រាន់តែវាអាចមាន។ តែយើងមិនអាចសន្និដ្ឋានច្បាស់ថាវាអាចទាក់ទិនទេ។ ប៉ុន្តែមុខសញ្ញាគេកំណត់ គឺវាប្រកបមុខរបរហ្នឹងហើយ»។ចំណែកខាងចាងហ្វាងកាសែតថ្ងៃនេះ និងជាប្រធានសមាគមសារព័ត៌មានខ្មែរប្រជាធិបតេយ្យលោក សុខ សុវណ្ណ មានប្រសាសន៍ថា ខាងលោកបានឱ្យភ្នាក់ងារលោកចុះទៅស៊ើបអង្កេតជុំវិញបញ្ហានេះ។ លោកបន្តថា កន្លងមកអ្នកយកព័ត៌មានរបស់លោកនៅស្រុកស្នួល តែងត្រូវបានឈ្មួញឈើទាំងនោះគំរាមកំហែងជាច្រើនលើកច្រើនសា ប៉ុន្តែអាជ្ញាធរមិនដែលមានវិធានការចំពោះឈ្មួញទាំងនោះឡើយ។លោកបដិសេធចំពោះការលើកឡើងថា លោក តាំង ទ្រី អាចស្លាប់ដោយមានការចរចារឿងលុយនោះគឺជារឿងមិនត្រឹមត្រូវទេ៖ «ប៉ុន្តែខ្ញុំឆ្ងល់ដែរថា ការចាប់ហ្នឹងច្រើនតែចាប់លើអ្នកកាសែតពីបទកំហែងយកពីអ្នកមាន មុខរបររកស៊ីឈើខុសច្បាប់កន្លងមក យើងមិនដែលឃើញសមត្ថកិច្ចចាប់បានឈ្មួញឈើទេ។ អ៊ីចឹងយើងដាក់ការសន្និដ្ឋានថា ការឃាតកម្មលើហ្នឹង ខ្ញុំដូចជាមិនសង្ឃឹមថា សមត្ថកិច្ចរកឃើញជនដៃដល់ហ្នឹងពិតប្រាកដទេ។ ប៉ុន្តែយើងក៏គិតថា ការស៊ើបមួយជំហានដំបូងយើងដូចជាមានវិជ្ជមានជាច្រើន។ ដែលថា អត្តសញ្ញាណរបស់ជនប្រព្រឹត្តហ្នុងស្ថិតនៅចំណុចរបស់សមត្ថកិច្ច»។បើទោះបីជាលោកមិនសូវមានជំនឿចំពោះសមត្ថកិច្ចថា នឹងអាចរកជនប្រព្រឹត្តឃើញក៏ដោយ ប៉ុន្តែលោកក៏បានអំពាវនាវឱ្យសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ស្វែងរកជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤។