-
សមត្ថកិច្ចចាប់មនុស្ស១០នាក់ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល
- Issue Date 24-Oct-2014
សមត្ថកិច្ចឃាត់ខ្លួនសមាជិករណសិរ្សរំដោះជាតិខ្មែរ១០នាក់ ក្រោមបទចោទពីគម្រោងផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីអ្នកទាំង ១០នាក់នោះ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ទាមទារឲ្យគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។មន្រ្តីអង្គការសិទ្ធិមនុស្សរិះគន់ការឃាត់ខ្លួនបាតុករទាំង ១០នាក់នោះ ដោយចាត់ទុកថា ជាការរំលោភសិទ្ធិសេរីភាពផ្នែកបញ្ចេញមតិ។អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បញ្ជាក់នៅលើគេហទំព័រស្នងការរងនគរបាលជាតិថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ កាលពីយប់ថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែតុលា នៅទីក្រុងភ្នំពេញ ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។លោកបន្តថា ជនសង្ស័យទាំងនោះជាសមាជិករណសិរ្សរំដោះជាតិ ដែលភាគច្រើនជាកសិករ។ នៅក្នុងការឃាត់ខ្លួនជនសង្ស័យទាំងនោះ សមត្ថកិច្ចក៏អះអាងថា បានដកហូតវត្ថុតាងមួយចំនួន ហើយសមាជិកចលនារណសិរ្សរំដោះជាតិទាំង ១០នាក់នោះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងបំពេញសំណុំរឿងតាមនីតិវិធីដើម្បីបញ្ជូនទៅតុលាការ។មន្រ្តីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា សមត្ថកិច្ចរាជធានីភ្នំពេញ បានសហការនឹងអគ្គស្នងការរងនគរបាលជាតិ ឃាត់ខ្លួនជនសង្ស័យទាំង ១០នាក់នោះ៖ «សំឡេង»។សេចក្តីថ្លែងការណ៍របស់រណសិរ្សរំដោះជាតិខ្មែរចេញកាលពីថ្ងៃទី២៣ តុលា សម្ដែងក្តីបារម្ភពីសុវត្ថិភាពសមាជិករណសិរ្សទាំង ១០នាក់ ក្រោយពីការចាប់ខ្លួន។ សេចក្តីថ្លែងការណ៍បន្តថា អ្នកទាំង ១០នាក់នោះ មានគម្រោងធ្វើបាតុកម្មមុខស្ថានទូតវៀតណាម ទាមទារឲ្យប្រទេសនេះគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ រណសិរ្សនេះចាត់ទុកការចាប់ឃាត់ខ្លួននេះថា ជាអំពើរំលោភសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងរំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។រណសិរ្សនេះស្នើឲ្យអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលឲ្យដោះលែងមេដឹកនាំបាតុករឲ្យមានសេរីភាពឡើងវិញជាបន្ទាន់។លោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ ជាអ្នកដឹកនាំចលនាប្រឆាំងនឹងលោក ហ៊ុន សែន បច្ចុប្បន្នកំពុងស្នាក់នៅប្រទេសជិតខាងនៃកម្ពុជា ដើម្បីធ្វើយុទ្ធនាការទាមទារសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។កាលពីពេលថ្មីៗនេះ តុលាការរាជធានីភ្នំពេញ បានកាត់ទោសលោក សម សេរី ឲ្យជាប់ពន្ធនាការរយៈពេល ៩ឆ្នាំ ពីបទបង្កើតចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជា។លោក សម សេរី បដិសេធថា លោកមិនជាប់ពាក់ព័ន្ធនឹងការបង្កើតក្រុមប្រដាប់អាវុធដើម្បីផ្តួលរំលំរដ្ឋាភិបាលឡើយ។ លោកធ្លាប់អះអាងថា លោកតស៊ូមតិដោយអហិង្សាដើម្បីមានការផ្លាស់ប្តូរនៅកម្ពុជា។វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងលោក សម សេរី បាននៅឡើយទេ នៅថ្ងៃទី២៣ តុលា នេះ។ទោះបីជាយ៉ាងណាក៏ដោយ អគ្គស្នងការរងនគរបាលជាតិអះអាងថា ចលនារណសិរ្សរំដោះជាតិខ្មែរនេះ បង្កើតឡើងដោយក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការកសាងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ បញ្ជូនភ្នាក់ងារសម្ងាត់មកស៊ើបទីតាំងយោធាសំខាន់ៗ ហើយធ្វើសកម្មភាពបាចខិត្តប័ណ្ណប្រឆាំងប្រមុខរាជរដ្ឋាភិបាល និងហ្វឹកហាត់កម្លាំងភេវរកម្ម។ រូបភាពដែលបានដាក់នៅលើគេហទំព័រប៉ូលិសបង្ហាញពីរូបភាពរបស់លោក សម សេរី ស្លៀកពាក់ជាយោធា និងមានអាវុធ។ វិទ្យុអាស៊ីសេរី នៅមិនទាន់អាចបញ្ជាក់បានថា រូបភាពរបស់សមត្ថកិច្ចជារូបភាពពិតប្រាកដ ឬក៏ជារូបភាពឆ្នៃប្រឌិតនៅឡើយទេ។មន្រ្តីជាន់ខ្ពស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បញ្ជាក់ថា អង្គការរបស់លោកកំពុងតាមដានឃ្លាំមើលការចាប់ខ្លួនបាតុករទាំង ១០នាក់នោះ។ លោកបន្តថា សមត្ថកិច្ចត្រូវតែពិនិត្យឲ្យបានត្រឹមត្រូវរវាងសិទ្ធិមនុស្ស ការបញ្ចេញមតិ និងការចោទប្រកាន់ថា អ្នកទាំងនោះជាជនសង្ស័យផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៖ «សំឡេង»។កាលពីខែមីនា ឆ្នាំ២០១៣ សមត្ថកិច្ចនគរបាលជាតិកម្ពុជា សហការនឹងប៉ូលិសថៃ ចាប់ខ្លួនសមាជិករណសិរ្សរំដោះជាតិខ្មែរ ចំនួន ៤នាក់មកកម្ពុជា ដើម្បីផ្តន្ទាទោស។ បច្ចុប្បន្នលោក សម សេរី កំពុងភៀសខ្លួនពីការតាមចាប់របស់សមត្ថកិច្ចថៃ។ មកទល់ថ្ងៃទី២៣ តុលា លោក សម សេរី នៅមានសេរីភាពនៅឡើយទេ៕ដកស្រង់ចេញពី វិទ្យុអាស៊ីសេរី ចេញផ្សាយនៅទី២៣ ខែតុលា ឆា្នំ២០១៤