-
បក្សប្រឆាំងនឹងស្វែងរកអន្តរាគមន៍ពីក្រសួងមហាផ្ទៃ រឿងចាប់ខ្លួនសកម្មជនបក្ស
- Issue Date 26-Oct-2014
គណបក្សសង្គ្រោះជាតិ កំពុងចាត់វិធានការទៅតាមនីតិវិធីច្បាប់ និង កំពុងរៀបចំសរសេរលិខិតមួយផ្ញើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្វែងរកការអន្តរាគមន៍ដោះលែងសកម្មជនម្នាក់របស់ខ្លួនដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី២៤ តុលាកន្លងទៅ។ នេះបើតាមឲ្យដឹងឲ្យរបស់ លោកស្រី មួរ សុខហួរអគ្គនាយិកាទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃអាទិត្យទី២៦ តុលានេះ។គណបក្សសង្គ្រោះជាតិ នឹងស្វែងរកអន្តរាគមន៍តាមរយៈក្រសួងមហាផ្ទៃចំពោះរឿងដែលអាជ្ញាធរចាប់ខ្លួនសកម្មជនគណបក្សម្នាក់របស់ខ្លួន។លោកស្រី មួរ សុខហួរ អគ្គនាយិកាទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា នៅពេលនេះគណបក្សសង្គ្រោះជាតិកំពុងរៀបចំចាត់វិធានការតាមនីតិវិធីច្បាប់ ដើម្បីជួយដល់សកម្មជនបក្សដែលត្រូវបានចាប់ខ្លួននោះ។សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ តុលាកន្លងទៅ អាជ្ញាធរក្រុងភ្នំពេញបានឃាត់ខ្លួនសកម្មជនម្នាក់របស់គណបក្សសង្គ្រោះជាតិ គឺ អ៊ុក ពេជ្រសំណាង។ លោកជួន ណារិន ស្នងការក្រុងភ្នំពេញមិនបានបង្ហាញពីមូលហេតុនៃការចាប់ខ្លួននោះទេ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ធ្វើឡើងតាមដីការបស់តុលាការ។តាមរយៈដីកាបញ្ជាឲ្យចូលខ្លួនកាលពីថ្ងៃទី២៣ តុលា សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យលោកអ៊ុក ពេជ្រសំណាង ចូលបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី០៧ វិច្ឆិកា ។ បើតាមដីកាដដែល លោកអ៊ុក ពេជ្រសំណាង បានរងបណ្តឹងព្រហ្មទណ្ឌពីបទ អំពើហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោស ធ្វើឲ្យខូតខាតដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងអ្នករាជការសាធារណៈ។លោកជួន ណារិន ឲ្យដឹងថា នៅពេលនេះលោកអ៊ុក ពេជ្រសំណាងត្រូវបានយកទៅឃុំខ្លួនបណ្តោះអាសន្ននៅឯពន្ធនាគារព្រៃសរ រង់ចាំតុលាការបើកសវនាការ។ការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិនៅពេលនេះ មិនមែនជាលើកទីមួយនោះទេ។មិនមែនលើកទីមួយ ព្រោះថាកន្លងមក អាជ្ញាធររដ្ឋាភិបាលធ្លាប់បានចាប់ខ្លួនទាំងតំណាងរាស្ត្រ និង សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនផងដែរ ក្រោមបទចោទស្រដៀងគ្នានេះ។ប្រឈមនឹងបញ្ហានេះ លោកស្រីមួរ សុខហួរ បានឲ្យដឹងថា លោកស្រី និងតំណាងរាស្ត្រផ្សេងទៀតនឹងសរសេរលិខិតទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីអន្តរាគមន៍រឿងចាប់ខ្លួននេះ ក៏ដូចជារឿងចាប់ខ្លួនប្រជាពលរដ្ឋដទៃទៀត ដែលគ្រាន់តែបញ្ចេញមតិនោះ។ យ៉ាងណាក៏ដោយ ការសរសេរលិខិតទៅកាន់ក្រសួងមហាផ្ទៃនៅពេលណានោះ មិនទាន់ត្រូវបានលោកស្រីមូរ សុខហួរ បញ្ជាក់ឲ្យដឹងនៅឡើយទេ។លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្រសួងមហាផ្ទៃមិនអាចធ្វើការអន្តរាគមន៍អ្វីបាននោះទេ បើសិនជាការចាប់ខ្លួនបានធ្វើឡើងតាមដីកាតុលាការ។ លោកបញ្ជាក់បន្ថែមថា វាជាសិទ្ធិរបស់តុលាការក្នុងដោះលែង ឫត្រូវបន្តឃុំខ្លួននោះ៕ដកស្រង់ចេញពី វិទ្យុបារាំងអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី26-10-2014